ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​-ITF​៖ ចេញ​ទៅ​ គឺ​ចេញ​ទៅប្រកួត​ មិនមែន​ទៅ​រាំ​របាំ​ទេ​

  • 2018-08-20 03:09:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​-ITF​ ផ្ដាំផ្ញើ​ដល់​យុវជន​ថ្នាល​នា​ការ​ចេញ​ដំណើរ​ទៅ​ប្រកួត​ជើង​ឯក​ពិភព​លោក​លើក​ទី១៣​នៅ​ប្រទេស​បេឡារូស​ ថា​ ត្រូវ​ជឿជាក់​លើ​ខ្លួន​ឯង​នៅ​ពេល​ប្រកួត​ មិន​ត្រូវ​តកស្លុត​ ភ័យ​នៅ​ពេល​ឮ​ថា​ប៉ះ​អ្នក​ខ្លាំង​នោះ​ឡើយ។​

ឯកឧត្ដម​ កែវ​ រ៉េមី​ ប្រធាន​សហព័ន្ធ​

ឯកឧត្ដម​ កែវ​ រ៉េមី​ ប្រធាន​សហព័ន្ធ​តេក្វាន់ដូ-​ ITF​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ប្រធាន​ប្រតិភូ​កីឡាករ​ត្រូវ​មើល​ថែរក្សា​សុខភាព​ពួកគេ​មែនទែន​ ចំពោះ​ការ​ហូបចុក​នៅ​ពេល​ធ្វើ​ដំណើរ​ ឬការ​ហូបចុកនៅទីនោះ ជៀសវាង​មានជំងឺ ដែលអាច​ប៉ះពាល់​ដល់​ការ​ប្រកួត។​

កីឡាករពេលចេញដំណើរ

ប្រធាន​សហព័ន្ធ​រូប​នេះ​បន្ថែម​ថា​ ប្រសិន​បើ​ពួកគេ​ធ្វើ​មិន​បាន​លទ្ធផល​ល្អ​ ដូច​ទៅ​និង​អ្វី​ដែល​ចង់​បាន​នោះ​ សូម​កុំ​បន្ទោស​ ព្រោះ​អី​កីឡាករ​ខ្លះ​ជា​យុវជន​ថ្មីថ្មោង​ មិន​ទាន់​សូវ​មាន​បទ​ពិសោធ​ ហើយ​ក៏​ត្រូវ​តែ​ជួយ​ជំរុញ​លើក​ទឹក​បន្ថែម​ទៅ​វិញ។​

លោកគ្រូ កៅ មករា​

អតីត​ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​មក​ពី​អាមេរិក​ខា​លើ​នេះ​ ក៏​បញ្ជាក់​ទៅ​ដល់​កីឡាករ​ទាំង​៧រូប​ទៀត​ថា​ ពេល​ប្រកួត​ត្រូវ​មាន​ភាព​ឆ្លាតវៃ​ ភ្នែក​ត្រូវ​ឧស្សាហ៍​មើល​ Screen ពិន្ទុ​ ថា​តើ​គួរ​សម្រេច​វ៉ៃ​យក​ពិន្ទុ​បន្ត​ទៀត​ ឬ​ក៏​ត្រឹម​ប្រើ​ស្នៀត​ទប់​ៗ​យក​ឈ្នះ​តែ​ម្ដង។​ ស្មារតី​នៅ​ពេល​ប្រកួត ​ត្រូវ​តែ​រឹងមាំ​ជា​និច្ច​ មោះមុត​ក្លាហាន​ មិន​តក់ស្លុត​ នៅ​ពេល​ប៉ះ​ម្ចាស់​ដើម​ក្បាច់​គុន​ ឬ​ប្រទេស​ខ្លាំង​ៗ​មួយ​ចំនួន​ឡើយ​ ដាច់​ខាត​ត្រូវ​តែ​ខំប្រឹង​ប្រកួត។​

កីឡាករទាំង៧នាក់
ថតរូបជុំគ្នាមុនពេលចេញដំណើរ

រំលឹក​ដែរ​ថា​ កីឡាករ​យុវជន​ថ្នាល​របស់​កម្ពុជា​ផ្នែក​កីឡា​តេក្វាន់ដូ​-ITF​ ចំនួន​៧នាក់​ បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​បេឡារូស​តាំង​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ ទី១៨​ ខែ​សីហា​ ឆ្នាំ​២០១៨​ មក​ម្ល៉េះ​ ដើម្បី​ទៅ​ចូលរួម​ប្រកួត​ជើង​ឯក​យុវជន​តេក្វាន់ដូ​ពិភពលោក​លើក​ទី១៣។​ កីឡាករ​ទាំង​៧រូប​នេះ​នឹង​ត្រូវ​ប្រកួត​នៅ​ថ្ងៃ​ទី២២​ ដល់​ ២៧​ សីហា​ ទើប​បញ្ចប់៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម