ក្បួនរៀបចំសម្ភារៈប្រឡងបាក់ឌុប របស់សិស្សម្នាក់ សុទ្ធតែតំណាងឲ្យបារមីស័ក្ដិសិទ្ធិក្នុងលោក

  • 2018-08-18 02:15:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រឡងបាក់ឌុបមធ្យមសិក្សាទុតិយភូមិនៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ពោលនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះហើយ។ សិស្សានុសិស្សថ្នាក់ទី១២ទូទាំងប្រទេស បានត្រៀមរួចជាស្រេចដើម្បីបញ្ចេញឲ្យអស់នូវសមត្ថភាពដែលលាក់ទុក១២ឆ្នាំ មកហើយ។ អ្វីដែលគួរឲ្យសរសើរក្នុងចំណោមបេក្ខជនប្រឡងរាប់ពាន់នាក់ មានសិស្សម្នាក់ ណាំងសាមឿន បញ្ញា បានរៀបចំសម្ភារៈទៅប្រឡងសុទ្ធតែតំណាងឲ្យបារមី វត្ថុស័ក្ដិសិទ្ធិទាំង៩ទិសនៅក្នុងលោកទៀតផង។ តោះទៅអានទាំងអស់គ្នា៖

ក្បួនរៀបចំសម្ភារៈរបស់បេក្ខជន ណាំងសាមឿន បញ្ញា

១. កាបូបរូបដំរី តំណាងឱ្យ ភាពរឹងមាំមានកម្លាំងកាយមាំមួន ព្រោះកាលពីដើមឡើយដំរីគឺជាសត្វតែមួយគត់ដែលបុព្វបុរសខ្មែរជ្រើសរើសយកធ្វើជាយានសម្រាប់អូសថ្មដើម្បីយកមកសាងសង់អង្គរ។

២. ប៊ិចទាំងប្រាំដើម តំណាងឱ្យ ទេព្តាដែលថែរក្សាទ្វីបទាំងបួន និងទេព្តាដែលថែរក្សាភ្នំព្រះសុមេរុ សូមឱ្យអស់លោកតាមជួយឃុំគ្រងកុំឱ្យមានឧបសគ្គអ្វីមករារាំងការសរសេរបាន។

៣. ខ្មៅដៃ និងជ័រលុប តំណាងឱ្យ ព្រះព្រហ្មជាព្រះបង្កើតលោក សូមឱ្យទ្រង់ជួយបង្ហាញផ្លូវក្នុងការដោះស្រាយលំហាត់ និងព្រះឥសូរជាព្រះកម្ទេចលោក សូមឱ្យទ្រង់ជួយតំរែតម្រង់ផ្លូវដែលធ្វើលំហាត់ខុសឱ្យមកជាត្រូវវិញ។

៤. ដែកឈាន និងរ៉ាព័រទ័រ តំណាងឱ្យទេព្តារក្សាចក្រវាលឡទាំងមូល ដែលបានបង្កើតជីវិតសព្វសត្វលោកទាំងឡាយ សូមឱ្យលោកជួយបញ្ជៀសនូវគ្រោះចង្រៃទាំងឡាយឱ្យមកជាលាភនិងជ័យវិញ។

៥. ប៉ារ៉ាបូល មាងរាងដូចលេខប្រាំបួន តំណាងឱ្យ បារមីនៃទិសទាំង៩ សូមឱ្យលោកជួយកាន់ខ្នងរងមុខ កាន់ដៃទេព បើកភ្នែកទិព្វឱ្យពេលធ្វើលំហាត់ក្រឡេកឃើញចម្លើយ។

៦. អ៊ីពែបូល មានរាងដូចជាកងចក្រ តំណាងឱ្យ កងចក្រដែលជាវត្ថុទិព្វរបស់ព្រះវិស្ណុ សូមឱ្យជួយត្រួសត្រាយចិត្តគំនិតឱ្យជ្រះស្រឡះ ខួរក្បាលពោរពេញដោយមេរៀន។

៧. អេលីប ដែលមានប្រាំពីរខ្នាត តំណាងឱ្យដួងវិញ្ញាណខន្ធ ដូនតាខាងម៉ែ ខាងឪ ទាំងប្រាំពីរសណ្ដានសូមឱ្យលោកជួយបំភ្លឺផ្លូវដើម្បីឱ្យមានគំនិតវៀងវៃ សរសេរចម្លើយបែកអូរ ហូរជាស្ទឹង។

៨. កាតសម្គាល់ខ្លួន តំណាងឱ្យ យ័ន្តដែលព្រះឥន្រ្ទាធិរាជបានប្រទានឱ្យដើម្បីជួយបន្ទន់ចិត្តអនុរក្ស អ្នកសង្កេតការណ៍ និងអ្នកកែឱ្យពេលឃើញក្រដាស់ចម្លើយកាលណាមានចិត្តមេត្តាដាក់ឱ្យជាប់ៗគ្រប់មុខវិជ្ជា។

ជ័យហោង ជ័យ សួសហោង សួស សុខហោង សុខ ប្រឡងបាក់ឌុបឆ្នាំ២០១៨ នេះពិតជាជាប់មែនហោង មែន បើពិតដូចមាត់ប្រាកដដូចថាមានអីជាបន្ទរ ហ៊ោៗៗៗៗៗ៕

រូបតំណាង

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី