នារី​ខ្មែរ-អាមេរិក Jessa សង្ឃឹមឈ្នះ​មេដាយ​មាស​ ជូន​កម្ពុជា​ពី​ Asian Games 2018

  • 2018-08-22 00:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ខ្មែរ​-អាមេរិក​ Jessa Khan​ មាន​ជំនឿ​ចិត្ត​ខ្ពស់​​នឹង​អាច​យក​មេដាយ​មាស​លើ​ប្រភេទ​កីឡា​ ជឺជីតស៊ូ​(Jujitsu)​ ជូន​ប្រទេស​កម្ពុជា​បាន​ ក្នុង​ព្រឹត្តិការណ៍​ទ្វីប​អាស៊ី​ ឆ្នាំ​២០១៨​ ដែល​កំពុង​ធ្វើ​ឡើង​នៅ​ឯ​ប្រទេស​ឥណ្ឌូណេស៊ី។​

កីឡាការិនី Jessa Khan

Jessa Khan​ បាន​ឲ្យ​ដឹង​ថា ​កញ្ញា​មាន​ទំនុក​ចិត្ត​ខ្ពស់​តែ​ម្ដង​សម្រាប់​ការ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​លើក​ទី១​នេះ ​ព្រោះ​សំអាង​ទៅ​លើ​បទ​ពិសោធ​ ​និង​ការឈ្នះមេដាយ​មាស​ជា​ច្រើន​គ្រឿង​នា​ពេល​កន្លង​ទៅ​នេះ។​ បើ​និយាយ​ពី​ការ​ហ្វឹកហាត់​វិញ​ កីឡា​ការិនី​វ័យ​១៦​ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា​ គឺ​ល្អ​គ្រប់គ្រាន់​តែ​ម្ដង ​មិន​ថា​តែ​ការ​ត្រៀម​ប្រកួត​នេះ​ទេ​ ពោល​ហាត់​ជា​រៀងរាល់​ថ្ងៃ​មុន​ការ​ប្រកួត​នេះ​ទៅ​ទៀត។​

កីឡាការិនី Jessa Khan

ចំណែក​លោក​ ថោង​ បញ្ញាធន​ អគ្គលេខាធិការ​សហព័ន្ធ​ជឺជីតស៊ូ​ ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ លោក​ក៏​​​ជឿជាក់​ខ្លាំង​លើ​កីឡា​ការិនី​រូប​នេះ​ ដោយ​សារ​ឃើញ​ពី​សមត្ថភាព​ជាក់ស្ដែង​ ក៏​ដូចជា​​​លទ្ធផល​​ដែល​ទទួល​បាន​​កន្លង​មក។​ សូម្បី​​​កីឡាករ កីឡា​ការិនី​​ដទៃៗ​ទៀត​ដែល​ហ្វឹកហាត់​ជា​មួយ​ក៏​​កោត​​សរសើរ​​ពី​សមត្ថភាព​ខ្ពស់​របស់​ជើង​ខ្លាំង​កីឡា​ការិនី​ខ្មែរ-អាមេរិក​នេះ​ដែរ។​

លោក​ ថោង​ បញ្ញាធន​ អគ្គលេខាធិការ​សហព័ន្ធ
កីឡាការិនី Jessa Khan

Jessa Khan ដែល​ធ្លាប់​ឈ្នះ​​​មេដាយ​មាស​ពិភពលោក​ច្រើន​គ្រឿង​រូប​នេះ​ ពិត​ជា​មាន​ចិត្ត​រីករាយ​ណាស់​ ដែល​បាន​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ មាន​ទាំង​ការ​លើក​ទឹក​ចិត្ត​​​ពី​​ក្រុម​គ្រួសារ​ និង​ប្រជាជន​កម្ពុជា។​ ការ​ប្រកួត​មួយ​នេះ​ ​រូប​នាង​នឹង​ខំ​ប្រឹង​ដើម្បី​បាន​មេដាយ​ជូន​ប្រទេស​ជាតិ។​

កីឡាករ ខូវ​ វិឌ្ឍានា​
កីឡាការិនី Jessa Khan

​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី​លើក​ទី១៨​នេះ​ កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ចាប់​ពី​ថ្ងៃ​ទី១៨​ សីហា​ ដល់​ទី២ ​កញ្ញា​ ២១០៨។​ ដោយ​ឡែក​ប្រទេស​កម្ពុជា​បញ្ជូន​១៣​ប្រភេទ​កីឡា​ ហើយ​ក្នុង​នោះ​ក៏​មាន​កីឡា​ជឺជីតស៊ូ​ផង​ដែរ។​ សម្រាប់​ប្រភេទ​កីឡា​មួយ​នេះ​កម្ពុជា​បញ្ជូន​អត្តពលិកពីររូប គឺ​កីឡាករ ខូវ​ វិឌ្ឍានា​ និង​កីឡា​ការិនី​ Jessa Khan​ ​ដែល​​​ចាក​ចេញ​ពី​កម្ពុជា​នា​ថ្ងៃ​ទី២២​ ខែ​សីហា​ ២០១៨៕​

ទស្សនាវីដេអូ

អត្ថបទ៖ នួន ស៊ីណា​