ប្រាក់ចំណូល Real Madrid កើន​ឡើង​ច្រើន​បំផុត​ក្នុង​រយៈ​ពេល​១៨​ឆ្នាំ

  • 2018-09-09 07:05:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាក់​ចំណូល​របស់​ក្លឹប​យក្ស​អេស្ប៉ាញ ក្នុង​រយៈ​ពេល ១២ ខែ​ចុងក្រោយ​នេះ​ គឺ​ជា​ចំណូល​ច្រើន​បំផុត​របស់​ក្លឹប គិត​ចាប់​តាំង​ពី​ឆ្នាំ ២០០០ នៅ​ពេល​ដែល​ Florentino Perez បាន​ក្លាយ​ជា​ម្ចាស់​ក្លឹប Real Madrid។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Goal។

ក្លឹប​រហ័ស​នាម Los Blancos បាន​ប្រកាស​ប្រាក់​ចំណូល​​នៅ​លើ​វេបសាយ​ផ្លូវ​ការ​របស់​ខ្លួន​ថា ក្លឹប​​រក​ចំណូល​បាន ៧៥០,៩ លាន​អឺរ៉ូ (ប្រហែល ៨៧៤ លាន​ដុល្លារ) កាល​ពី​រដូវ​កាល ២០១៧/១៨ ជា​ឆ្នាំ​ដែល Zidane បាន​ដឹក​នាំ​ Real Madrid ​ឈ្នះ​ពាន​រង្វាន់ UEFA Champions Leauge ៣​ឆ្នាំ​ជាប់ៗ​គ្នា។

ចំណេញ​ដុល​​របស់​ក្លឹប​បន្ទាប់​ពី​ផាត់ទាត់​រាល់​ការ​ចំណាយ​នានា មាន​ចំនួន ៣១,២ លាន​អឺរ៉ូ (៣៦ លាន​ដុល្លារ) ហើយ ក្លឹប​យក្ស​មួយ​នេះ​ចំណេញ​ជាប់ៗ​គ្នា​៣​ឆ្នាំ​មក​ហើយ។

​តួលេខ​​នេះ​ធ្វើ​ឲ្យ​ក្លឹប​កើន​​ប្រាក់​ចំណូល ១១,៣% បើ​ធៀប​នឹង​រដូវ​កាល​២០១៦/១៧ ហើយ ជា​ប្រាក់​ចំណូល​ខ្ពស់​បំផុត​​របស់​ពួក​គិត​តាំង​ពី​ឆ្នាំ ២០០០ មក។ ប្រភព​ខាង​លើ​បន្ត។

​ការ​ព្យាករណ៍​រំពឹង​ថា រដូវ​កាល​នេះ Real សង្ឃឹម​នឹង​បន្ត​កើន​ប្រាក់​ចំណូល ៧៥២ លាន​អឺរ៉ូ (៨៧៥ លាន​ដុល្លារ) ដោយ​មិន​រាប់​បញ្ចូល​ការ​លក់​កីឡាករ ហើយ សង្ឃឹម​ថា ចំណេញ​ដុល នឹង​កើន​ពី ៣៦ លាន​ដុល្លារ កាល​ពី​រដូវ​កាល​មុន ទៅ​ដល់ ៥០ លាន​ដុល្លារ នៅ​រដូវ​កាល ២០១៨/១៩ នេះ។

ទោះបីជា Cristiano Ronaldo ម្ចាស់​ពាន Ballon d'Or ៥​សម័យ​កាល​ចាកចេញ​ពី​ក្លឹប ប៉ុន្តែ Real Madrid នៅ​តែ​សង្ឃឹម​ថា​គ្រូ​បង្វឹក Julen Lopetegui អាច​បន្ត​ជួយ​ក្លឹប ដើម្បីគ្រប់គ្រង​តំណែង​ជើងឯក​កំពូល​ទ្វីប​អឺរ៉ុប ជា​លើក​ទី​៤ ក្រោយ Zidane លាឈប់។

យុទ្ធនាការ​​ស្វែង​រក​ពាន Champions League ៤​ឆ្នាំ​ជាប់ៗ​គ្នា​របស់ Real នឹង​ត្រូវ​ចាប់ផ្តើម​ដោយប្រកួត​ដំបូង​របស់​គេ​នឹង​បើក​ទ្វារ​ស្វាគមន៍ Roma នៅ​រាត្រី​ថ្ងៃ​ទី ១៩ ខែ​សីហា​នេះ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ សុខ លាងហ៊ត