E-Sports អាច​ត្រូវ​បាន​បញ្ចូល​ក្នុង​កីឡា​អូឡាំពិក​ទេ ក្រោយ​បាន​ចូល​ Asian Games?

  • 2018-08-27 12:43:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​អេឡិចត្រូនិក ឬ Esports ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង Asian Games ហើយ​ក្នុង​ឆ្នាំ​នេះ។ តើ​អាច​ទេ​ ដែល​កីឡា​ប្រភេទ​នេះ​នឹង​ត្រូវ​បាន​ដាក់​ក្នុង​ព្រឹត្តិការណ៍​កីឡាអូឡាំពិក​ខាង​មុខ។

ចម្លើយ​គឺ​អាច។ កាល​ពី​ខែ​មុន គណៈកម្មការ​អន្តរជាតិ​អូឡាំពិក (IOC) ទើប​តែ​បាន​ធ្វើ​វេទិកា​មួយ​ស្ដី​ពី Esports នៅ​ទី​ស្នាក់​ការ​កណ្ដាល​របស់​ខ្លួន​នៅ​ទី​ក្រុង Lausanne ប្រទេស​ស្វីស។

ក្នុង​វេទិកា​នោះ ប្រធាន IOC លោក Thomas Bach បាន​បង្ហាញ​ចម្លើយ​វិជ្ជមាន​ចំពោះ Esports។ លោក​បាន​និយាយ​ថា ទំនាក់ទំនង​រវាង​កីឡា​ប្រភេទ​នេះ និង​អូឡាំពិក​កាន់​តែ​កើន​ឡើង​ជា​បន្ត​បន្ទាប់។ លោក​សន្យា​ថា នឹង​បន្ត​ពិភាក្សា​ដើម្បី​ឈាន​ទៅ​រក​ភាព​ជា​ដៃ​គូ​រវាង​ IOC និង Esports។ ទោះ​ជា​យ៉ាង​ណា លោក Bach មិន​បាន​និយាយ​ទេ តើ​ Esports អាច​ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​កីឡា​អូឡាំពិក ឬ​អត់​នោះ​ទេ។

បើ​តាម​ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អាស៊ី លោក Kenneth Fok បាន​ឲ្យ​ដឹង​ថា គោល​ដៅ​រយៈ​ពេល​វែង​របស់​សហព័ន្ធ គឺ​ដាក់​បញ្ចូល​កីឡា​ប្រភេទ​នេះ ចូល​ទៅ​ក្នុង​ព្រឹត្តិការណ៍​កីឡាអូឡាំពិក។ យ៉ាង​នេះ​ក្ដី លោក Fok មិន​ទាន់​ហ៊ាន​និយាយ​ទេ ថា​ពេល​ណា រឿង​នេះ​អាច​ក្លាយ​ជា​ការ​ពិត។

លោក Kenneth Fok ត្រូវ​បាន​សារព័ត៌មាន AP រាយ​ការណ៍​ថា មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​គណៈ​កម្មការ​អូឡាំពិក (IOC)។ ឪពុក​របស់​លោក គឺ​ជា​សមាជិក IOC មក​ពី​ហុងកុង​ ពី​ឆ្នាំ ២០០១ ដល់​ឆ្នាំ ២០១៦ ហើយ​នៅ​តែ​បន្ត​ជា​សមាជិក​កិត្តិយស​រហូត​មក​ទល់​ពេល​នេះ។

មួយ​រយៈ​ចុង​ក្រោយ កីឡា Esports ចាប់​ផ្ដើម​ទាក់ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ជា​ច្រើន ពិសេស​យុវវ័យ។ បើ​តាម​លោក Mike Morhaime នាយក​ប្រតិបត្តិ​នៃ Blizzard Entertainment ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍ​ហ្គេម​វីដេអូ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស​ជាង ២ ពាន់​លាន​នាក់​បានកំពុង​លេង Esports ខណៈ មនុស្ស​ជាង ៣៨០ លាន​នាក់​ទស្សនា​កីឡា​ប្រភេទ​នេះ៕

ប្រភព៖ Khaosod English   ប្រែ​សម្រួល៖ ហ៊ីម រស្មី