Ferrari ឆ្នាំ​១៩៦២ លក់​ដេញ​ថ្លៃ​បាន​តម្លៃ​ថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ

  • 2018-08-27 08:09:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ferrari 250 GTO ជា​ប្រភេទ​រថយន្ត​ដ៏​កម្រ​មួយ ដែល​ផលិត​នៅ​អំឡុង​ឆ្នាំ​១៩៦២ ហើយ​វា​ត្រូវ​គេ​លក់​ដេញ​ថ្លៃ​បាន​ក្នុង​តម្លៃ​មិន​ធ្លាប់​មាន​គឺ​ចំនួន ៤៨,៤​លាន​ដុល្លារ។ ការ​លក់​នេះ ធ្វើ​ឡើង​នៅ​ព្រឹត្តិការណ៍​ដេញ​ថ្លៃ​ល្បី​ឈ្មោះ RM Sotheby's ស្ថិត​ក្នុង​ទីក្រុង Monterey រដ្ឋ California កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៨។

រថយន្ត Ferrari 250 GTO ឆ្នាំ​១៩៦២ ត្រូវ​បាន​ផលិត​ឡើង​ក្នុង​ចំនួន​ត្រឹមតែ ៣៦​គ្រឿង​ប៉ុណ្ណោះ​នៅ​លើ​ពិភពលោក ដោយ​ក្នុង​នោះ​រថយន្ត​នីមួយៗ​សុទ្ធ​តែ​មាន​លក្ខណៈ​ប្លែក​ខុស​ពី​គ្នា​បន្តិចបន្តួច។

រថយន្ត​ដែល​ទើប​លក់​ចេញ​នេះ មិន​ធ្លាប់​ទទួល​រង​ការ​ខូចខាត ឬ​ធ្លាប់​ជួសជុល​អ្វី​នោះ​ឡើយ បើ​ទោះ​ជា​វា​ត្រូវ​គេ​ប្រើ​សម្រាប់​ក្នុង​ការ​ប្រណាំង​រថយន្ត​ជា​ច្រើន​លើក​ច្រើន​សា​​មក​ហើយ នៅ​អំឡុង​ទសវត្ស​ឆ្នាំ​៦០។ ផ្ទុយ​ទៅ​វិញ វា​ជា​រថយន្ត​ដែល​ធ្លាប់​ឈ្នះ​តំណែង​ជើង​ឯក​​ថ្នាក់​ជាតិ ព្រម​ទាំង​ពាន​រង្វាន់​ធំៗ​មួយ​ចំនួន​ថែម​ទៀត​ផង។

លោក Greg Whitten អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Microsoft បាន​ទិញ​រថយន្ត Ferrari 250 GTO នេះ កាល​ពី​ឆ្នាំ​២០០០ ក្នុង​តម្លៃ​ប្រមាណ​ជា ១០​លាន​ដុល្លារ។

សូម​ជម្រាប​ថា តម្លៃ​បំបែក​កំណត់ត្រា​នៃ​ការ​លក់​ដេញ​ថ្លៃ​រថយន្ត​លើក​មុន មាន​ចំនួន ៣៨​លាន​ដុល្លារ​សម្រាប់​ប្រភេទ​រថយន្ត​ Ferrari 250 GTO ផលិត​ឆ្នាំ​១៩៦៣។ បន្ទាប់​ពី​ការ​លក់​នៅ​ឆ្នាំ​២០១៤ រថយន្ត Ferrari 250 GTO ឆ្នាំ​១៩៦៣ ត្រូវ​គេ​លក់​ជា​លក្ខណៈ​ឯកជន​បាន​តម្លៃ ៧០​លាន​ដុល្លារ កាល​ពី​ដើម​ឆ្នាំ​២០១៨៕

ប្រភព៖ Kley Kley   ប្រែសម្រួល ៖ ឈាង.