ក្រសួងបរិស្ថាន៖ ក្រុម​មន្ត្រី​កំពុង​ចុះ​ពិនិត្យ​ និង​ទប់​ស្កាត់​កុំ​ឲ្យ​ដី​បន្ត​ហូរ​ចូល​សមុទ្រ បង្ក​ទឹក​ល្អក់​តាម​ឆ្នេរ​សមុទ្រ

  • 2018-09-14 07:41:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បុគ្គលិក​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ កំពុង​ចុះ​ពិនិត្យ និង​អប់រំ​ផ្សព្វផ្សាយ​ដល់​ម្ចាស់​ការដ្ឋាន​សាងសង់​នានា​ ដោយ​ធ្វើ​យ៉ាង​ណា​ទប់​ដី​ កុំ​ឲ្យ​ហូរ​ចូល​អូរ ឬ​តាម​ឆ្នេរ​បង្ក​ឲ្យ​កើត​មាន​​ការ​​ល្អក់​កករ នៅ​តាម​ឆ្នេរ​សមុទ្រ។ វិធានការ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ប៉ុន្មាន​ថ្ងៃ​នេះ មាន​ភ្លៀង​ធ្លាក់​ច្រើន​ហូរ​នាំ​យក​ដី​ចូល​ទៅ​ក្នុង​សមុទ្រ ដែល​ធ្វើ​ឲ្យ​ឆ្នេរ​ខ្លះ​ល្អក់​កករ​ បង្កើត​ការ​ភ្ញាក់​ផ្អើល​ពេញ​ហ្វេសបុក​។ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន ប្រាប់​ Sabay នៅ​មុន​នេះ​បន្តិច។

រូបភាព​ដកចេញពី ផេកក្រសួង​បរិស្ថាន

លោក​ នេត្រ ភ័ក្រ្តា មាន​ប្រសាសន៍​ថា គិត​ត្រឹម​ពេល​នេះ​ម៉ោង​នេះ ស្ថានភាព​ទឹក​នៅ​ឆ្នេរ​ខ្លះ​នៅ​ល្អក់​កករ​នៅ​ឡើយ ព្រោះ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ ជាពិសេស​ម្សិលមិញ​ភ្លៀង​ខ្លាំង។ យ៉ាង​ណា​មិញ​ ក្រុម​ការងារ​បុគ្គលិក​នៃ​មន្ទីរ​បរិស្ថាន​ប្រចាំ​ខេត្ត​កំពុង​ចុះ​ត្រួតពិនិត្យ និង​អប់រំ​ផ្សព្វផ្សាយ​ដល់​ម្ចាស់​កសិដ្ឋាន​នានា ក៏ដូចជា​រិះរក​វិធី​ទប់​ស្កាត់​ដី​កុំ​ឲ្យ​ហូរ​ចូល​ទឹក​អូរ ឬ​តាម​ឆ្នេរ​បន្ថែម​ទៀត។ ស្ថាន​ភាព​ល្អក់​កករ​ទឹក​ កើត​មាន​នៅ​តាម​ឆ្នេរ​សមុទ្រ​មួយ​ចំនួន​រួម​ទាំង​ឆ្នេរ​ព្រែក​ត្រែង​ ព្រោះ​តែ​សកម្មភាព​អភិវឌ្ឈន៍​នៅ​តាម​ខេត្ត​ព្រះសីហនុ​កំពុង​មាន​ច្រើន​ ហើយ​នៅ​រយៈពេល​ ៣-៤ ថ្ងៃ​កន្លង​មក​នេះ​ភ្លៀង​ធ្លាក់​ច្រើន​ហូរ​នាំ​យក​ដី​ចូល​ទៅ​ក្នុង​សមុទ្រ ទើប​នាំ​ឲ្យ​មាន​បញ្ហា​ទាំង​នេះ​កើត​ឡើង។ នេះ​បើ​តាម​លោក នេត្រ ភក្ត្រា បញ្ជាក់​បន្ថែម។

ឯកឧត្ដម យន្ត មីន អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហនុ បាន​ប្រាប់​ Sabay ឲ្យ​ដឹង​ដែរ​ថា នៅ​ប៉ុន្មាន​ឆ្នាំ​​ចុង​ក្រោយ​នេះ ខេត្ត​មាន​ការ​អភិវឌ្ឍន៍​ខ្លាំង ការ​សាងសង់​ក៏​មាន​ច្រើន ម៉្លោះ​ហើយ​ស្នើ​ឲ្យ​មាន​ការ​យោគយល់​ពី​បងប្អូន​ប្រជាពលរដ្ឋ ប៉ុន្ដែ ស្ថាប័ន​ជំនាញ​រួមមាន ក្រសួង​បរិស្ថាន ក្រសួង​ដែន​ដី ក្រសួង​ទេសចរណ៍ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​កំពុង​ដុតដៃដុតជើង រិះរក​វិធាន​ការ​ដោះស្រាយ។

"យើង​ចេញ​ជា​វិធានការ​ទី១ គឺ​កំពុង​ធ្វើ​ទំនប់​បង្ហៀរ​​ កុំ​ឲ្យ​ដី​ហូរ​ចូល​អូរ ប្រឡាយ និង ការ​ចុះ​ផ្សព្វផ្សាយ​អប់រំ​ដល់​សេវាកម្ម​ អាជីវកម្ម​នានា ដូចជា ផ្ទះ​សំណាក់​ សណ្ឋាគារ​ជាដើម រាល់​ពេល​បង្ហូរ​ទឹក​ត្រូវ​ចម្រោះ​ឲ្យ​ស្អាត​មុន​បង្ហូរ​ចូល​ក្នុង​សមុទ្រ"។

ឯកឧត្ដម​ យន្ត មីន បាន​បន្ថែម​ថា "ឧទាហរណ៍​ដូច​យើង​កំពុង​ជួសជុល​ផ្ទះ ហើយ​ពេល​មាន​កម្មវិធី​គឺ​ចៀស​មិន​ផុត​ពី​កើត​មាន​សំរាម​ខ្លះ និយាយ​រួម​ផ្ទះ​មិន​ទាន់​ស្អាត តែ​ពេល​ធ្វើ​រួចរាល់​អ្វី​ៗ​នឹង​ស្អាត​អស់​ហើយ"។

ខេត្ត​ ព្រះ​សីហនុ​ ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ជនជាតិ​ចិន​បាន​សម្រុក​ទៅ​នៅ​ខេត្ត​នេះ​ច្រើន ដែល​ធ្វើ​ឲ្យ​ការ​សាងសង់​ក៏​មាន​ការ​រីក​ច្រើន​ដែរ។ ឯកឧត្ដម យន្ត មីន បាន​បញ្ជាក់​ មក​ទល់​នឹង​ពេល​នេះ មាន​ជនជាតិ​ចិន​ប្រមាណ​ជា ៣-៤ម៉ឺន​នាក់​ហើយ ដែល​មក​រស់​នៅ​និង​បង្កើត​អាជីវកម្ម​ គឺទី១ វិស័យ​សេវាកម្ម-អាជីវកម្ម មាន​ផ្ទះ​សំណាក់​ សណ្ឋាគារ ភោជនីយដ្ឋាន និង​កាស៊ីណូ​និង​ទី ២ គឺ​វិស័យ​ឧស្សាហកម្ម មាន​រោង​ចក្រ​ជាដើម។

ការអភិវឌ្ឈន៍​នានា​នៅ​ក្រុង​ព្រះសីហនុ

ដោយសារ​តែ​កំណើន​វិនិយោគ​កំពុង​មាន​សន្ទុះ​ខ្លាំង​ក្នុង​ខេត្ត​ព្រះសីហនុ ឯកឧត្ដម យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​មាន​ការ​យោគយល់​ ហើយ​ថា ស្ថាប័ន​ពាក់ព័ន្ធ​មិន​ព្រងើយ​កន្តើយ​នោះ​ទេ គឺ​កំពុង​ព្យាយាម​ដោះស្រាយ​​ដូច​ ដែល​បាន​លើកឡើង​ខាង​លើ និង​អាជ្ញាធរ​ បាន​នឹង​កំពុង​ពង្រឹង​សន្តិសុខ សណ្ដាប់​ធ្នាប់ ផងដែរ។

ស្រដៀង​គ្នា​នេះ​ដែរ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន បាន​បញ្ជាក់​ថា បុគ្គលិក​ខាង​មន្ទីរ​បរិស្ថាន ​កំពុង​ចុះ​ត្រួតពិនិត្យ​ និង​អប់រំ​ផ្សព្វផ្សាយ​ដល់​ម្ចាស់​ការដ្ឋាន​សាងសង់​នានា ដែល​បង្ក​ឲ្យ​មាន​ដី​ហូរ​ចូល​ទៅ​ក្នុង​អូរ និង​ប្រឡាយ នាំ​យក​ទៅ​ក្នុង​សមុទ្រ​ហើយ តែ​យ៉ាង​ណា​មិញ លោក​ថា បញ្ហា​នេះ​មិន​មាន​អ្វី​ដែល​ព្រួយ​បារម្ភ​ និង​ប៉ះពាល់​ទឹក​សមុទ្រ​ទេ៕


អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី