យុវជន​កម្ពុជា ​៨​រូប​ចេញ​ទៅ​ប្រកួត​ពាន​រង្វាន់​មួយ​នៅ​ប្រទេស​ប៊ុលហ្គារី

  • 2018-08-13 07:26:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​ថ្នាល​បាល់ទាត់​អង្គការ​ផ្កាយ​សមុទ្រ ​៨​រូប​ មាន​ឱកាស​ទៅ​ប្រទេស​ប៊ុលហ្គារី​ ដើម្បី​ចូលរួម​កម្មវិធី​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​ SATUC WORLD CUP BULGARIA 2018។

លោក​ សុភ័ក្ក មករា ​គ្រូ​បង្គោល​ដែល​នាំ​កីឡាករ​៨​នាក់​ចេញ​ទៅ​ប្រកួត​ពាន​រង្វាន់​ខាង​លើ ​បាន​និយាយ​ថា​កម្មវិធី​ប្រកួត​បាល់ទាត់​នេះ​មាន​ប្រទេស​ចូលរួម​ចំនួន​១៦​ប្រទេស​។ ដោយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មាន​ចូលរួម​តែ​ប្រទេស​កម្ពុជា ​និង​ឥណ្ឌូណេស៊ី​ប៉ុណ្ណោះ។ លោក​ថា​ ការ​ប្រកួត​នេះ​ប្រទេស​ប៊ុលហ្គារី​រៀប​ចំ​ឡើង​ គឺ​ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​ក្រុម​យុវជន​ដែល​ស្រលាញ់​បាល់ទាត់​នៅ​តាម​បណ្ដា​អង្គការ​ក្នុង​ប្រទេស​តំបន់​អាស៊ី និង​អឺរ៉ុប​ដែល​មិន​មាន​ឱកាស​បញ្ចេញ​សមត្ថភាព​ក្នុង​កម្មវិធី​បាល់ទាត់​ធំ​ ឲ្យ​ពួកគេ​ទទួល​បាន​ឱកាស​បញ្ចេញ​សមត្ថភាព​តាម​រយៈ​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​កម្មវិធី​ប្រកួត​ពាន​រង្វាន់​មួយ​នេះ។

ប្រធាន​ក្រុម​បាល់ទាត់​យុវជន​ថ្នាល​អង្គការ​ផ្កាយ​សមុទ្រ​បាន​ប្ដេជ្ញា​ថា ខ្លួន​ និង​មិត្ត​រួម​ក្រុម​នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់​ពី​លទ្ធភាព ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​មួយ​មក​កម្ពុជា​វិញ ហើយ​រូបគេ​ និង​មិត្ត​រួម​អះអាង​និង​នាំ​យក​ចំណេះ​ដឹង​ដែល​ជា​បទ​ពិសោធ​ល្អ​ពី​ប្រទេស​ចូលរួម​ទាំង​នោះ​មក​ចែក​រំលែក​ដល់​មិត្តភ័ក្ដិ​រួម​អាជីព​នៅ​កម្ពុជា។

កម្មវិធី​ប្រកួត​បាល់ទាត់ SATUC WORLD CUP BULGARIA 2018 ​ដំណើរ​ការ​ប្រកួត​ផ្លូវការ​ចាប់​ពី​ថ្ងៃ​ទី​១២​រហូត​ដល់​ថ្ងៃ​ទី​១៧ ​ខែ​សីហា ​ឆ្នាំ​២០១៨​ទើប​បញ្ចប់។ ហើយ​ការ​ប្រកួត​នេះ​មាន​ប្រទេស​មក​ពី​ក្នុង​តំបន់​អឺរ៉ុប ​និង​អាស៊ី​ចូល​រួម​ចំនួន១៦ប្រទេស។ ​ក្រុម​យុវជន​កម្ពុជា ​ឆ្លង​កាត់​បាន​២​ប្រកួត​ហើយ ​ក្នុង​នោះ​ស្មើ​ក្រុម​មក​ពី​ប្រទេស​ប៉េរូ ក្នុង​លទ្ធផល ១-១ ​ហើយ​ប្រកួត​ទី​២ ​ឈ្នះ​ក្រុម​លីបេរីយ៉ា​ក្នុង​លទ្ធផល ៥-០៕​

អត្ថបទ៖ មុន្នីរម្យ