តួឯកស្រីទំាង៤ផ្តុំគ្នា កក្រើករឿង "ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់"

  • 2018-08-10 06:33:10
  • ចំនួនមតិ

ចន្លោះមិនឃើញ

ភាពយន្ត​ភាគបំឡែង​ចេញពី​ប្រលោម​លោក​ដំបូង​គេ​ដែល​ទូរទស្សន៍​ក្នុង​ស្រុក​បាន​ឲ្យ​តម្លៃ​កម្មសិទ្ធិ​បញ្ញា​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិ​នៃ​ការ​ផលិត​ភាពយន្ត "ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់" កំពុង​ដំណើរ​ការ​ថត​យ៉ាង​រលូនបាន៧០ ទៅ៨០%ហើយ។ មុន​នឹង​បាន​ទស្សនា​ភាពយន្ត ​ភាគ​ដ៏ល្អមួយនេះ​ Sabay នឹង​ណែនាំ​តួឯក​ស្រី​ចំនួន​៤​រូប ដ៏ស្រស់សោភា និងមានទេពកោសល្យ ដែល​បាន​ចូលរួម​សម្តែង​ក្នុង​រឿង​ភាគ​មាន​រស​និយម​ថ្មី​មួយ​នេះ ធ្វើ​ឲ្យ​សាច់​រឿង​កាន់​តែ​កក្រើក។

១.រាសី សម្តែងជា បុស្បានារី៖ សម្តែង​ជា​តួ​អង្គ​ដែល​មាន​​គំនាប​ពី​គ្រួសារ តែ​មាន​ចិត្ត​ស្មោះ​ចំពោះ​ស្នេហា។ ១រឿង​នេះ​ស្រី​ស្អាត រាសី អះ​អាង​ថា ស្រលាញ់​ខ្លាំង​បំផុត ថែម​ទាំង​សម្តែង​អស់​ពី​ក្នុង​ខ្លូន។ "ខ្ញុំ​មិន​ដែល​រន្ធត់​ស្មើ​នឹង​លេង​រឿង​មួយ​នេះ​ទេ !ខ្ញុំ​ដើរ​តួ​ជា​តារា​ល្បី​ ដែល​មាន​សង្សារ​ជា​អ្នក​មាន​ ហើយ​ត្រូវ​ម្តាយ​គេ​តាម​បំបែក​មើល​ងាយ​មើល​ថោក! វា​ជារឿង​ដែល​ល្អ ល្អ​មែន​ទែន​ត្រូវ​នឹង​សង្គម​ពិត ​ដែល​មនុស្ស​និយម​មើល​ងាយ​គ្នា​ទៅ​វិញ​ទៅ​មក ទំាង​ដឹង​ហើយ​ថា ​ចុង​ក្រោយ​គង់​តែ​មាន​ទី​បញ្ចប់​ដូច​គ្នា"។

២.ស្រីឡាង សម្តែងជា ប៉ែន ពេជ្រសក្កណា៖ តួអង្គ​ស្រី​ដែល​សម្តែង​ជាមួយដៃគូ​កម្សត់​កម្រ​ប្រុស​សង្ហា ប៊ឺរី រូប​នេះ​បាន​ឲ្យ​មេ​ដៃ​ចំពោះ​រឿង​ភាគ​ខ្មែរ​មួយ​នេះ ព្រោះ​តែ​គ្រប់​ពាក្យ​ពេចន៍​សន្ទនា​ល្អ​លើសពីស្មាន។ "និយាយ​ពី​យំ ​យំ​ឡើង​រីង​ខ្លួន គឺ​ថត​វេទនា​ជាង​តួ​ផ្សេងៗ ! គឺ​ជា​រឿង​ខ្មែរ​ដែល​តួ​សម្តែង​ពេញចិត្ត​ និយាយ​ពី​បង ជាឡាយ វិញ សម្តែង​ហើយ​ញញឹម​បិទ​មាត់​មិន​ជិត គឺ​គ្រប់​គ្នា​ស្រាលាញ់​ការងារ​នេះ" ស្រីឡាង រៀបរាប់​ទាំង​រំភើប។

៣.ស៊ាវម៉ី សម្តែងតួ ប៉ែនពេជ្រអមរា៖ មិន​ខុស​ពី​តារា​ស្រី​ខាង​លើ​ប៉ុន្មាន​ទេ ស៊ាវម៉ី ទទួល​ស្គាល់​ថា រឿង "ថ្ងៃមុន​ស្អប់ ថ្ងៃនេះ​ស្រលាញ់" មាន​ការ​អប់រំ​ចិត្ត​ខ្ពស់ កញ្ញា​សប្បាយ​ចិត្ត ទទួល​បាន​បទ​ពិសោធន៍​ច្រើន ខំ​ប្រឹង​សម្តែង​អស់​ពី​លទ្ធភាព​ដែល​មាន ដើម្បី​ឲ្យ​ស័ក្តិសម​ជា​រឿង​ល្បី។ "គិត​មើល​ទៅ​យើង​ជា​កូន​ស្រីគេ សុខៗ​មក​ដឹង​ថា​យើង​មិន​មែន​កូន​ប៉ា​យើង​តែ​ជា​កូន​ប្រុស​ផ្សេង​ តើ​ចិត្ត​យើង​ទទួល​បាន​ដែរ​អត់?​ ជ្រើសរើស​គ្រឿង​ស្រវឹង​ជា​ដំណោះ​ស្រាយ​វា​មិន​ដែល​ល្អ​នោះ​ទេ តែ​ខ្ញុំ​បាន​ឆ្លង​កាត់​វា​ដោយ​ការ​សម្តែង"។

៤.ស្រីខួច ​សម្តែងជា តួអង្គមេធាវី ពៅ បញ្ញា៖ ពិបាក​បន្តិច​សម្រាប់​អត្តចរិត​ពិត​របស់ ស្រីខួច ដែល​មក​សម្តែង​ជា តួអង្គ​មេធាវី​ស្រគត់​ស្រគំ តែ​ចិត្ត​រឹង​ដូច​ដែក មិន​ចេះ​ស្រក់​ទឹក​ភ្នែក​ យ៉ាង​ណា​ក៏​តារា​ស្រី​រូប​នេះ​បាន​ខំ​ប្រឹងជម្នះការលំបាកឲ្យបាន ​ មិន​ឲ្យ​អ្នក​និពន្ធ​អស់​សង្ឃឹម​នោះ​ទេ។ "ខ្ញុំ​ចាប់​ដៃ​គូ​ជាមួយ​បង ជាឡាយ ​ដំបូង ខ្ញុំ​ភ័យ​ខ្លាច​លេង​ទៅ​មិន​បាន​ល្អ​ដូច​ដៃគូ​មុនៗ​របស់​គាត់ ហើយ​នេះ​ជា​ប្រលោម​លោក​ល្បី ខ្ញុំ​មាន​សម្ពាធ​ដែរ​ ព្រោះ​ខ្លាច​ហ្វេន​បង ម៉ីសន សុធារី មិន​ពេញ​ចិត្ត​គឺខ្ញុំខំ​មែនទែន! គ្រប់​គ្នា​សុទ្ធ​តែ​ខំ!” ស្រីពីន អះ​អាង។

ភាពយន្ត"ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់" មានចំនួន៤០ភាគ នឹងចាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍ PNN នៅចុងឆ្នាំ២០១៨នេះ៕


អត្ថបទ៖ ដេត ធន្នី