គ្រូ​ Leicester និយាយ​ចាក់​ដោត​ ពេល​ឆ្លើយ​សំណួរ​ថា Maguire មក​ Man Utd ឬ​អត់

  • 2018-08-09 13:04:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប Leicester City លោក Claude Puel ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា ខ្សែ​ការពារ Harry Maguire នឹង​បន្ត​នៅ​ក្លឹប​។

ក្នុង​សន្និសីទ​សារព័ត៌មាន លោក Puel បាន​និយាយ៖ "ខ្ញុំ​មាន​ជំនឿ​ចិត្ត​ថា​គេ​ (Maguire) នឹង​ទៅ Manchester United ប៉ុន្តែ​គេ​នឹង​ទៅ​ទី​នោះ​តែ​រយៈ​ពេល​ពីរ​ម៉ោង​ប៉ុណ្ណោះ​ជាមួយ​យើង​នៅ​ថ្ងៃ​ស្អែក"។

លោក​អ្នក​ចាត់​ការ​រូប​នេះ បន្ត៖ "យើង​ចង់​ទុក​កីឡាករ​ដែល​ល្អៗ​របស់​យើង ដើម្បី​បន្ត​មហិច្ឆតា​របស់​ក្លឹប។ គេ (Maguire) បាន​ត្រលប់​មក​វិញ​ជាមួយ​ស្នាម​ញញឹម។ គេ​គឺ​ជា​មនុស្ស​ដ៏​អស្ចារ្យ​ណាស់។ គេ​បាន​បង្ហាញ​គុណភាព​របស់​រូប​គេ​តាម​រយៈ​ការ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ។ គេ​ត្រលប់​មក​វិញ​ជាមួយ​ស្មារតី​ និង​ឥរិយាបថ​យ៉ាង​ល្អ"។

Manchester United នឹង​ត្រូវ​ប្រកួត​ Premier League ជាមួយ Leicester City នៅ​វេលា ២ រំលង​អាធ្រាត្រ​ថ្ងៃ​ទី ១០ សីហា​ខាង​មុខ។

ការ​បង្ហាញ​ទម្រង់​លេង​ល្អ​នៅ​ក្លឹប Leicester City និង​ជា​ពិសេស​នៅ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​នៅ​ក្នុង World Cup ធ្វើ​ឲ្យ Maguire ស្ថិត​ក្នុង​ចំណោម​បណ្ដា​ខ្សែ​ការពារ​ដែល​ត្រូវ​បាន​រាយការណ៍​ថា Manchester United បាន​តាម​ប្រមាញ់។

ដោយ​ក្លឹប​ Leicester ទើប​ប្រកាស​ពី​ការ​នាំ​ចូល​ខ្សែ​ការពារ​ថ្មី Filip Benkovic កាល​ពី​រសៀល​ថ្ងៃ​នេះ ធ្វើ​ឲ្យ​សារព័ត៌មាន​ជា​ច្រើន​ដាក់​ការ​សង្ស័យ​ថា កីឡាករ Maguire អាច​នឹង​មក​ចូល​រួម​ជាមួយ​បិសាច​ក្រហម។

ទី​ផ្សារ​ដោះ​ដូរ​កីឡាករ​នៅ​អង់គ្លេស នឹង​ធ្វើ​ការ​បិទ​ក្នុង​វេលា​ម៉ោង ១១ យប់​ថ្ងៃ​នេះ (ម៉ោង​នៅ​កម្ពុជា)៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី