ឆាយ បូរ៉ា៖ កម្ពុជា​ខាតបង់សេដ្ឋកិច្ច​លើវិស័យភាពយន្តមិន​តិច​ជាង ១០ លាន​ដុល្លារ​ទេ ក្នុងមួយឆ្នាំ

  • 2018-08-08 01:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ឆាយ បូរ៉ា លើក​ឡើង​ពី​ទំហំ​ខាត់​បង់​ចំណូល​សេដ្ឋកិច្ច​ជាតិ​មិន​តិច​ជាង ១០ លាន​ដុល្លារ​អាមេរិក​ទេ លើ​វិស័យ​ភាពយន្ត ដោយ​សារ​អតិផរណា​ភាពយន្ត​ជាតិ ​និង​ការ​នាំ​ចូល​ភាព​យន្ត​បរទេស​យ៉ាង​គំហុក​មក​ដល់​ប្រទេស​កម្ពុជា​។

រូបភាពផលិតភាពយន្តក្នុងស្រុក

រីឯ​ភាពយន្ត​ខ្មែរ​ស្ទើរ​តែ​គ្មាន​សោះ សម្រាប់​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស ឬ​ក៏​គ្មាន​ច្រក​ណា​មួយ​នាំ​ចេញ​តែ​ម្ដង​ ត្រង់​ចំណុច​នេះ​ដែល លោក ឆាយ សង្កត់​ធ្ងន់​ថា​ ក្រសួង វប្បធម៌ និង​វិចិត្រ​សិល្បៈ​គួរ​តែ​មាន​វិធាន​ការ​ដោះ​ស្រាយ​វិបត្តិ​នេះ​ឱ្យ​កាន់​តែ​ឆាប់​កាន់​តែ​ប្រសើរ។

លោក ឆាយ បូរ៉ា

ក្នុង​កិច្ច​ពិភាក្សា​ទាក់ទង​នឹង​ភាពយន្ត​ខ្មែរ​ ជាមួយ​លោក សែម វិសាល ផលិតករ​ភាពយន្ត​ពី ​Wonderfilm និង​លោក ព្រំ សិលា នាយក​គ្រប់គ្រង PuPrum Entertainment រៀប​ចំ​ដោយ​ Sabay លោក ឆាយ បូរ៉ា លើក​ឡើង​ពី​គំនាប​៤យ៉ាង មិនអាចធ្វើឱ្យវិស័យភាពយន្តខ្មែរ​ដំណើរ​ការទៅមុខ៖

ក្នុងកិច្ចពិភាក្សា រៀបចំដោយ Sabay

គំនាប​ទី ១ ត្រូវ​បាន​លោក ឆាយ បូរ៉ា ពន្យល់​ថា ជា​ដំណើរការ​ស្មុកស្មាញ នៃ​ការងារ​រដ្ឋបាល​របស់​ក្រសួង​ និង​អន្តរ​ក្រសួង​ពាក់ព័ន្ធ​លើ​ការ​ស្នើ​កន្លែង​ថត​ភាព​យន្ត​ និង​សិទ្ធិ​ទទួល​បាន​ការ​ការ​ពារ​លើ​ការ​ផលិតភាព។ ជាក់ស្ដែង​ផលិតករ​ត្រូវ​ស្វាត់​ស្វែង​រក​ទីតាំង​ថត​ និង​ស្វ័យ​ការពារ​លើ​ការ​ផលិត​របស់​ខ្លួន​ដោយ​ប្រឈម​នឹង​បញ្ហា​គ្រប់បែប​យ៉ាង​ដោយ​គ្មាន​ការធានា​ពី​ស្ថានប័ន​ណាមួយ​ជាក់​លក្ខណ​។

រូបភាពដំណាង

គំនាប​ទី​២ គឺ​ជាការសហការណ៍របស់រោងភាពយន្ត ក្រោយពីបញ្ចប់ការស្នើ​សុំទិដ្ឋការបានហើយ​រោងភាព​យន្ត​ជាដៃគូយ៉ាង​សំខាន់ក្នុងការផ្សព្វផ្សាយ​និងរកចំណូល​ តែបច្ចុប្បន្ន ការចែកភាគលាភ​ភាពយន្ត​ខ្មែរ​និងរោងភាពយន្ត​មិនទាន់មាន​លក្ខណៈសមាត្រ​ ពិសេស​ការចែកចាយភាពយន្ត​ខ្មែរ​លើរោង​ភាពយន្ត​ឱ្យបានច្រើន​នោះកាន់​តែ​ពិបាក​ ស្រប​ពេល​ឆន្ទៈ​លើក​វិស័យ​ភាពយន្ត​ វា​ទាប​ជាង​តម្លៃ​ទឹកប្រាក់ចំណេញ។

លោក​ សែម វិសាល

គំនាបទី ៣ បន្តដោយលោក សែម វិសាល ផលិតករ របស់ផលិតកម្ម WonderFilm លើកឡើងថា គឺជាការយោគយល់ និងស្វែងយល់ឱ្យតម្លៃពី​ទស្សនិកជនមកលើភាពយន្តខ្មែរ មុននឹងវាត្រូវបាត់បង់។ និង ទី ៤ គឺផលិតករខ្លួនឯងផ្ទាល់ត្រូវស្គាល់ពីចំណុចខ្សោយរបស់ខ្លួន និងព្យាយាម​បង្កើតភាពយន្ត​ឱ្យមានគុណ​ភាព​ឡើងវិញ ដើម្បីទស្សនិកជនរបស់ខ្លួនឯងផ្ទាល់។

រូបភាពដំណាង

លោក សែម វិសាល ក៏លើកឡើងដែរថា ការបណ្តោយឱ្យភាពយន្តបរទេស​ហូរហ៊ារក្នុងរោងភាពយន្ត ដោយមិនផ្ទល់អតិភាព និងលើកតម្លៃ​ភាពយន្តខ្មែរឱ្យបានច្រើននោះទេ វិស័យភាពយន្តខ្មែរអាចប្រឈមនឹងការ​បាត់បង់ ទាំងដែលពិភពលោកកំពុងរីកចម្រើន​លើវិស័យភាពយន្តទៅវិញ៕

អត្ថបទ៖ Sunny