កម្ពុជាប្រឹងអូសទាញបរទេសរកស៊ីផ្នែកអចលនទ្រព្យក្នុងលក្ខខណ្ឌពិសេសៗ

  • 2018-08-25 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ទី១ ​រៀប​ចំ​ព្រឹត្តិការណ៍​អចលនទ្រព្យ​ក្នុង​តំបន់​អាស៊ាន​​ ​ ERANA Conventions And Exhibition ដែល​បាន​ប្រមូល​ផ្ដុំ​​អ្នក​ជំនាញ​ពី​បណ្ដា​ប្រទេស​ទាំង​៧ រួមមាន​ សិង្ហបុរី ថៃ វៀតណាម​ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ហ្វីលីពីន និង​កម្ពុជា។ ​​​ កម្មវិធី​នេះ​ធ្វើ​រយៈ​ពេល​ពីរ​ថ្ងៃ ​ដោយ​ចាប់ផ្តើមពីថ្ងៃទី២៤ ដល់២៥ ខែ​សីហា ២០១៨​។

​ឯកឧត្តម​ ម៉ី វ៉ាន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ  ថ្លែង​ថា វា​ជា​ឱកាស​ដ៏​មាន​តម្លៃ​សម្រាប់​កម្ពុជា បង្ហាញ​ពី​សក្ដានុពល​នៃ​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ​ដែល​ក្នុង​នោះ​កម្ពុជា​បាន​បើក​ផ្លូវ​សម្រាប់​អ្នក​វិនិយោគ​បរទេស​មាន​បំណង​រកស៊ី​ទទួលទាន​លើ​ការ​អភិវឌ្ឍ​លំនៅឋាន​នៅ​កម្ពុជា​ផង​ដែរ។

ឯកឧត្តម​ បញ្ជាក់ថា ​បច្ចុប្បន្ន​ ​ក្រសួង​អនុញ្ញាត​ផ្ដល់​អាជ្ញា​បណ្ណ​ដល់​ម្ចាស់​អាជីវកម្ម​អភិវឌ្ឍ​លំនៅឋាន​សាងសង់​ចាប់​ពី ០៤ ល្វែង ​ឬ ០៤ យូនីត​ឡើង​ និងរយៈពេលយ៉ាងយូរ ៣០ថ្ងៃ នៃថ្ងៃធ្វើការ ក្នុងការពិនិត្យ និងសម្រេចផ្តល់ ឬមិនផ្តល់អាជ្ញាបណ្ណ ឬបន្តសុពលភាពអាជ្ញាបណ្ណជូនក្រុមហ៊ុន។ សូម​ចុច​ទី​នេះ ដើម្បី​មើល​លក្ខខណ្ឌ​លម្អិត។​​​​​​​​

លោក​បណ្ឌិត ​គីម ហ៊ាង​ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ ព្រឹត្តិការណ៍ដ៏ធំនេះនាំមកនូវអ្នកជំនាញផ្នែកអចលនទ្រព្យ ពិសេសផ្នែកដីធ្លីពីជុំវិញពិភពលោក មកចូលរួមចែករំលែកបទពិសោធន៍របស់ពួកគេ ដល់អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែលអ្នកចូលរួមមិនត្រឹមតែអាចសិក្សាពីបទពិសោធថ្មីៗនោះទេ តែពួកគេក៏អាចចាប់ដៃគូសហការជាមួយក្រុមហ៊ុនជាតិ អន្តរជាតិដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីវិនិយោគរួមគ្នាផងដែរ។

លោកគីម ហ៊ាងបានបន្តថា “ព្រឹតិការណ៍នេះជាការនាំកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា ហើយនេះជាមោទនភាពរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា”។

យោងតាមរបាយការណ៍របស់ក្រសួង​ដែនដី បានឲ្យដឹងថា គិតត្រឹម​ខែធ្នូ ឆ្នាំ ២០១៧ ​មាន​គម្រោង​ ៣០៥២ គម្រោង​លើ​ផ្ទៃដី​១១លានម៉ែត្រការ៉េ​ ក្នុង​ទំហំ​ទឹក​ប្រាក់​ ៦ពាន់​លានដុល្លារ​ ខណៈឆមាសទី១ ឆ្នាំ២០១៨ មាន​១១៦៤៣ គម្រោង ផ្ទៃដី​ ៥លានម៉ែត្រការ៉េ​ ទំហំទឹ​ក​ប្រាក់​ជាង​ ២ពាន់​លានដុល្លារ ៕​

អត្ថបទ៖ ស៊ិន សាវ៉េត