ម៉ាស៊ីន​ឡាន​មាន​ ៤ ប្រភេទ មួយៗ​មានទាំង​គុណ​សម្បត្តិ​និង​គុណវិបត្តិ

  • 2018-09-07 10:15:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មកស្គាល់ពីប្រភេទម៉ាស៊ីនបំពាក់លើរថយន្ត ថាតើមានប៉ុន្មានប្រភេទ?

នៅក្នុងសហគ្រាសផលិតរថយន្ត បច្ចេកវិទ្យាមានការអភិវឌ្ឍឥតឈប់ឈរ សឹងគ្រប់ផ្នែកទាំងអស់ដែលបំពាក់លើរថយន្ត។ ក្នុងនោះ ការរចនាប្រភេទម៉ាស៊ីន តាមប្រភេទនានា បានកើតមានឡើង ដោយមិនត្រឹមតែមានចំណុះ កម្លាំងសេះដែលវាអាចផលិតបាននោះទេ សូម្បីតែប្រភេទរបស់វា ស្ថាប័ត្យកម្ម ក៏ខុសគ្នាទៅតាមហ្នឹងដែរ។

ចង់ដឹងថា ប្រភេទនៃម៉ាស៊ីនរថយន្តមានអ្វីខ្លះនោះអាចតាមដានជាមួយ Sabay ទាំងអស់គ្នា៖

១. ម៉ាស៊ីន Inline (I Engine)

ម៉ាស៊ីនប្រភេទ I ដែលគេចំណាំហៅថា Straight Engine (ម៉ាស៊ីនត្រង់) នោះ ជាប្រភេទម៉ាស៊ីនដែលមានការពេញនិយមបំផុត ក្នុងពិភពលោក។ ចាប់តាំងតែពីឆ្នាំ ២០០០ មក ប្រហែលពាក់កណ្ដាលនៃចំំនួនរថយន្តថ្មី ដែលផលិតបានសរុប ត្រូវបានបំពាក់មកជាមួយម៉ាស៊ីនប្រភេទ I ។ និយាយតាមបច្ចេកទេស ម៉ាស៊ីន I មានបំពង់ស៊ីឡាំងបញ្ឈរជាប់ៗគ្នា (តាមចំនួនស៊ីឡាំង) នៅលើ វីឡឺប្រឹកាំង (crankshaft) តែម្ដង។ ម៉ាស៊ីនប្រភេទ I ភាគច្រើនមានស៊ីឡាំង ៤ តែពេលខ្លះ ក៏មានដល់ ៦ និង ៨ ស៊ីឡាំងដែរ។

ដោយសារតែវាមានបំពង់ស៊ីឡាងបញ្ឈរ ម៉ាស៊ីនប្រភេទ I មិនសូវត្រូវការគ្រឿងទប់លំនឹងស៊ីឡាំង ហើយម៉ាស៊ីននេះទៀតសោតក៏មិនសូវមានភាពស្មុគស្មាញដែរ។ ភាពសាមញ្ញនេះ ធ្វើឲ្យការជួសជុលម៉ាស៊ីនប្រភេទនេះ មានតម្លៃថោក និងងាយថែទាំ។ ម៉្យាងទៀត ម៉ាស៊ីននេះមិនសូវរងរំញ័រពេលបើកលឿនឡើយ ហើយនៅពេលដែលលេខឡើងខ្ពស់ ម៉ាស៊ីនប្រភេទ I នេះ ក៏នៅតែផ្ដល់កម្លាំងរមួល (torque) ខ្លាំងដដែល។

យ៉ាងណាមិញ ម៉ាស៊ីនប្រភេទ I មានគុណវិបត្តធំមួយ គឺវាស៊ីកន្លែងធំ ពេលចំណុះស៊ីឡាំងធំ ហើយមានចំនួនច្រើន។ ម៉្យាងទៀត ម៉ាស៊ីនប្រភេទ I ត្រូវការតួម៉ាស៊ីនដែលរឹងមាំខ្លាំង ដើម្បីទប់នឹងការធ្វើការដ៏ខ្លាំងក្លារបស់ម៉ាស៊ីននេះ។ នៅពេលបើកបរក្នុងល្បឿនលឿន ម៉ាស៊ីនប្រភេទ I នឹងផ្ដល់លំញ័រខ្លាំងធៀបទៅនឹងរថយន្តធម្មតា។ ២. ម៉ាស៊ីនប្រភេទ V ម៉ាស៊ីនប្រភេទនេះ មានស៊ីឡាំងទ្រេត នៅអមសងខាង វីឡឺប្រឹកាំង ដែលវាបង្កើតបានជារាងអក្សរ V នៅក្នុងតួម៉ាស៊ីននោះ។ ម៉ាស៊ីនប្រភេទ V មានចំនួនស៊ីឡាំង ចាប់ពី ២ រហូតដល់ ២៤ ឯណោះ។

ជាទូទៅ ម៉ាស៊ីនប្រភេទ V មានរាងតូច និងស្រាល បើប្រៀបធៀបទៅនឹងម៉ាស៊ីនប្រភេទ I ទំហំប៉ុនគ្នា។ ប្រសិនបើស៊ីឡាំងក្នុងម៉ាស៊ីនប្រភេទ V មានលំនឹងល្អ វានឹងធ្វើការបានប្រសើរ ហើយជួយសន្សំសំចៃឥន្ធនៈបានច្រើន ដោយសារតែទម្ងន់ស្រាលរបស់តួម៉ាស៊ីន។ ហើយក៏ដោយសារតែ រូបរាងតូចស្អាតនេះដែល បានជាម៉ាស៊ីនប្រភេទ V ត្រូវបានគេយកទៅប្រើប្រាស់លើរថយន្ត ហើយសូម្បីតែម៉ូតូ ក៏មានម៉ាស៊ីនប្រភេទ V នេះដែរ។

និយាយពីផលលំបាកវិញ ម៉ាស៊ីនប្រភេទ V មានភាពស្មុគស្មាញ ពិបាកផលិត និងថែទាំ។ បើសិនជាស៊ីឡាំងខាងក្នុងមិនមានលំនឹងល្អទេនោះ វាអាចបណ្ដាលឲ្យម៉ាស៊ីនញ័រខ្លាំង ហើយមានភាពមិនប្រក្រតី ដូចជាស៊ីសាំងខ្លាំងជាងធម្មតាជាដើម។

៣. ម៉ាស៊ីនប្រភេទ Flat/Boxer ម៉ាស៊ីនប្រភេទ Flat មានការរចនាឡើង ខុសពីគេដោយ ស៊ីឡាំងរបស់វាត្រូវបានតម្រៀបជាលក្ខណៈផ្ដេក ហើយពេលធ្វើការគឺពីស្ដុងវា នឹងរត់ ឆ្វេង ស្ដាំ ទៅមក។ ចំណែកឯ ម៉ាស៊ីន Boxer វិញ វាស្ថិតនៅក្នុងប្រភេទម៉ាស៊ីន Flat ដែរ តែស៊ីឡាំងរបស់វាត្រូវបានរចនាមកឲ្យស្ថិតនៅសងខាង វីឡឺប្រឹកាំង ដែលនៅចំកណ្ដាល។ ម៉ាស៊ីនប្រភេទ Flat/Boxer ត្រូវបានផលិតមកជាមួយចំនួនស៊ីឡាំង ចាប់ពី ២ រហូតដល់ ១៦។

ម៉ាស៊ីនប្រភេទ Boxer គឺមានលំនឹងល្អខ្លាំងណាស់ ដោយវាមិនចាំបាច់មានប្រព័ន្ធទប់លំនឹងនៅក្នុងតួម៉ាស៊ីនឡើយ។ ដោយសារតែវាដំណើរការ ឆ្វេង ស្ដាំបែបនេះ ទើបធ្វើឲ្យវាមិនសូវមានសម្ពាធដោយសារទំនាញ ហើយប្រព័ន្ធប្រអប់លេខ ក៏ដំណើរការបានប្រសើរដែរ ជាមួយម៉ាស៊ីនប្រភេទ Flat/Boxer នេះ។ ម៉្យាងទៀត ក្រៅពីការផ្ដល់ថាមពលដ៏មានប្រសិទ្ធភាព ម៉ាស៊ីនប្រភេទ Flat/Boxer ក៏ងាយស្រួលក្នុងការបញ្ចុះកម្ដៅដែរ ដោយសារតែការរចនាឡើង រាងធំទូលាយរបស់វា។ អ៊ីចឹងហើយ ម៉ាស៊ីនប្រភេទ Flat/Boxer អាចប្រើត្រឹមធុងទឹកធម្មតា ស្អំកង្ហារត្រជាក់ គឺអាចដំណើរការបានប្រក្រតីហើយ។ យ៉ាងណាមិញ គុណវិបត្តរបស់ ម៉ាស៊ីនប្រភេទ Flat/Boxer គឺវាមានទំហំធំ ស៊ីកន្លែងច្រើន ហើយក៏ពិបាកថែទាំខ្លាំងដែរ។ ម៉្យាងទៀត ដោយសារតែក្បាលស៊ីឡាំង នៅខាងឆ្វេង ស្ដាំ ជាប់ជាមួយនឹងតួម៉ាស៊ីននោះ វាធ្វើឲ្យការប្ដូរក្បាលប៊ូស៊ី ដែលជាការងារងាយស្រួលបំផុត សម្រាប់ ម៉ាស៊ីន V និង I នោះ ក្លាយទៅជារឿងមួយដ៏លំបាកសម្រាប់ម៉ាស៊ីនប្រភេទ Flat/Boxer ព្រោះវាយ៉ាប់ដោះចេញ។ បើនិយាយពីតម្លៃវិញ ម៉ាស៊ីនប្រភេទ Flat/Boxer មានតម្លៃថ្លៃ ហើយមិនមែនដាក់ត្រូវគ្រប់ប្រភេទរថយន្តនោះឡើយ។

៤. ម៉ាស៊ីនប្រភេទ VR និង W

ដូចគ្នាទៅនឹងប្រភេទម៉ាស៊ីន V ដែរ គឺម៉ាស៊ីនប្រភេទ W ត្រូវបានគេដាក់ឈ្មោះតាមការតម្រៀបតួម៉ាស៊ីនមានគន្លាក់ច្រើន សម្រាប់ដាក់ស៊ីឡាំងជារាង W ឬព្រួញនេះឯង។ ចំពោះប្រភេទខ្លះ ម៉ាស៊ីនប្រភេទ W នេះមាន វីឡឺប្រឹកាំងលើសពី ១ ហើយម៉ាស៊ីនប្រភេទនេះទៀតសោត ត្រូវបានគេប្រើប្រាស់ភាគច្រើនសម្រាប់រថយន្តស្ព័រ ល្បឿនលឿនផុតលេខ។

ប្រភព៖ Proctor Cars   ប្រែ​សម្រួល៖ ផាត សុវត្ថិ