គ្រោះថ្នាក់ចរាចរណ៍មួយ៖ ព្យាបាល​អស់​ប្រាក់​ជិត ៧ម៉ឺន​ដុល្លារ​ហើយ តែ​ស្ថានភាព​លោក​គ្រូ​បង្វឹក​ឆ្កែ​កម្ពុជា​​ល្បី​ពេញ​ពិភពលោក​ នៅតែ​ធ្ងន់

  • 2018-09-06 03:54:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​គ្រួសារ​សាច់ញាតិ​ លោក​ហ៊ិន រតនា ដែល​ជា​គ្រូបង្ហាត់​ឆ្កែ​ដ៏​ល្បី​ម្នាក់ តំណាង​ឲ្យ​ប្រទេស​កម្ពុជា​​ បាន​បង្ហើប​ពី​ប្រាក់​ចំណាយ​ព្យាបាល​តាំង​ពី​ថ្ងៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​រហូត​មក​ទល់​នឹង​ពេល​​នេះ​បាន​ចំណាយ​អស់​ជិត ៧ម៉ឺន​ដុល្លារ​ហើយ។

លោក ខ្លេង សុខហ៊ ត្រូវ​ជា​បង​ថ្លៃ​លោក​ហ៊ិន​ រតនា បាន​ប្រាប់ Sabay ថា រហូត​មក​ដល់​នឹង​ពេល​នេះ ការ​ចំណាយ​ថ្លៃ​ព្យាបាល​អស់​ប្រាក់​ប្រហែល​៧ម៉ឺន​ដុល្លារ​ហើយ​ ដោយ​រាប់​តាំង​ពី​ព្យាបាល​នៅ​ពេទ្យ​ស្រុក​ខ្មែរ និង​ថ្លៃ​ដឹកជញ្ជូន​តាម​ជើង​យន្ត​ហោះ និង​ការ​ព្យាបាល​សង្គ្រោះ​បន្ទាន់​ នៅ​ពេទ្យ​ថៃ។

លោក ខ្លេង សុខហ៊ បាន​បង្ហើប​ពី​ការ​ចំណាយ​ឲ្យ​ដឹង​ថា៖ ក្រោយ​ជួប​គ្រោះ​ថ្នាក់​​ចរាចរណ៍​ភ្លាម​ៗ​បាន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ពីរ​ក្នុង​ស្រុក​ចំណាយ​អស់​ប្រមាណ​ជា ១ម៉ឺន​ដុល្លារ រួច​ហើយ​បាន​បញ្ជូន​ទៅ​កាន់​ពេទ្យ​ប្រទេស​ថៃ ដែល​គ្រាន់​តែ​​ថ្លៃ​ដឹកជញ្ជូន​តាម​យន្ត​ហោះ​អស់​ ១ម៉ឺន៥ពាន់​ដុល្លារ និង​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បំរ៉ុងរ៉ាត់ ប្រទេស​ថៃ​រហូត​មក​ទល់​នឹង​ពេល​នេះ​អស់​ប្រហែល​ ៤ម៉ឺន​៥ពាន់​ដុល្លារ​ ដូច្នេះ​សរុប​ខ្ទង់​ចំណាយ​ប្រហែល ៧ម៉ឺន​ដុល្លារ​ហើយ។

ទិដ្ឋភាព​ដឹកតាមយន្តហោះ​ទាំង​យប់​ទៅ​ព្យាបាល​នៅប្រទេស​ថៃ

កាល​ពី​យប់​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ២០១៨ លោក ហ៊ិន រតនា ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​ថៃ​ទាំង​យប់​ដើម្បី​ព្យាបាល​របួស​ដ៏​ធ្ងន់ធ្ងរ ដែល​បង្ក​ឡើង​ដោយ​ជន​ជាតិ​ចិន។ លោក ហ៊ិន រតនា បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ថ្ងៃ​ទី ២៥ ខែ​សីហា កន្លង​ទៅ នៅ​ពេល​លោក​​បើក​ម៉ូតូ ​​ត្រូវ​បាន​ឡាន​មួយ​គ្រឿង​បើកបរ​ដោយ​ជនជាតិ​ចិន​ បាន​បើក​បុក​ហើយ​មិន​ឈប់​ដោះ​ស្រាយ​ថែម​ទាំង​បើក​ទៅ​មុខ​ និង​ថយ​ក្រោយ​កិន​ពី​លើ​រាងកាយ​របស់​លោក រហូត​​ធ្វើ​ឲ្យ​លោក​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ ដូចជា បាក់​ឆ្អឹង​ខ្នង ឆ្អឹង​ស្លាប​ប្រជៀវ​ ឆ្អឹងជំនី ជាច្រើន​ និង​ខ្ទាំ​សាច់ដុំ។

បច្ចុប្បន្ន​នេះ  លោក ហ៊ិន រតនា ដែល​ជា​គ្រូ​បង្ហាត់​ឆ្កែ​ដ៏​ល្បី​ម្នាក់ តំណាង​ឲ្យ​ប្រទេស​កម្ពុជា និង​មាន​ការ​ទទួល​ស្គាល់​ពី​អន្តរជាតិ​ កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​បំរ៉ុងរ៉ាត់ ប្រទេស​ថៃ ដែល​ស្ថានភាព​ហាក់​នៅ​ធ្ងន់ធ្ងរ​នៅ​ឡើយ បើ​ទោះ​ជា​បាន​ចំណាយ​ប្រាក់​អស់​រាប់​ម៉ឺន​ដុល្លារ​ហើយ​ក្ដី ក៏​ខ្ទង់​នៃ​ការ​ព្យាបាល​ត្រូវ​ការ​ពេល​យូរ និង​ចំណាយ​ច្រើន​ថែម​ទៀត ម៉្លោះ​ហើយ​គ្រួសារ​បាន​សម្រេច​ចិត្ត​បាន​ដាក់​ប្លង់​ផ្ទះ​អស់​មួយ​ហើយ និង​គ្រោង​ដាក់​មួយ​ទៀត។ នេះ​បើ​តាម​ការ​រៀបរាប់​របស់​ លោក ខ្លេង សុខហ៊ ត្រូវ​ជា​ប្អូន​ថ្លៃ​ជនរងគ្រោះ​ប្រាប់ Sabay កាល​ពី​ថ្ងៃ​ទី ៥ កញ្ញា ម្សិលមិញ។

លោក ហ៊ិន រតនា និង​ ក្រុម​គ្រួសារ

ចំពោះ​មូលនិធិ ​ដែល​ប្រមូល​បាន​​ និង​ថ្លៃ​សំណង​របស់​ជនជាតិ​ចិន​​នោះ នៅ​មិន​ទាន់​​គ្រប់​ថ្លៃ​ចំណាយ​នៅ​ឡើយ​ ព្រោះ​ត្រូវ​ការ​ព្យាបាល​រយៈពេល​យូរ​ទៀត ម៉្លោះ​ហើយ​ក្រុម​គ្រួសារ​បាន​អំពាវនាវ​ឲ្យ​សប្បុរសជន​ជួយ​ឧបត្ថម្ភ​បន្ថែម​ទៀត​ ដោយ​អាច​ទំនាក់ទំនង​តាម​លេខ៖

  • Phiron Soum 098572825,
  • Seang Leang 0966666500,
  • Narak Colla 093627143,
  • Manin Nin 092 600 050‬,
  • Muyly Heng 093334233
នេះ​ជា​គណនី​​នៃ​ការ​បង្កើត​មូលនិធិ​ជួយ​សង្គ្រោះ​លោក ហ៊ិន រតនា ដែល​កំពុង​រងបួសធ្ងន់​នៅ​ឡើយ​

រូបថតខាង​លើ​ទាំង​អស់​ផ្ដល់​ដោយ​ លោក ខ្លេង សុខហ៊ ត្រូវ​ជា​បង​ថ្លៃ​លោក​ហ៊ិន​ រតនា

អត្ថបទ៖ ប៊ិន ប៊ុណ្ណា