១ថ្ងៃ គេង៦ម៉ោង បូកនឹងគន្លឹះរៀនច្បាស់ ទើបសិស្សបាក់ឌុបម្នាក់ បាននិទ្ទេស A ពិន្ទុជិត ១០០ពេញ

  • 2018-08-01 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​ដែល​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ ២០១៨​ កាន់​តែ​ខិត​ជិត​ចូល​ដល់​​ បេក្ខជន​ច្បាស់​ជា​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ចូលរួម​ប្រយុទ្ធ ក្នុង​ការ​បញ្ចេញ​សមត្ថភាព។

ក្រៅ​ពី​លទ្ធផល​មួយ​ជាប់ៗ សម្រាប់​សិស្ស​ខ្លះ ដែល​ស្រវាស្រទេញ ​រឿង​ជាប់​ហើយ ​បាន​និទ្ទេស​ល្អ ច្បាស់​ជា​ប្រឹង​ខ្លាំង​ រហូត​ភ្លេច​បាយ​ភ្លេច​ទឹក ឬ​ភ្លេច​គេង​ជាដើម។

មិន​ដូច្នោះ​ទេ ការ​រៀន​ដែល​ជោគជ័យ គឺ​តោង​ត្រូវ​មាន​គន្លឹះ​ច្បាស់ ដែល​សម​ស្រប​។ នេះ​ជា​សម្ដី​របស់ អតីត​សិស្ស​ស្រី​មួយ​រូប ​ដែល​បាន​ប្រលង​បាក់ឌុប​ កាល​ពី​ឆ្នាំ​២០១៧។ ជា​លទ្ធផល​គឺ​កញ្ញា​ទទួល​បាន​និទ្ទេស A ក្នុង​លំដាប់​ពិន្ទុ​​ខ្ពស់ ៩៩.៩០៦។

កញ្ញា ជ្រីវ សុគន្ធទេពី ជា​អតីត​សិស្ស​ប្រលង​សញ្ញាប័ត្រ​ បាក់ឌុប​ ឆ្នាំ​២០១៧ រៀន​នៅ​វិទ្យាល័យ​ជា ស៊ីម សន្ធរមុក នៅ​រាជធានី​ភ្នំពេញ។ បច្ចុប្បន្ន​ កញ្ញា​ជា​និស្សិត​ឆ្នាំទី១ ផ្នែក​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ភាសា​បរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

ក្នុង​កិច្ច​សម្ភាស​ជាមួយ Sabay ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់ បាក់​ឌុប​អនាគត​ខ្ញុំ រៀងរាល់ថ្ងៃចន្ទ ម៉ោង ១១ព្រឹក កន្លងទៅ កញ្ញា ជ្រីវ សុគន្ធទេពី បាន​ប្រាប់​ថា គន្លឹះ​រៀន និង​ការ​តាំង​ចិត្ត​ខ្ពស់ គឺ​ជា​ចំណុច​សំខាន់ មុន​កញ្ញា​ទទួល​លទ្ធផល​ដូច​ការ​រំពឹង​ទុកនាំ​​កិត្តិយស​ជូន​គ្រួសារ និង​សាលារៀន។

កញ្ញា ជ្រីវ សុគន្ធទេពី អតីត​សិស្ស​និទ្ទេស A ក្នុង​លំដាប់​ពិន្ទុ​​ខ្ពស់ ៩៩.៩០៦ បាន​រំលឹក​ប្រាប់​ពី​ផែនការ​ដែល​បាន​រៀបចំ​យ៉ាង​ច្បាស់​ នៅ​មុន​​កាល​ប្រលង​ ខិត​ចូល​មកដល់​ មិន​មែន ដល់​ពេល​កៀក​ប្រលង​ទើប​ប្រឹង​រៀន​នោះ​ទេ។​

១. ម៉ោង​គេង

នេះ​ជា​កត្តា​សំខាន់​ដែល​ចាំ​បាច់​ត្រូវ​កំណត់​មុន​គេ បើ​មិន​ចង់​ដល់​ថ្ងៃ​ប្រលង​ធំ ដេក​ឈឺ​ទាន់។ កញ្ញា ១ថ្ងៃ គេង​ចន្លោះ​ពី​ចំនួន ៦ម៉ោង ឬ​លើស​ពី​នេះ​តិចតួច គឺ​ចូល​គេង​នៅ​ពេល​យប់​ ភាគ​ច្រើន នៅ​ម៉ោង ១២ និង​ក្រោក​ពី​គេង​នៅ​ម៉ោង ៦ព្រឹក។

២. គន្លឹះ​រៀន​​សំខាន់ៗ

អតីត​សិស្ស A លំដាប់​ពិន្ទុ​ខ្ពស់​រូប​នេះ បាន​បញ្ជាក់​ថា កញ្ញា​បាន​រៀបចំ​ផែនការ​រៀន​ច្បាស់លាស់ មុន​ការ​ប្រលង​មក​ដល់។ កញ្ញា​ក៏​បាន​ព្យាយាម​សួរនាំ​សិស្ស​ច្បង​ ស្រាវជ្រាវ​លំហាត់​តាម​អ៊ីនធឺណិត និង​សួរ​លោកគ្រូ អ្នកគ្រូ ដែល​មាន​បទពិសោធន៍ នៅ​ពេល កញ្ញា​ទេពី មាន​សំណួរ ឬ​ចម្ងល់​នានា។

៣.ការ​រៀន​គួរ​ក្រៅ​បន្ថែម

និយាយ​ដល់​ចំណុច​នេះ អតីត​បេក្ខជន​បាក់ឌុប ជ័យ​លាភី​និទ្ទេស A ក្នុង​លំដាប់​ពិន្ទុ​​ខ្ពស់ ៩៩.៩០៦ សឹង​តែ​១០០% រូប​នេះ ប្រាប់​ថា ខ្លួន​បាន​​ចំណាយ​ពេល​រៀន​គួរ​តិច​បំផុត។

កញ្ញា រៀន​គួរ​ តែ​មុខវិជ្ជា​ណា ​ដែល​ឆ្ងល់ ឬ​មិនសូវ​ច្បាស់ ជាមួយ​គ្រូ​ទទួល​បង្រៀន​ក្នុង​ថ្នាក់​តែ​ម្ដង។

សល់​ពេល​ប៉ុន្មាន​ពី​រៀន​នៅ​ក្នុង​ថ្នាក់ គឺ​កញ្ញា ព្យាយាម​ជួបជុំ​មិត្តភក្តិ រៀន​ជា​ក្រុម ឬ​ជួយ​ណែនាំ​សិស្ស​នានា ដែល​បាន​សួរ ជា​ជាង​ចាយ​ពេល​ច្រើន​រៀន​គួរ ព្រោះ​មិន​សូវ​ជា​ល្អ​ទេ បើ​ល្គឹក​ណា យើង​មិន​បាន​អនុវត្ត​ឲ្យ​ច្រើន។

កញ្ញា​រំលឹក​ថា កាលនោះ មាន​សិស្ស​ជា​ច្រើន មក​ពី​ថ្នាក់​ផ្សេងៗ​​បាន​សួរ​នាំ​ពី​ការ​ធ្វើ​លំហាត់ និង​គន្លឹះ​ដោះស្រាយ ឬ​គណនា​លេខ ដោយ​មិន​ប្រើ​ម៉ាស៊ីន​គិត​លេខ​ជាដើម។

មុខវិជ្ជា​ដែល​រៀន​កញ្ញា​រៀន​ពូកែ គឺ​មុខវិជ្ជា​​ វិទ្យាសាស្ត្រ ពិសេស​ផ្នែក​លេខ និង​មាន​ប្រើ​រូបមន្ត មាន​គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និង​ជីវវិទ្យា ដោយ​ពេល​ប្រលង ជា​លទ្ធផល ៤មុខនេះ បាន​ពិន្ទុ​ខ្ពស់ និង​និទ្ទេស A។

កញ្ញា​រំលឹក​ថា មុន​ការ​ប្រលង​មក​ដល់ កញ្ញា​មិន​សូវ​ជា​សម្រុក​ខ្លាំង​ប៉ុន្មាន​ទេ មាន​ន័យ​ថា រៀន​តាម​សម្រួល ព្រោះ​ កាន់​តែ​កៀក​ថ្ងៃ​ប្រលង យើង​ត្រូវ​ប្រយ័ត្ន គឺ​បារម្ភ​ក្រែង​ប៉ះ​ពាល់​សុខភាព ឈឺ​ថ្កាត់​ជាដើម រាំង​ស្ទះ​ដល់​ការ​ទៅ​ប្រលង​មិនកើត គឺ​ចប់​ហើយ ការ​ប្រឹង​ប្រឹង​របស់​យើង។

អត្ថបទ៖ ពៅ រក្សា