ក្មេង​ប្រុស​អាយុ​ត្រឹម​ ៥ឆ្នាំ​សោះ​ក្លាយ​ជា​អ្នក​ជំនាញ​ IT វ័យ​ក្មេង​បំផុត​ក្នុង​លោក​

  • 2014-11-14 23:14:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​​​នឹក​ស្មាន​មិន​ដល់​ និង​សឹង​តែ​មិន​គួរ​ឲ្យ​ជឿ​ដែល​ក្មេង​ប្រុស​អាយុ​ត្រឹម​តែ​​៥ឆ្នាំ​ប៉ុណ្ណោះ​បាន​ក្លាយ​ជា​អ្នក​ជំនាញ​ IT ​វ័យ​ក្មេង​​បំផុត​ដោយ​បាន​ប្រឡង​ជាប់​វិញ្ញាសា​​​ IT ​របស់ Microsoft។

 

​​ក្មេង​ប្រុស​ដែល​បាន​ក្លាយ​ជា​អ្នក​ជំនាញ​ព័ត៌មាន​វិទ្យា​នោះ​មាន​ឈ្មោះ​​ Ayan A Qureshi។ គេ​ទើប​តែ​បាន​ចូល​រៀន​ថ្នាក់​បឋម​សិក្សា​ប៉ុណ្ណោះ តែ​បាន​ប្រឡង​ជាប់​វិញ្ញាសា "ដើម្បី​ក្លាយ​ជា​អ្នក​ជំនាញ IT" ដែល​រៀប​ចំ​ឡើង​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ Microsoft នៅ​​សាកលវិទ្យាល័យ Birmingham City។ ការ​ប្រឡង​ជាប់​វិញ្ញាសា​របស់​ Microsoft ​នៅ​អាយុ​វ័យ​ក្មេង​បែប​នេះ​ធ្វើ​ឲ្យ ​​Ayan បំបែក​កំណត់​ត្រា​ពិភព​លោក​ថ្មី​មួយ​​​បន្ទាប់​ពី​​កំណត់​ត្រា​ចាស់​ត្រូវ​បាន​បំបែក​ដោយ​​​ក្មេង​ប្រុស​អាយុ ៦ឆ្នាំ​មក​ពី​ប្រទេស​ប៉ាគីស្ថាន​ឈ្មោះ Mehroz Yawar ។

 

 

Ayan នៅ​ក្នុងបន្ទប់ Lab ផ្ទាល់​ខ្លួន​

 

ដំបូង​បំផុត​ដែល​ Ayan ត្រូវ​បាន​​ឪពុក​របស់​គេ​​ជា​អ្នក​ជំនាញ​ IT ណែនាំ​ពី​កុំព្យូទ័រ​ និង​​​ការ​ដំឡើង​ Windows គឺ​​ចំ​ពេល​គេ​មាន​អាយុ ៣ឆ្នាំ។ ​​ពេល​នោះ​ហើយ​ទើប​ឪពុក​របស់​ក្មេង​ប្រុស​ដឹង​ថា​ Ayan ពិត​ជា​មាន​​ដុង​ពី​កំណើត​ខាង​ផ្នែក​បច្ចេកវិទ្យា​​។ ក្រោយ​ពី​ដឹង​ថា​កូន​របស់​ខ្លួន​មាន​ទេពកោសល្យ​ពី​កំណើត​បែប​នេះ Asim ក៏​បាន​សាងសង់​បន្ទប់​កុំព្យូទ័រ​មួយ​នៅ​ផ្ទះ​ទុក​ឲ្យ​កូន​ប្រុស​របស់​គាត់​ហើយ​ក៏​បាន​ពង្រឹង​សមត្ថភាព​របស់​ Ayan ដើម្បី​ត្រៀម​ប្រឡង​វិញ្ញាសា IT ​របស់ Microsoft។

 

 

វិញ្ញា​បនប័ត្រ​​របស់ Ayan A Qureshi ដែល​ចេញ​ដោយ​ Microsoft

 

 

បន្ទាប់​ពី​រយៈ​ពេល​​​ ៥​ខែ​នៃ​ការ​ហ្វឹក​ហាត់​នៅ​ក្នុង​បន្ទប់ Lab ក្មេង​ប្រុស​អាយុ​ ៥ឆ្នាំ​រូប​នេះ​ក៏​បាន​​ប្រឡង​ជាប់​វិញ្ញាសា​ខាង​លើ​​​ប្រើ​ពេល​ពីរ​ម៉ោង​ដែល​កាល​នោះ​ក៏​មាន​មនុស្ស​ធំ​ចូល​រួម​ប្រឡង​​ដែរ​ ហើយ​បន្ទាប់​មក​ Ayan ក៏​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​សមត្ថភាព​ផ្នែក​ Supporting Windows 8.1 ពី​ក្រុមហ៊ុន​ Microsoft ផ្ទាល់​។

 

"​​​​​​​ខ្ញុំ​ពិត​ជា​មាន​មោទនភាព​មែន​ទែន​ចំពោះ​កូន​ប្រុស​ម្នាក់​នេះ​"។ ឪពុក​របស់​ក្មេង​ប្រុស​និយាយ​ទៅ​កាន់​​សារព័ត៌មាន​ Daily Mail។ លោក​ក៏​បាន​បន្ថែម​​ថា​៖ "ពេល​ដែល​ខ្ញុំ​បង្រៀន​អ្វី​ដល់​ Ayan គេ​តែង​តែ​ចង​ចាំ​វា​ជា​និច្ច​​​​​​នៅ​ថ្ងៃ​បន្ទាប់​"។ ​

 

វិញ្ញាសា​​ដែល​​ដាក់​ឲ្យ​បេក្ខជន​ទាំង​អស់​រួម​ទាំង​ Ayan ​ប្រឡង​ជា​ទម្រង់​ពហុ​ជ្រើស​រើស​ បំពេញ​ចន្លោះ និង​បែប​ផែន​ផ្សេង​ទៀត​​ទាក់​ទង​នឹង​​ចំណេះ​ដឹង​ផ្នែក​ Hardware, Software និង​ពី​ដំណើរ​ការ​របស់​ Windowsដែល​រៀប​ចំឡើង​ដោយ Microsoft សម្រាប់​បេក្ខជន​​ដែល​ចង់​ក្លាយ​ជា​អ្នក​ជំនាញ​ IT។

 

បច្ចុប្បន្ន​​ក្មេង​ប្រុស​ដែល​បាន​បំបែក​កំណត់​ត្រា​ពិភព​លោក​រូប​នេះ​ពុំ​ទាន់​បាន​សម្រេច​ចិត្ត​ថា​ចង់​​ធ្វើ​ការងារ​អ្វី​សម្រាប់​ពេល​អនាគត​នៅ​ឡើយ​ទេ តែ​ Ayan ​សង្ឃឹម​ថា​គេ​អាច​ធ្វើ​ការងារ​មួយ​​ដែល​ទាក់​ទង​នឹង​អ្វី​ដែល​ខ្លួន​ចូល​ចិត្ត​គឺ​គណិតវិទ្យា ​និង​កុំព្យូទ័រ​៕

 

អាន​ព័ត៌មាន​បច្ចេកវិទ្យា​សំខាន់​ៗ​ចុចត្រង់នេះ

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ dailymail