​ល្អ​ណាស់! ក្រោយ​​មាន​តម្រូវ​ការ​រាប់​តោន​ទៅ​ផ្សារ​​អ៊ីអន​ អ្នក​​​ស្វាយ​រៀង​បង្កើន​​ផលិត​​​បន្លែ​សុវត្ថិភាព​ថែម​ទៀត

  • 2018-08-29 10:08:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​​​ផ្គត់​​ផ្គង់​​បន្លែ​សុវត្ថិ​ភាព​រាប់​តោន​ទៅកាន់​ទីផ្សារ​រួច​មក ​ជាពិសេស​​ផ្សារ​ទំនើប​ទាំង​នៅ​រាជធានី​ភ្នំពេញ​ និង​ក្រុង​បាវិត​ មន្ទីរ​កសិកម្ម​ខេត្ត​ស្វាយ​រៀង​​មាន​ឆន្ទៈ​​​ថា នឹង​បង្កើន​ការ​ផលិត​បន្លែ​​សុវត្ថិភាព​បន្ថែម​​ទៀត​ ដើម្បី​ឆ្លើយតប​ទីផ្សារ​​។ នេះ​បើ​តាម​ប្រសាសន៍​ លោក ថាច់​ រត​នា ប្រធាន​​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ស្វាយ​រៀង ​បាន​ថ្លែង​ប្រាប់ sabay។

ទិដ្ឋភាព​បន្លែ​គ្មានជាតិគីមី នៅក្នុង​ផ្សារ​ទំនើប

បន្លែ​សុវត្ថិភាព​​គឺជា​ពពួក​បន្លែ​ទាំង​ឡាយ​ណា ដែល​ត្រូវ​បាន​ផលិត​​​តាម​ស្តង់ដារ​កសិកម្ម​ល្អ​តាមរយៈ​​គម្រោង​ផលិតកម្ម​ស្បៀង​ ដែល​គាំទ្រ​ថវិកា ​ដោយ​រាជរដ្ឋាភិបាល​ អនុវត្ត​ដោយ​​ក្រសួង​កសិកម្ម​រុក្ខា​ប្រម៉ាញ់ និង​នេសាទ​​ចាប់​ពី​ឆ្នាំ​ ២០១៦ ដល់​ឆ្នាំ ​២០១៩។

លោក ថាច់ រតនា បាន​បន្ថែម​ថា កាលពី​ឆ្នាំ​​២០១៧ កន្លងមក​សហគមន៍​ផលិត​បន្លែ​សុវត្ថិភាព​ខេត្ត​ស្វាយ​រៀង​បាន​​ផ្គត់​ផ្គង់​​បន្លែ​សុវត្ថិភាព​​ទៅ​​​ផ្សារ​​ជាច្រើន​​ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ផ្សា​រ​ទំនើប​អ៊ីអន​ម៉ល​ផង​ មាន​ប្រមាណ​ ៦០ តោន​ ខណៈ​មាន​សុវត្ថិភាព​មាន់​ចំនួន ៦ ២២០​ក្បាល។

ខេត្ត​ស្វាយរៀង​មាន​ទាំង​សហគមន៍​ផលិត​ និង​សហគមន៍​ផ្គត់​ផ្គង់​ស្ទើរ​គ្រប់​ស្រុក​ទាំង​អស់​ទូទាំង​ខេត្ត​ស្វាយ​រៀង។​ ចំពោះ​​សហគមន៍​ផ្គត់​ផ្គង់​បន្លែ​ទៅ​រាជធានី​ភ្នំពេញ​ និង​ក្រុង​បាវិត​ មាន​ចន្លោះ​ពី​ ៣០០ ទៅ​ ៤០០​​កន្លែង ដោយ​ពួកគាត់​ត្រូវ​ចំណាត់​ថ្នាក់​ វេច​ខ្ចប់​ ​អនាម័យ​ និង​បិទ​ស្លាក​សញ្ញា​សំគាល់​បន្លែ​សុវត្ថិភាព។

“បន្លែ​ហ្នឹង​មាន​ស្ទើរ​​គ្រប់​មុខ​ទៅតាម​រដូវ​កាល​ ក្នុង​នោះ​រួមបញ្ចូល​​​ទាំង​បន្លែ​យក​មើម និង​បន្លែ​យក​​ផ្លែ។ អញ្ចឹង​យើង​មាន​ទីផ្សារ​ទាំង​​ក្នុង​ខេត្ត​ដូច​ជា​នៅ​តាម​កាស៊ីណូ​ក្រុង​បាវិត​​ យើង​បាន​ផ្គត់​ផ្គង់​ក្នុង​មួយ​ថ្ងៃ​ចន្លោះ​ពី ​១តោន ​ទៅ​ជិត ២ តោន ចំណែក​​នៅ​ភ្នំពេញ​គឺ​​យើង​មាន​​ផ្សារ​ទំនើប​ចំនួន​៦​កន្លែង​ ដែល​​ត្រូវ​ផ្គត់​ផ្គង់​ចន្លោះ​ពី​ ​​១​តោន​ទៅ​ ១ តោន​ជាង​ក្នុង​មួយ​ជើង​”។​

លោក​បាន​បន្ថែម​ថា បន្ទាប់​ពី​មាន​តម្រូវ​ការ​​កើន​ឡើង ផ្ទៃ​ដី​ដាំដុះ​បន្លែ​សុវត្ថិភាព​ត្រូវ​បាន​ពង្រីក​ពី​សួន​បន្លែ ទៅ​​ជា​ចម្ការ​បន្លែ​​​ ដែល​​មាន​​ផ្ទៃដី​ដាំដុះ​កាន់​តែ​ធំ​ជាង​មុន​ ខណៈ​ការ​ធ្វើ​កសិកម្ម​គឺ​ធ្វើ​តាម​បទដ្ឋាន​បច្ចេកទេស​យ៉ាង​ត្រឹម​ត្រូវ មាន​ដូច​ជា​ដាំ​ក្នុង​រោង ដាំ​ជា​រង ដាំ​គ្រប​ប្លាស្ទីក​ ជាមួយ​នឹង​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​បាន​យ៉ាង​ល្អ។ "​អញ្ចឹង​មន្ទីរ​កសិកម្ម​ខេត្ត​កំពុង​បន្ត​​ផ្សព្វផ្សាយ​ពី​បច្ចេកទេស​ដើម្បី​អាច​ពួក​គាត់​អាច​ដាំ​ដុះ​ពេញ​​មួយ​ឆ្នាំ​ ដើម្បី​បង្កើត​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​​"។

ទន្ទឹម​​នឹង​នេះ ​ការ​ចិញ្ចឹម​មាន់​ក៏​មាន​ទីផ្សារ​ល្អដែរ ខណៈ​ការ​ចិញ្ចឹម​នេះ​តាម​លក្ខណៈ​បច្ចេកទេស​ជីវសុវត្ថិភាព​​។ កសិករ​មាន​សហគមន៍​ចិញ្ចឹម​មាន់ និង​បណ្ដាញ​ផ្សេងៗ ដើម្បី​​ផ្គត់​ផ្គង់​ទៅ​កាន់​ទីផ្សារ។ នេះ​បើ​តាម​ ​លោក ថាច់ រតនា។

តំណាង​ផ្នែក​ទទួល​​ទិញ​បន្លែ​សុវត្ថិភាព ​​នៃ​ផ្សារ​ទំនើប​អ៊ីអន​ម៉ល​​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ថា ជា​ការ​ពិត​ផ្សារ​ទំនើប​អ៊ីអន​មិន​មែន​បញ្ជាទិញ​បន្លែ​សុវត្ថិភាព​ ​តែ​ពី​សហគមន៍​កសិករ​នៅ​ខេត្ត​ស្វាយ​រៀង​មួយ​ទេ ប៉ុន្តែ​មាន​សហគមន៍​ផ្គត់​ផ្គង់​​បន្លែ​ជាច្រើន​ទៀត​​​ក៏បាន​ទិញ​យក​មក​​លក់​​អ៊ីអន​ម៉ល​ដែរ។ ដោយ​មិន​បញ្ជាក់​ពី​បរិមាណ​តម្រូវការ​បន្លែ​សុវត្ថិភាព​ និង​ចំនួន​សហគមន៍​ផ្គត់​ផ្គង់​ លោក​ថា បន្លែ​ទាំង​អស់​គឺ​មាន​ការ​ធានា​ច្បាស់​លាស់ ជា​ប្រភេទ​បន្លែ​សុវត្ថិ​​ភាព​៕

អត្ថបទ៖ សុផល