ស្រីៗគ្មានថ្ងៃយល់ចំណុចទាំងនេះរបស់មនុស្សប្រុស ហើយចេះតែចោទប្រកាន់ទាំងទទឹងទិស
- 2018-09-07 10:32:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗគ្មានថ្ងៃយល់ចំណុចទាំងនេះរបស់មនុស្សប្រុស ហើយចេះតែចោទប្រកាន់ទាំងទទឹងទិស
ចន្លោះមិនឃើញ
មានរឿងជាច្រើនដែលមនុស្សស្រីតែងយល់ខុសលើមនុស្សប្រុស ហើយតែងតែចោទប្រកាន់ឈ្លោះរករឿង ហើយពេលខ្លះគេក៏ចេះហត់នឿយ និងតាមយល់ពីមនុស្សស្រីដូចគ្នា។ មនុស្សប្រុស តែងតែត្រូវបានគេលើកមកនិយាយពីរឿងស្នេហាច្រើនជាងមនុស្សស្រី ជាពិសេសគឺចំណុចអាក្រក់ៗរបស់គេ តែអារម្មណ៍ពិតរបស់គេមានមនុស្សតិចណាស់ដែលយល់ច្បាស់។ ខាងក្រោមនេះធាតុពិតរបស់បុរសៗ ដែលនារីភាគច្រើនគ្មានថ្ងៃយល់៖
១. សារធាតុពិតប្រាកដរបស់មនុស្សប្រុសគឺមិនសូវចេះផ្អែមល្ហែម
នារីភាគច្រើនតែងប្រាថ្នាចង់បុរសម្នាក់ដែលល្អឥតខ្ចោះដូចក្នុងភាពយន្ត តែត្រូវដឹងថា ជីវិតពិត គឺមិនមែនជាការសម្ដែងឡើយ គឺត្រូវឆ្លងកាត់ការប្រឈមមុខដាក់គ្នារាប់ជំពូក។ បុរសដែលមិនចេះធ្វើក្នក់ក្នាញ់មិនមែនមានន័យថាគេមិនស្រលាញ់ដៃគូរបស់គេឡើយ តែសារធាតុពិតរបស់មនុស្សប្រុសសឹងតែគ្រប់គ្នាគឺតែងតែបែបនេះ។ មនុស្សស្រីដែលមិនយល់ពីបុរស តែងកត់សម្គាល់ចំណុចនេះ ហើយចោទថា គេមិនបានស្រលាញ់នាងឡើយ។ តែផ្ទុយមកវិញនារីៗមិនគួរយកចំណុចនេះមកអាកាត់សេចក្ដីនោះទេ គួរមើលលើទង្វើរបស់គូស្នេហ៍វិញ ទើបអាចយល់ពីជម្រៅចិត្តដែលគេមានចំពោះនាងមានទំហំប៉ុណ្ណា។
២. គេមិនសូវមានពេលវេលាសម្រាប់នាង មិនមែនមានន័យគេទុកនាងចោលឡើយ
គ្រប់ពេលដែលមនុស្សប្រុសទទួលពាក្យសម្ដីថា «បងមិនស្រលាញ់អូនទេ បងឯងគិតតែរឿងការងារ បងឯងទុកអូនចោល» គឺសុទ្ធតែជាឃ្លាមកវាយប្រហារបេះដូងរបស់គេឲ្យខ្ទេចខ្ទាំ។ តាមពិតអារម្មណ៍បែបនេះកើតឡើង ព្រោះតែនាងស្រលាញ់បុរសម្នាក់នោះខ្លាំង ដល់ថ្នាក់ឃ្លាតមួយនាទីមិនបាន។ ដូច្នេះហើយនាងមិនអាចយកអារម្មណ៍របស់ខ្លួនឯង មកជះកំហឹងលើបុរសដែលខ្លួនស្រលាញ់នោះឡើយ។ ហេតុផលនេះ ព្រោះទោះជាគេចំណាយពេលនៅជាមួយនាងច្រើនជាងអ្នកណាទាំងអស់ គ្រាន់តែឃ្លាតពីគ្នាមិនបានប៉ុន្មានម៉ោងផង ក៏នាងទៅចោទប្រកាន់គេបាត់ទៅហើយ។
នារីៗគួររៀនស្វែងយល់ឲ្យច្បាស់ពីគូស្នេហ៍របស់ខ្លួនថា តើគេត្រូវចំណាយពេលធ្វើអ្វីខ្លះក្នុង១ថ្ងៃៗ គេមិនមែនមានតែស្នេហាមួយមុខឡើយ គេនៅមានរឿងជាច្រើនទៀតដែលត្រូវធ្វើ។ ត្រូវចាំថា មនុស្សដែលរវល់ខ្លាំង ហើយតែងឆ្លៀតពេលទំនេររបស់គេ ទៅជួបនាង មានន័យថាគេស្រលាញ់នាងខ្លាំងបំផុតហើយ។
៣. គាត់ក៏ធុញទ្រាន់នឹងភាពម្ញ៉ិកម្ញ៉ក់របស់នាងដូចគ្នា
គ្រប់ពេលនាងធ្វើញ៉ិកញ៉ក់ដាក់ ធ្វើងងក់ ធ្វើដូចកូនក្មេង មិនមែនសុទ្ធតែគួរឲ្យស្រលាញ់នោះទេ។ ទោះបីជាគេមិនបង្ហាញភាពធុញទ្រាន់នៅនឹងមុខនាង មិនមែនមានន័យថា គេពេញចិត្តឡើយ ព្រោះតែស្រលាញ់ខ្លាំង ទើបគេចេះតែសម្របខ្លួនតាមនាង។ ពេលខ្លះចំពេលដែលអារម្មណ៍គេមិនសូវល្អ គេអាចនិយាយមិនពីរោះស្ដាប់ កាយវិការមិនទន់ភ្លន់ សូមកុំចោទថា គេឈប់ស្រលាញ់ គេឈប់ខ្វាយខ្វល់ ព្រោះគេក៏ចេះធុញដូចគ្នា។ ត្រូវដឹងថាមនុស្សប្រុសដែលរឹងមាំ ម៉ឺងម៉ាត់ មិនចូលចិត្តភាពញ៉ិកញ៉ក់របស់ស្រីៗប៉ុន្មានឡើយ។
៤. ហត់នឹងការរករឿងគ្មានហេតុផល តែគេចង់បានការយល់ចិត្ត និងកម្លាំងចិត្ត
មានរឿងរ៉ាវជាច្រើនដែលគេត្រូវប្រឈម ក្នុងជីវិតរាល់ថ្ងៃ មិនមែនត្រូវតែមកដោះស្រាយតែរឿងច្រំដែលៗ ដែលនាងតែងរករឿងគេនោះទេ។ បើមានអ្វីអាចមកផ្លាស់ប្ដូរការគិតរបស់មនុស្សស្រី មនុស្សស្ទើរតែទាំងអស់ ចង់ឲ្យនាងប្ដូរពីការរករឿង មកនិយាយដោយហេតុផល និងរកដំណោះស្រាយវិញ។ ទោះជាមានរឿងអ្វីក៏ដោយ គេមិនដែលចង់ឃើញនាងយំ នាងស្រែកដាក់នោះទេ គេមានអារម្មណ៍ថា ហាក់អស់កម្លាំងចិត្ត ហត់នឿយ ហើយពេលខ្លះគេសឹងតែដើរចេញពីនាង ព្រោះតែគេគិតថា វត្តមានគេគឺធ្វើឲ្យនាងឈឺចាប់។
៥. ខួរក្បាលគេមិនមែនគិតតែចង់ក្បត់លួចមានស្រីឡើយ
រឿងមួយទៀតដែលធ្វើឲ្យគេហត់នឿយដែរនោះ គឺការចោទប្រកាន់ និងចាប់កំហុសឥតឈប់ឈរ ប្រៀបដូចជាគេកើតមកជាមនុស្សត្រូវតែខិល ត្រូវតែខូចឬយ៉ាងណា? មនុស្សប្រុសទាំងអស់មិនដូចគ្នាទាំងអស់ឡើយ។
បែបនេះហើយទើបនារីៗ គួររៀនសង្កេត និងយល់ឲ្យច្បាស់ពីជម្រៅចិត្តរបស់គេ ដែលមានចំពោះនាង។គេអាចនឹងងាកមើលស្រីស្អាត អាចនឹងសរសើរនារីផ្សេងថាស្អាត គឺសុទ្ធតែមិនអាចកំណត់ថា គេជាមនុស្សសាវាឡើយ ព្រោះធម្មជាតិរបស់មនុស្សគ្រប់គ្នា គឺវាតែងតែបែបនេះ។ ប៉ុន្តែក្នុងចិត្តរបស់គេ មិនអាចទៅដាក់ក្ដីស្រលាញ់លើនរណាម្នាក់ត្រឹមក្រឡេកមួយខ្វាច់នោះឡើយ។ ចំណុចទាំងនេះ សូមនារីគិតពិចារណាឲ្យបានវែងឆ្ងាយផង ព្រោះពេលខ្លះក៏នាងសរសើរបុរសផ្សេងថា សង្ហាដូចគ្នា។
នៅមានចំណុចជាច្រើនទៀត ដែលនារីៗ មិនដែលយល់ពីចិត្តរបស់មនុស្សប្រុស។ ដូច្នេះកុំទាមទារឲ្យខាងប្រុសយល់ពីខ្លួនរហូតនោះ ព្រោះពេលខ្លះនាងផ្ដល់តម្លៃលើខ្លួនឯងជ្រុល រហូតភ្លេចគិតថា បុរសដែលខ្លួនស្រលាញ់កុំពុងស្ថិតក្នុងស្ថានភាពបែបណានោះទេ៕