«ទីក្រុងវៃឆ្លាត» របស់កម្ពុជាបានក្លាយជាប្រធានបទនៃពិព័រណ៍អន្តរជាតិ CAMBUILD ២០១៨

  • 2018-09-03 08:17:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​តាំង​ពិព័រណ៍​វិស័យ​ស្ថាបត្យកម្ម​អាគារ និង​សំណង់ អន្តរជាតិ​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា​ CAMBUILD 2018 នឹង​ផ្ដោត​សំខាន់​លើ​ប្រធានបទ "គំនិត​ច្នៃ​ប្រឌិត" នៃ​ការ​រចនា​ និង​ការ​រៀប​ចំ​បែប​ទី​ក្រុង​បៃតង​សម្រាប់ "ទី​ក្រុង​វៃ​ឆ្លាត" ស្រប​តាម​គម្រោង​អភិវឌ្ឍ​ទី​ក្រុង​អនាគត​នៅ​កម្ពុជា​។ ការ​តាំង​ពិព័រណ៍​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​រយៈពេល ៣ថ្ងៃ គឺថ្ងៃទី ១២ -១៣ និង ១៤ កញ្ញា ២១០៨ នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ​។

ក្រៅ​ពី​ការ​តាំង​ពិព័រណ៍​នេះ​ ក៏​មាន "​វេទិកា​ស្ថាបត្យករ​កម្ពុជា​លើក​ទី ២” ដែល​មាន​ការ​គាំទ្រ​ពី​សំណាក់​អ្នក​ជំនាញ​ក្នុង​ស្រុក​និង ​អន្តរជាតិ​ ដើម្បី​មក​ចែក​រំលែក​ចំណេះ​ដឹង​ និង​ជំនាញ​ដែល​នឹង​បង្កើត​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​កសាង​ទីក្រុង​ឆ្លាតវៃ​នា​ពេល​អនាគត​សម្រាប់​កម្ពុជា។ នេះ​បើ​យោង​តាម​ការ​ប្រកាស​នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​ដោយ​ឯកឧត្តម ភឿន សោភ័ណ អគ្គលេខាធិការ​ក្រុមប្រឹក្សាភិបាល​ស្ថាបត្យករ​កម្ពុជា​ និង​រដ្ឋ​លេខាធិការ​នៃ​ក្រសួង​ដែនដី​នគរូបនីយកម្ម។

សន្និសីទ​សារ​ព័ត៌មាន CAMBUILD 2018

«គំនិត​ផ្ដួចផ្ដើម​របស់​ទី​ក្រុង​វៃ​ឆ្លាត​នឹង​ធ្វើ​ឲ្យ​ទីក្រុង​របស់​យើង​កាន់​តែ​មាន​សុវត្ថិភាព ប្រសិទ្ធភាព និង​និរន្តរភាព​អម​ជាមួយ​បរិស្ថាន​ល្អ ដោយ​ផ្ដោត​លើ​គំនិត​នេះ​យើង​សង្ឃឹម​ថា​អ្នក​សាង​សង់ ស្ថាបត្យករ អ្នក​រចនា វិស្វករ​ និង អ្នក​អភិវឌ្ឍន៍​នឹង​រក្សា​គំនិត​ក្នុង​ការ​សាងសង់​ទី​ក្រុង​វៃឆ្លាត  ក្នុង​ការ​អភិវឌ្ឍ​គម្រោង​ថ្មី​ៗ»។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​​លោក Andrew Siow នាយក​ក្រុមហ៊ុន AMB Tarsus Events Group ដែល​ជា​អ្នក​រៀប​ចំ​កម្មវិធី CAMBUILD 18 ។

«​នេះ​ជា​លើក​ទី ៨​ហើយ ដែល​យើង​រៀបចំ​ឲ្យ​មាន ​CAMBUILD ដែល​ជា​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថប្រយោជន៍​បំផុត​ សម្រាប់​ ស្ថាបត្យករ អ្នក​រចនា អ្នក​អភិវឌ្ឍ វិស្វករ អ្នក​ម៉ៅ​ការ អ្នក​ផ្គត់ផ្គង់ និង​អ្នក​ចែក​ចាយ ដោយ​ពួក​គេ​នឹង​ជួប​ផ្ទាល់​ជាមួយ​អ្នក​​ផ្គត់ផ្គង់​ផលិតផល​ថ្មីៗ​ជាមួយ​បច្ចេកវិទ្យា​ទំនើប​ៗ និង​ទទួល​បាន​គំនិត​ច្នៃ​ប្រឌិត​ជាច្រើន​នៅ​ក្នុង​ឧស្សាហកម្ម​សំណង់»។

រូបភាពពី CAMBUILD 2017

នឹង​មាន​ការ​ចូល​រួម​តាំង​ពិព័រណ៍​សរុប ៣៥០ក្រុមហ៊ុន ដូចជា ក្រុមហ៊ុន​សម្ភារៈ​សំណង់ ការ​គ្រប់​គ្រង​អគារ ប្រព័ន្ធ​សន្តិសុខ និង​សុវត្ថិភាព ថាមពល​និង អគ្គិសនី គ្រប់​គ្រង់​ប្រព័ន្ធ​គ្រប់​គ្រង​ទឹក​ និង​បន្សុត​ទឹក និង​ប្រព័ន្ធ​គ្រប់​គ្រង​ម៉ាស៊ីន​ត្រជាក់​ទំនើប​ជាដើម ពិសេស​​មាន​​ម៉ាក​ផលិតផល​អន្តរជាតិ​មក​ពី ២៣ប្រទេស​រួមមាន​ ចិន អ៊ីតាលី ជប៉ុន កូរ៉េ​ខាង​ត្បូង​ អាល្លឺម៉ង់ ម៉ាឡេស៊ី តៃវ៉ាន់ ថៃ សិង្ហបុរី និង​វៀតណាម​ និង​អម​កម្មវិធី​ផ្ដល់​ជូន​ពិសេសៗ​ភ្ជាប់​ជាមួយ​ការ​បញ្ចុះ​តម្លៃ​ជាច្រើន​ផង​ដែរ ។

ចូលរួម​ដោយ​សេរី និង​ឥតគិតថ្លៃ សម្រាប់​ពាណិជ្ជករ​ និង​អ្នក​ជំនាញ​ខាង​វិស័យ​ឧស្សាហកម្ម​សំណង់ ស្ថាបត្យករ និង វិស្វករ។ ពិព័រណ៍​នេះ​ក៏​នឹង​ផ្ដល់​ជូន​នូវ​ឱកាស​បង្កើត​ទំនាក់ទំនង​អាជីវកម្ម​ផង​ដែរ​៕

ដោយ៖ ដេត លីដា