សង្សារ​ខឹង​ប៉ុន្មាន​ថ្ងៃ ទើប​លួង​ត្រូវ​តាម​ទូរសព្ទ ស្រាប់​តែ​ពួក​ម៉ាក​លេង​ចាក់​ចង្កេះ នាង​ខឹង​ដាច់​ក្បាល​ដាច់​កន្ទុយ​ម្ដង​ទៀត!

  • 2018-09-14 12:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

តោះ...បញ្ចាប់​សប្ដាហ៍​ចាស់ ជាមួយ​សំណើច​ឲ្យ​ស្រស់​ថ្លា​ជាមួយ​គ្នា...នៅ​ថ្ងៃ​សុក្រ​នេះ ​លោក បូរិន មក​ពី​ព្រៃវែង​ម្ដង មក​ចែក​រំលែក​បទ​ពិសោធន៍​ហួស​ចិត្ត...កម្រ​មាន​អ្នក​ព្រៃ​វែង​ចែក​រំលែក​ណាស់...ឥឡូវ​តោះ...តើ​លោក បូរិន មាន​រឿង​អី?

មិន​ដឹង​ចាប់​ពី​ត្រង់​ណា ទៅ​ត្រង់​ណី​ទេ​នេះ...បាទ...ខ្ញុំ ធារ៉ា សូម​ជម្រាប​សួរ​បង​ប្អូន​ក្នុង​ទំព័រ "នឹក​ឡើង​ហួស​ចិត្ត" រឿង​ខ្ញុំ​នៅ​ថ្ងៃ​នេះ...សុំ​ទោស​មិន​មែន​រឿង​ខ្ញុំ​ទេ គឺ​រឿង​ពួក​ម៉ាក​ខ្ញុំ...ធានា​ថា ហួស​ចិត្ត​ហ្មង...។

កាល​ពី​អំឡុង​ឆ្នាំ ២០០២-២០០៣ ខ្ញុំ​បាន​ឡើង​ពី​ព្រៃវែង មក​ជួល​ផ្ទះ​គេ​នៅ​ម្ដុំ​វត្ត​ស្រះចក ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ​។ មិត្តភ័ក្ដិ​ខ្ញុំ​ម្នាក់​ឈ្មោះ អា បូរិន ក៏​បាន​មក​ស្នាក់​នៅ​ជាមួយ​ដែរ ដើម្បី​ជួយ​គ្នា​ចេញ​ថ្លៃ​ផ្ទះ​ជួល និង​ម្ហូប​អាហារ​គ្នា។ និយាយ​ពី​មធ្យោបាយ​ទំនាក់ទំនង​កាល​ណោះ​វិញ ទូរសព្ទ​សាធារណៈ គឺ​ពេញ​និយម​បំផុត ព្រោះ​ទាំង​គេ​ទាំង​ខ្ញុំ​ ភាគ​ច្រើន​គ្មាន​ប្រើ​ទេ មិន​មែន​ដូច​បច្ចុប្បន្ន​ឡើយ។

រូប​តំណាង

និយាយ​ពី​ចំណុច​នេះ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​ជួល​របស់​ខ្ញុំ មាន​កន្លែង​ទូរសព្ទ​សាធារណៈ​មួយ ម្ចាស់​ឈ្មោះ "អា ណែត" ត្បិត​ថា អាយុ​ច្រើន​ជាង​ខ្ញុំ​បន្តិច ប៉ុន្តែ​មើល​រូបរាង​ហំ​គ្រាន់​ដែរ រាង​ខ្ពស់​ស្រឡះ ស្រឡូន សម្បុរ​ស្រអែម តែ​ដើម​ទ្រូង​ហំ។ អីចឹង​ហើយ កន្លែង​នេះ​បាន​ក្លាយ​ជា​ម៉ូយ​ប្រចាំ​របស់​ខ្ញុំ តេ​ញ៉ែ អារី អារ៉ា អារ៉ុម គឺ​នៅ​កន្លែង​នោះ​ឯង។ សំខាន់​ជាង​នេះ គឺ​ថាតេ​ជំពាក់​បាន​តាម​ចិត្ត​ទៀត ម្យ៉ាង​ម្ចាស់​ទូរសព្ទ​សាធារណៈ​នោះ ជា​មនុស្ស​ស្រី​រួសរាយ ចូល​ចិត្ត​លេង​សើច​ច្រើន​ដែរ។

និយាយ​ពី​ពួក​ម៉ាក​ខ្ញុំ​ បូរិន វិញ វា​ជា​មនុស្ស​ត្រឹម​ត្រូវ មិន​សូវ​ចេះ​មាត់​ក​លេង​សើច​ច្រើន​ទេ ឬ​ដើរ​លេង​ច្រើនក៏​មិន​សូវ​ដែរ ខុស​ពី​ខ្ញុំ​ឯណេះ រាង​សកម្ម​ជាង​បន្តិច។ប៉ុន្តែ​សរសើរ​វា​ថា ចេះ​រក​បាន​សង្សារ​បាន​លឿន​មុន​ខ្ញុំ...ជា​មិត្ត​រៀន​នៅ​មហាវិទ្យាល័យ​ជាមួយ​គ្នា។ ថ្ងៃ​មួយ ខ្ញុំ​ឃើញ​មុខ​វា មិន​សូវ​សប្បាយ​ចិត្ត ក៏​ដេញ​ដោល​សួរ ដឹង​ថា វា​ឈ្លោះ​គ្នា​ជាមួយ​សង្សារ​វា។

វា​ថា សង្សារ​ខឹង និង​មិន​ស្ដី​រក​វាពីរ​បី​ថ្ងៃ​ហើយ មូលហេតុ ប្រចណ្ឌ​ ក្រោយ​ឃើញ​រូបថត​សង្សារ​ចាស់វា​កាល​នៅ​ស្រុក ជាប់​ក្នុង​កាបូប​លុយ(យី...អានេះ ឃើញមិន​សូវ​មាត់​ក​ទេ តែ​មាន​ស្រី​ច្រើន​​ផង សម​នឹង​គ​ខឹង​មែន​ហ្អា!) ខ្ញុំ​នឹក​លេង​ក្នុង​ចិត្ត​ទេ។ តែ ខ្ញុំ​​ប្រាប់​ថា ស្រី​ៗ​អីចឹង​ហើយ ស្រឡាញ់​ចង់​ហួសហែង ចិត្ត​ច្រើន រញុំារញូវ​ចឹង​ហើយ តែ​ចាំ​បន្តិច​ទៅ បាត់​ខឹង តេ​ទៅ​លួង​លោម​ទៅ លែង​អី​ហើយ។

រូប​តំណាង

រំលង​បាន​មួយ​ថ្ងៃ ពោល​គឺ​នៅ​រសៀល​ថ្ងៃ​បន្ទាប់ ខ្ញុំ​ និង​អា​សំឡាញ់​ខ្ញុំ​បាន​ទៅ​កន្លែង អាណែត។ "សូន្យ​ប៉ុន្មាន ប្រុស​ស្អាត?" អាណែត សួរ​ថា ពួក​ខ្ញុំ​ត្រូវ​ប្រើ​ប្រព័ន្ធ​ទូរសព្ទ​អី។ រួច​ហើយ គេ​ក៏​ហុច​ទូរសព្ទ​ឲ្យ​ពួក​ខ្ញុំ​ម្នាក់​មួយ ហើយ​គេ​ក៏​ដើរ​ចូល​ផ្ទះ​បាត់។ ពួក​ខ្ញុំ​បាន​​ទូរសព្ទ​ម្នាក់​មួយ ក៏​ចាប់​ផ្ដើម​ធ្វើការ​រៀង​ខ្លួន។ បូរិន ចាប់​ផ្ដើម​លួងលោម ញ៉េះញ៉ោះ​សង្សារ​វា...បន្តិច​មក​លឺ​សូរ​សំឡេង​សើច បញ្ជាក់​ថា វា​លេង​ចូល​គ្នា​វិញ​ហើយ។

"អានេះ គ្រាន់​បើ​របស់​វា​តើ...ឯង​ចេះ​តែ​គិត​ថា​វា​មិន​កើត មិន​សូវ​មាត់​​ក​ជាមួយ​ប្រុសៗ​គ្នា​ឯង តែ​ជាមួយ​ស្រី វា​មាន​សិល្បៈ​របស់​វា​គ្រាន់​តើ!"។ ខ្ញុំ​គិត​ក្នុង​ចិត្ត។ បាន​ភ្លើង​ខៀវ ទំនង​សប្បាយ​ចិត្ត ខ្ញុំ​លឺ​អា​សំឡាញ់​ខ្ញុំ បបួល​សង្សារ​វា​ចេញ​ក្រៅ។ "អាឡូ អូន​ហ្អា...ស្អែក​ថ្ងៃ​សៅរ៍ ចង់​បបួល​អូន​ឯង...” អាបូរិន និយាយ​តែ​ប៉ុណ្ណេះ ស្រាប់​តែ អាណែត ​ចេញ​​ពី​ក្នុង​ផ្ទះ​មក យក​ដៃ​ចាក់​ចង្កេះ វា​លេង។

រូប​តំណាង

អាបូរិន ឯណោះ ភ្ញាក់​ភ្លាត់​មាត់ "...គ្នា!!!" ពាក្យ​អាក្រក់​ពេក ខ្ញុំ​មិន​ហ៊ាន​សរសេរ​ចំ​ទេ​បង​ប្អូន​អើយ តែ​ជឿ​ថា បង​ប្អូន​ដឹង​ហើយ​ថា ពាក្យ​ពេញ​និយម​ពេល​មនុស្ស​ម្នា​ភ្ញាក់​ថា​ម៉េច​នោះ ហាហា..."អាឡូ អូន​ហ្អា...ស្អែក​ថ្ងៃ​សៅរ៍ ចង់​បបួល​អូន​ឯង...(អាណែត​ចាក់​ចង្កេះ​ភ្លាច់)...គ្នា!!!" គ្រាន់​តែ​ប៉ុណ្ណឹង សង្សារ​វា បិទ​ទូរសព្ទ​គ្រឹប អាបូរិន មុខ​ស្អុយ​ប៉ែ "អ្ហើយ...ចេះ​មក​លេង​ចាក់​ពេល​ហ្នឹង​កើត អើយ...!" អាបូរិន រអ៊ូ​រៀង​ខ្លាំង​ដែរ លាយ​កំហឹង​តិចតួច ដាក់​អាណែត។

ខ្ញុំ និង​អាណែត​ឯណេះ សើច​ចង់​ងាប់ សើច​ឡើង​រឹង​ពោះ...បង​ប្អូន...។ តាម​ពិត​គ្នា​ចង់​បបួល​សង្សារ​ចេញ​មក​ញុំា​អី​ហ្នឹង​ណា មាន​បបួល​ទៅ​ធ្វើ​ស្អី​ហ្នុង​ឯណា...សើច... អើយ...អាណិត​គ្នា​ផង...ទើប​លួង​គេ​ត្រូវ​ផង ស្រាប់​តែ​មក​លេង​គ្នា​អី ចំ​វេលា​នេះ អាណែត​អ្ហើយ​អាណែត...។ បំពេញ​ពាក្យ​ខ្លួន​ឯង​ហើយ សើច​ខ្លួន​ឯង​ទៅ​បង​ប្អូន...ចប់!!!

បង​ប្អូន​មាន​អនុស្សាវរីយ៍​ហួស​ចិត្ត សើច​សប្បាយ ចង់​ចែក​រំលែក​ សូម​ទាក់​ទង​លេខ ០១០ ៥៥៥ ៦៩៥ ឬ​ផ្ញើ​សារ​ជា​សំឡេង​មក​ប្រអប់​សារ​នៃទំព័រ​ "នឹក​ឡើង​ហួស​ចិត្ត" ក៏​បាន!!!


អត្ថបទ៖ ទារិកា