ប៊ុន​ សុធា​ រំលឹក​ប្រវត្តិ​ជូរចត់​ពី​មុន​មក ​ស្ទើរ​បោះបង់​អាជីព​ប្រដាល់​ចោល​

  • 2018-08-16 01:35:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ស្រករ​ក្រោយ​ និង​កំពុង​សាង​កេរ្តិ៍ឈ្មោះ​ ប៊ុន​ សុធា​ រំលឹក​ប្រវត្តិ​ជូរចត់​ក្នុង​អាជីព​ប្រដាល់​ទម្រាំ​មាន​ថ្ងៃ​នេះ​ ពិបាក​ខ្លាំង​ស្ទើរ​តែ​បោះបង់​ចោល​ហើយ​ ប៉ុន្តែ​ដោយ​មាន​ការ​តស៊ូ​ រួម​ទាំង​លើក​ទឹក​ចិត្ត​ពី​ឪពុក​ផង​នោះ​បាន​ដល់​សព្វ​ថ្ងៃ។​

លោក ធន់ សុភា​ និង​ ប៊ុន សុធា​(រូបភាពហ្វេសបុក)

ប៊ុន​ សុធា​ ប្រាប់​ឲ្យ​ដឹង​ថា​ អាជីព​ប្រដាល់​នេះ​ គឺ​គេ​ស្រឡាញ់​តាំង​តែ​ពី​តូច​មក​ម្ល៉េះ​ និង​តែងតែ​មើល​ការ​ប្រកួត​តាម​ទូរទស្សន៍​ជា​និច្ច​ជា​មួយ​ឪពុក​ ក្រៅ​ពី​នេះ​និង​ចូល​ចាប់​អាជីព​នេះ​តែ​ម្ដង​នៅ​ពេល​ដែល​ខ្លួន​រៀន​ចប់។​

រំលឹក​ទៅ​ដល់​ ៣​ ទៅ​ ៤​ឆ្នាំ​មុន​នេះ​ អ្នក​ប្រដាល់​មក​ពី​ខេត្ត​កំពង់ចាម​ខាង​លើ​លើក​ឡើង​ថា​ ទម្រាំ​ចាប់​អាជីព​នេះ​បាន​ គឺ​ពិបាក​ខ្លាំង​ណាស់​ ពោល​សុំ​គ្រូៗ​ហាត់​គេ​មិន​យក​ ព្រោះ​មើល​ទៅ​រាងកាយ​មិន​សម​ជា​អ្នក​កីឡា​ និង​ទម្ងន់​ស្រាល​ទៀត​ផង។​ ក្រៅ​ពី​ការ​លំបាក​មួយ​នេះ​ សុធា​ ក៏​ជួប​បញ្ហា​ទៅ​លើ​ការ​ស្នាក់​នៅ​ លុយ​កាក​ចាយ​វាយ​ ការ​ធ្វើ​ដំណើរ​ជា​ដើម។​

ប៊ុន​ សុធា និង​ ថៃ​ រិទ្ធី(រូបភាពហ្វេសបុក)

កីឡាករ​ល្អ​កែង​ និង​ជង្គង់​រូប​នេះ​បន្ថែម​ថា​ ដោយ​មាន​ការ​ពន្យល់​ពី​ឪពុក​ឲ្យ​ខំ​តស៊ូ​បន្ត​ទៀត​ ហើយ​លោក​តែង​តែ​លើក​ទឹក​ចិត្ត​កុំ​ឲ្យ​បោះបង់​ផង​នោះ​ ទើប​ជើង​ខ្លាំង​ស្នង​គុន​ខ្មែរ​ម្នាក់​នេះ​ អាច​មាន​មុខ​ និង​បាន​ឱកាស​ឡើង​សង្វៀន​ដល់​សព្វ​ថ្ងៃ។​

កីឡាករ ប៊ុន សុធា

ប៊ុន​ សុធា​ ជា​កូន​សិស្ស​លោក​ ធន់​ សុភា​ នៅ​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ បច្ចុប្បន្ន​កំពុង​ប្រកួត​លើ​ប្រភេទ​ទម្ងន់​ ៥៤​គីឡូក្រាម​ និង​ជា​បេក្ខភាព​ម្នាក់​ដណ្ដើម​ខ្សែក្រវាត់​គូបូតា​នៅ​សង្វៀន​បាយ័ន។​ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ចូល​ហ្វឹកហាត់​ប្រដាល់​អំឡុង​ឆ្នាំ​២០១៤៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម