មកដឹងគម្រោងសាងសង់រីសតធំៗ ២កន្លែងនៅកម្ពុជា សុទ្ធតែវិនិយោគដោយចិនទាំងអស់

  • 2018-08-08 04:07:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំណើន​ភ្ញៀវទេសចរ​ចិន​កាន់​តែ​កើន​ឡើង​ជា​លំដាប់។ តាម​ការ​ប៉ាន់​ស្មាន​របស់​ក្រសួង​ទេសចរណ៍ ទេសចរ​ចិន​នឹង​កើន​ឡើង​ដល់​ជាង​២​លាន​នាក់​ ក្នុង​ឆ្នាំ​២០២០​ខាង​មុខ​នេះ។ ទន្ទឹម​នឹង​នេះ​ដែរ​ក្រុម​ហ៊ុន​វិនិយោគ​ធំ​ៗ​របស់​ប្រទេស​ចិន ចំណាយ​លុយ​រាប់រយ​លាន​ដុល្លារ​លើ​ការ​សាងសង់​គម្រោង​ថ្មីៗ ជា​ពិសេស​ទៅ​លើ​កន្លែង​កម្សាន្ត និង​ស្នាក់​នៅ​ជាបន្តបបន្ទាប់ ដើម្បី​ស្វាគមន៍​កំណើន​ទេសចរ​ចិន​យ៉ាង​គំហុក​នេះ។ ខាង​ក្រោម​នេះ​ជា​គម្រោង​ថ្មីៗ​របស់​ក្រុមហ៊ុន​ចិន​២កន្លែង​ក្នុង​ប្រទេស​កម្ពុជា៖

១. អគារ​ពាណិជ្ជកម្ម​ពហុ​មុខងារ​ដ៏​ធំ​នៅ​ក្រុង​ព្រះសីហនុ

ក្រុមហ៊ុនយក្សរបស់ចិនមួយទៀត ប្រកាសគម្រោងសាងសង់​អគារពាណិជ្ជកម្មពហុមុខងារ​នៅជាប់មាត់សមុទ្រ​ដ៏​ធំ​ស្ថិត​នៅ​ឆ្នេរជ័យជំនះ ក្បែរឆ្នេរហាវ៉ៃ ក្នុងខេត្តព្រះសីហនុ។ គម្រោងថ្មីនេះ គ្រោងចាយទុនរាប់រយលានដុល្លារ សាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ៥-៦ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានលំដាប់អន្តរជាតិ លើដីទំហំជាង ៣០ម៉ឺនម៉ែត្រការ៉េ គ្រោង​បញ្ចប់​ឲ្យ​បាន​នៅឆ្នាំ២០២២។

លោកឈីវ គួរស៊ីញ ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Prince Real Estate Group និងលោក Li Min អគ្គនាយកក្រុមហ៊ុន ដែល​ជា​អ្នក​វិនិយោគ​លើ​គម្រោង​នេះ បានសុទិដ្ឋិនិយម​ដូចគ្នាថា ក្រុងព្រះសីហនុ គឺជាទីក្រុងកំពងផែ​សមុទ្រធំ​ជាងរបស់ប្រទេសកម្ពុជា និង​ជា​ទីក្រុង​ធំទី២ នៃប្រទេសកម្ពុជាបន្ទាប់ពីរាជធានីភ្នំពេញ ហើយជា​និង​គោល​នយោបាយកសាង “ខ្សែ​ក្រវាត់ ផ្លូវមួយ” និងការបណ្តាក់ក់​ទុន អន្តរជាតិជាច្រើន ដែលនឹង​ធ្វើឲ្យទីក្រុងនេះ​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏ពេញនិយម​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។

ចំពោះ​ខេត្ត​ព្រះសីហនុ តួលេខភ្ញៀវទេសចរចិនបានឈរនៅលំដាប់ឈានមុខគេនៅកម្ពុជាដែលមានរហូតដល់ជាង ១,២ លាន​នាក់​នៅឆ្នាំ២០១៧ កើនឡើង ៤៥,៩ ភាគរយធៀបនឹងឆ្នាំ២០១៦ ដែលមានតែជាង ៨៣ ម៉ឺននាក់ប៉ុណ្ណោះ។ ចំនួននេះ ត្រូវបានអ្នកវិនិយោគមើលឃើញថា តម្រូវការបដិសណ្ឋាកិច្ចសម្រាប់ភ្ញៀវទេសចរចិន នៅមិនទាន់គ្រប់គ្រាន់។

២. គម្រោង​សាងសង់​មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ (Prince Manor Resort)

តាម​ប្រភព​ពី​ AKP ឲ្យ​ដឹង​ថា អ្នកវិនិយោគិនចិន មកវិនិយោគតំបន់រមណីដ្ឋានបែបធម្មជាតិ ដែលបម្រើដល់វិស័យទេសចរណ៍ ដើម្បី​ជួយ​បង្កើន​ចំនួនភ្ញៀវទេសចរ មកកម្សាន្តនៅជាយរាជធានីភ្នំពេញ។

គម្រោង​សាងសង់​មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ (Prince Manor Resort) នឹងអាចចូលរួម ចំណែកឆ្លើយ​តបទៅ​នឹង​តម្រូវការ​នៃ​ភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ អាចទៅកម្សាន្ត បាននាថ្ងៃឈប់សម្រាក។ នេះ​បើ​តាម​លោក វណ្ណារិទ្ធ មន្ត្រី​ផ្នែក​ទីផ្សារ​នៃគម្រោងមជ្ឈមណ្ឌល​ខាង​លើ។

មជ្ឈមណ្ឌលកម្សាន្តនេះ ជាប្រភេទគោលដៅទេសចរណ៍បែប អេកូឡូស៊ី ដែលរួមមានទាំង សួនកម្សាន្តកុមារ រមណីយដ្ឋានទេសចរណ៍បែបកសិកម្មទំនើប សួនកម្សាន្តក្នុងព្រៃ និងមានបង្ហាញនូវផ្ទាំងសិល្បៈគំនូរលើជញ្ជាំងប្រវែង១គីឡូម៉ែត្រ ដែលជាគំនូរជញ្ជំង ដ៏វែងជាងគេនៅក្នុងតំបន់អាស៊ីផងដែរ។

មជ្ឍមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ មានទីតាំងជាប់បណ្ដោយមាត់ទន្លេ មេគង្គក្រោម ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ដោយគម្រោងនេះសាងសង់ ឡើងនៅ លើផ្ទៃដីជាង១៣ហិកតា ដែលនឹងបើកជាផ្លូវការនៅចុងឆ្នាំ២០១៨នេះ។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា ធ្លាប់គូសបញ្ជាក់ថា លំហូរទេសចរចិនមកកម្ពុជាជាសញ្ញាល្អ ដែលកម្ពុជាអាចទាញចំណូលតូចធំដល់សេដ្ឋកិច្ច។ ជាក់ស្ដែង ទេសចរចិនមានការចំណាយខ្ពស់ក្នុងមួយថ្ងៃៗ ច្រើនជាងទេសចរដទៃ។ ជាងនេះទៀត ភ្ញៀវចិនមួយចំនួន ជាអ្នកវិនិយោគ ដែលពួកគេតែងសម្លឹងឃើញឱកាសរកស៊ីអំឡុងពេលមកទស្សកិច្ចនៅកម្ពុជាផងដែរ។

លោកជំទាវ ឆាយ ស៊ីវលីន

យ៉ាងណាមិញ លោកជំទាវ រំលឹកពីកត្តាសំខាន់ឯទៀត ដែលម្ចាស់ផ្ទះគួរពិចារណាឲ្យបានច្រើន តួយ៉ាងបញ្ហាអនាម័យ បញ្ហាសំរាមជាដើម។ លោកស្រីបន្តថា ការពង្រឹងស្តង់ដាអនាម័យ បដិសណ្ឋារកិច្ចល្អប្រសើរ នឹងធ្វើឲ្យខេត្តនៅក្នុងតំបន់សក្ដានុពលទេសចរណ៍ ទទួលបានភ្ញៀវទេសចរកាន់តែច្រើន ហើយវានឹងផ្តល់ចំណូលដោយផ្ទាល់ដល់ប្រជាពលរដ្ឋ និង អ្នកវិនិយោគក្នុងវិស័យនេះប្រកបដោយនិរន្តរភាព៕

អត្ថបទ៖ វឌ្ឍនៈ