បើក​ឆាក​ថ្ងៃ​ដំបូងចប់ភ្លាម សិស្សបាក់ឌុប ប្រាប់អារម្មណ៍ពិត១ អ្នកធ្លាប់ឆ្លងកាត់ ដឹងតែយល់ច្បាស់

  • 2018-08-20 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស​ប្រលង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ព្រឹក​មិញ បាន​ពណ៌នា​អំពី​អារម្មណ៍​របស់​ខ្លួន​ខុសៗគ្នា ក្រោយ​ចប់​ប្រលង​ភ្លាមៗ​ សម្រាប់​ការបើក​ឆាក​ថ្ងៃ​ដំបូង។ សិស្សបាក់ឌុបបានប្រាប់អារម្មណ៍ខុសៗគ្នា ចំពោះការ​រង់​ចាំ​អស់ ១២ឆ្នាំ នៃ​ការ​សិក្សា​ថ្នាក់​ចំណេះដឹង​ទូទៅ ដែលបាន​មក​ដល់​នេះ។

គ្រប់​មណ្ឌល​ប្រលង​ គឺ​សុទ្ធ​តែ​មាន​ការ​រឹត​បន្តឹង​ តាម​បទ​បញ្ញត្តិ​របស់​ក្រសួងអប់រំ និង​ត្រួត​ពិនិត្យ​គ្រប់​បេក្ខជន ដែលបានគោរពតាម មុន​ឈាន​ជើង​ចូល​ទៅតុ​អង្គុយ​នីមួយៗ។

តាមរយៈ​មតិ​ ក្រុម​សិស្ស​បាក់ឌុប ដែល​ប្រលង​នៅ​មណ្ឌល​វិទ្យាល័យ​ច្បារអំពៅ បាន​ប្រាប់ Sabay ថា​ ខ្លួន​ពិត​ជា​មាន​អារម្មណ៍​ធូរស្រាល ក្រោយ​បាន​ធ្វើ​វិញ្ញាសា​ចប់​តាម​ម៉ោង និង​មាន​សង្ឃឹម​ច្រើន​ផង​ដែរ។ សិស្ស​ផ្សេង​ទៀត បាន​ប្រាប់​ថា ចប់​ភ្លាម រាង​ធូរ​ទ្រូង ព្រោះ​ចេញចំ​កន្លែង​ចេះ អាច​ធ្វើ​បានភាគរយ​ច្រើន។

តាម​មតិ​ក្រុម​សិស្ស​បាក់ឌុប បាន​រំលឹក​ថា ព្រឹក​មិញនេះ ពិតជាមាន​ការ​ត្រួត​ពិនិត្យ​តឹង​រឹងខ្លាំង ផ្ដើម​តាំង​ពី​នៅ​ច្រក​ចូល​មណ្ឌល​ប្រលង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ភិតភ័យ ខ្លះ​តិច ខ្លះ​ច្រើន។

សូម​ទស្សនា​វីដេអូ មតិ​សិស្ស​បាក់​ឌុប ប្រាប់​អារម្មណ៍​ពិត​ក្រោយ​ចប់​ប្រលង​ភ្លាមៗ។

សូម​បញ្ជាក់​ថា តាម​តារាង​ប្រព្រឹត្ត​ទៅវិញ្ញាសា​ នៃ​ការ​ប្រលង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់​ថា ថ្ងៃ​ដំបូង​ ដែល​ត្រូវ​នឹងសម័យ​ប្រលង ២០ សីហា ២០១៨នេះ សរុប​មាន​៤​មុខវិជ្ជា ដែល​បេក្ខជន​ត្រូវ​ធ្វើ។

គឺ​នៅ​​ពេល​ព្រឹក មាន​មុខវិជ្ជា​ប្រវត្តិវិទ្យា និង​ជីវវិទ្យា។ ឯ​ពេល​ល្ងាច​មាន​មុខវិជ្ជា​ គីមីវិទ្យា និង​ភាសា​បរទេស។

អត្ថបទ៖ ពៅ រក្សា

អត្ថបទថ្មី