បុរសលក់បន្លែ ដើរលុបជង្ហុកក្នុងទីក្រុង ព្រោះហេតុផលដ៏សែនរំជួលចិត្ត (វីដេអូ)
- 2018-09-15 01:59:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសលក់បន្លែ ដើរលុបជង្ហុកក្នុងទីក្រុង ព្រោះហេតុផលដ៏សែនរំជួលចិត្ត (វីដេអូ)
ចន្លោះមិនឃើញ
បុរសជនជាតិឥណ្ឌា វ័យ៤៨ឆ្នាំ ជាអ្នកលក់បន្លែម្នាក់ បានដើរលុបជង្ហុកទាំងអស់ដែលលោកប្រទះឃើញ នៅតាមដងផ្លូវនៃទីក្រុង Mumbai ប្រទេសឥណ្ឌា ដើម្បីការពារអ្នកដទៃកុំឲ្យជួបគ្រោះអកុសលដូចកូនប្រុសរបស់ខ្លួន។
លោក Dadarao Bilhore បានបង្ហាញខ្លួននៅក្នុងអត្ថបទព័ត៌មានជាច្រើននៅទូទាំងប្រទេសឥណ្ឌា ចំពោះទង្វើរបស់លោក ដើម្បីការពារអ្នកផ្សេងមិនឲ្យបាត់បង់មនុស្សដែលខ្លួនស្រលាញ់ ដោយសារគ្រោះថ្នាក់ចរាចរដែលបណ្តាលមកពីផ្លូវថ្នល់ នៅទីក្រុង Mumbai ឡើយ។
រឿងរ៉ាវទាំងអស់នេះបានកើតឡើង បន្ទាប់ពីកូនប្រុសអាយុ ១៦ឆ្នាំរបស់លោក ឈ្មោះ Prakash Bilhore បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរតាមដងផ្លូវមួយ កាលពីខែកក្កដា ឆ្នាំ២០១៥ អំឡុងរដូវក្តៅមូសុង ក្នុងទីក្រុង Mumbai។
កាលនោះ Prakash នៅជាមួយបងប្អូនជីដូនមួយ កំពុងជិះម៉ូតូមួយគ្រឿង ហើយក៏បានជួបនឹងគ្រោះថ្នាក់ចរាចរ ដោយម៉ូតូធ្លាក់ចូលជង្ហុកដ៏ធំមួយ បណ្តាលឲ្យពួកគេទាំង ២នាក់ហោះធ្លាក់ចេញពីលើម៉ូតូតែម្តង។ បងប្អូនជីដូនមួយរបស់ Prakash ដែលបានពាក់មួកសុវត្ថិភាព រងរបួសស្រាលប៉ុណ្ណោះ ខណៈ Prakash បានរងរបួសប៉ះពាល់ដល់ខួរក្បាលយ៉ាងធ្ងន់ធ្ងរ ហើយក្រោយមកក៏បានស្លាប់តែម្តង។
គួរបញ្ជាក់ឲ្យដឹងថា មកទល់នឹងពេលនេះ លោក Dadarao ដើរលុបជង្ហុកបានចំនួន ៥៨៥កន្លែងរួចមកហើយ ដោយប្រើប្រាស់ដីខ្សាច់ និង ក្រួសល្អិតៗ។ មិនតែប៉ុណ្ណោះ ក៏មានអ្នកស្ម័គ្រចិត្តចូលរួមជាមួយលោកផងដែរ បន្ទាប់ពីដឹងរឿងរ៉ាវដ៏គួរឲ្យរំជួលចិត្តនេះ។
ផ្លូវជង្ហុក បានផ្តាច់ជីវិតមនុស្សសរុបចំនួន ៣ ៥៩៧នាក់ នៅក្នុងប្រទេសឥណ្ឌា។ ជង្ហុកផ្លូវប្រមាណជា ២៧ ០០០កន្លែង ត្រូវបានបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ក្នុងអំឡុងរដូវក្តៅមូសុង៕
សូមទស្សនាវីដេអូខាងក្រោម៖
ចុចអាន៖