iPhone ស៊េរី​ឆ្នាំ​ ២០១៨​ ទាំង​បី​ម៉ូដែល ចាប់​ផ្ដើម​ចូល​រោងចក្រ​ហើយ​

  • 2018-08-28 02:34:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Bloomberg ​បាន​ឲ្យ​ដឹង​ថា​ រោងចក្រ​ Foxconn ​របស់​តៃវ៉ាន់​បាន​ចាប់​ផ្ដើម​ការ​ដំឡើង iPhone ស៊េរី​ឆ្នាំ​ ២០១៨ ​ពីរ​ម៉ូដែល​ដែល​ប្រើ​ប្រាស់​អេក្រង់​ OLED​​ ចាប់​តាំង​ពី​​ចុង​ខែ​កក្កដា​កន្លង​ទៅ​​ម្ល៉េះ។

គេ​ថែម​ទាំង​ដឹង​ទៀត​ថា​ ដោយ​សារ​តែ​មាន​បញ្ហា​ជា​មួយ​​នឹង​អេក្រង់​ លើ​ iPhone ប្រើ​ប្រាស់​អេក្រង់​ LCD ហេតុ​នេះ​ដំណើរ​ការ​ដំឡើង​ iPhone អេក្រង់​ LCD ទើប​បាន​ចាប់​ផ្ដើម​នៅ​ដើម​ខែ​សីហា​នេះ​ប៉ុណ្ណោះ។ មាន​ការ​សង្ស័យ​ថា​ iPhone អេក្រង់​ LCD អាច​នឹង​ត្រូវ​ពន្យារពេល​ចេញ​លក់​ ដោយ​អាច​អូស​បន្លាយ​ដល់​ខែ​វិច្ឆិកា​ឯណោះ។

iPhone X ឆ្នាំ ២០១៧

អ្នក​វិភាគ​ល្បី​ឈ្មោះ​​លោក Ming Chi Kuo ក៏​បាន​​លើក​ឡើង​ដែរ​ថា​ Foxconn នឹង​ទទួល​រ៉ាប់រង​​ដំឡើង​ iPhone អេក្រង់​ OLED ទំហំ​ ៥,៨ អ៊ីញ​ទាំង​អស់​ ហើយ​ដំឡើង​​ iPhone អេក្រង់​ OLED ទំហំ​ ៦,៥ អ៊ីញ​ប្រមាណ​ ៨០% ទៅ ៩០%។ ចំណែក​ iPhone ប្រើ​អេក្រង់​ LCD ទំហំ​ ៦,‌១ អ៊ីញ​ វិញ​ Foxconn នឹង​ផលិត​ទទួល​ដំឡើង​ ៣០%។

រោងចក្រ​ Pegatron នឹង​ទទួល​ដំឡើង​ ៦០% នៃ​ iPhone អេក្រង់​ LCD និង​ ១០% ទៅ ១៥% នៃ​ iPhone អេក្រង់​ OLED ទំហំ​ ៦,៥ អ៊ីញ។ នៅ​សេស​សល់​ទាំង​ប៉ុន្មាន​គឺ​រោងចក្រ​ Wistron ជា​អ្នក​ដំឡើង។

សម្រាប់​ឆ្នាំ​ ២០១៨ នេះ​ គេ​ជឿ​ជាក់​ថា​ Apple នឹង​ប្រកាស​ចេញ​ iPhone ស៊េរី​ថ្មី​ចំនួន​ ៣ ប្រភេទ​ មាន​ពីរ​ប្រភេទ​ប្រើ​អេក្រង់​ OLED និង​មួយ​ប្រភេទ​ប្រើ​អេក្រង់​ LCD មាន​តម្លៃ​ធូរ​ថ្លៃ។ ស្មាតហ្វូន​ទាំង​បី​នឹង​មាន​រចនាបថ​ដូច​គ្នា​ ដោយ​មាន​ក្បាល​ឆក​ និង​មាន​មុខងារ​ស្កេន​មុខ​ដើម្បី​ដោះ​សោ។ គេ​រំពឹង​ថា​ iPhone ឆ្នាំ​ ២០១៨ នឹង​ប្រកាស​ចេញ​នៅ​ថ្ងៃ​ទី​ ១២ ខែ​កញ្ញា​ នៅ​ទីស្នាក់ការ​ថ្មី​របស់​ Apple៕​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង