អន់ចិត្ដ ទប់មាត់លែងបាន ថ្ងៃនេះ ហង្ស ម៉ារីនី បង្ហាញឲ្យអ្នករិះគន់ឃើញ ដោយរំលឹកសកម្មភាពតាំងពី ៩ឆ្នាំមុន
- 2025-08-08 08:46:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អន់ចិត្ដ ទប់មាត់លែងបាន ថ្ងៃនេះ ហង្ស ម៉ារីនី បង្ហាញឲ្យអ្នករិះគន់ឃើញ ដោយរំលឹកសកម្មភាពតាំងពី ៩ឆ្នាំមុន
ចន្លោះមិនឃើញ
អតីតតារាសម្ដែង ហង្ស ម៉ារីនី ដែលបច្ចុបន្នមានងារជាឧកញ៉ា នៅតែកាក់កបនឹងជំនួញអនឡាញ ហើយរស់នៅជុំគ្រួសារដ៏កក់ក្ដៅមួយ ត្បិតខ្លួនឃ្លាតឆ្ងាយពីការងារសិល្បៈហើយ។ នៅរសៀលថ្ងៃទី៨ ខែសីហា នេះ អ្នកនាងបានបង្ហោះឡើងវិញនូវឈ្មោះសប្បុរសជន ភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកដែលបានធ្វើសកម្មភាពមនុស្សធម៌តាំងពីឆ្នាំ២០១៦។
បើតាម ហង្ស ម៉ារីនី ទឹកចិត្ដស្រឡាញ់រាប់អានមនុស្សជុំវិញខ្លួន និងការងារសប្បុរសធម៌អ្នកនាងបានធ្វើតាំងពីតូច គ្រាន់តែសកម្មភាពខ្លះមិនបានបង្ហាញជាសាធារណៈ។ សម្រាប់អ្នកស្រី គ្រប់ការងារដែលស្រឡាញ់ គឺធ្វើមិនរើសមុខ ជាពិសេសការងារមនុស្សធម៌នេះ រូបអ្នកស្រី និងម្តាយឪពុកធ្លាប់បានធ្វើរហូតមកហើយ។
ហង្ស ម៉ារីនី៖ “បង្កើតក្រុមខ្លួនឯង ធ្វើតាំងពីនៅរៀន គឺចុះជួយ ចុះចែក បងប្អូនក្រីក្រ ខ្វះខាត ដល់កន្លែងៗ តែម្តង មានតាំងតាមខេត្ត និងភ្នំពេញ។ ជាមួយក្រុមខ្ញុំតាំងពីជាង ១០ឆ្នាំមុន គឺចុះស្ទើររាល់ខែ មិនមែនពួកខ្ញុំទើបធ្វើឥឡូវទេ ដូចច្នេះហើយបងប្អូនមួយចំនួនតូចដែលថាឲ្យពួកខ្ញុំ អាចជួយពិនិត្យមើលឡើងវិញបាន”។
ជាមួយកម្រងរូបថតអនុស្សាវរីយ៍ជាច្រើនជាមួយជនរងគ្រោះ និងងាយរងគ្រោះ អតីតតារាស្រី ហង្ស ម៉ារីនី បានបង្ហាញអារម្មណ៍អន់ចិត្ដចំពោះបងប្អូនមួយចំនួនដែលថា អ្នកស្រី និងអ្នកមានលទ្ធភាពជាច្រើនទៀតមិនសូវឃើញជួយពលរដ្ឋក្រីក្រ ជាពិសេសក្នុងពេលដែលមានជនភៀសសឹកនៅតាមព្រំដែន។
ដោយមិនចង់ចង់ឆ្លើយតបអ្វីច្រើន ហង្ស ម៉ារីនី ដែលជាអតីតតួស្រីដ៏មានទេពកោល្យខាងសម្ដែង បានបង្ហើបប្រាប់ Sabay នៅមុននេះបន្ដិចថា បងប្អូនខ្លះ មិនបានមើលឃើញពីតម្លៃ ឬសកម្មភាពដែលអ្នកស្រីខំធ្វើកន្លងមកសោះឡើយ ហើយគិតតែពីរិះគន់។ អ្នកស្រីថា៖ “ធ្វើក៏ខុស មិនធ្វើក៏ខុស តែចំពោះការងារមនុស្សធម៌ខ្ញុំមិនមែនទើបតែធ្វើនៅពេលនេះទេ គឺបានធ្វើជាយូរមកហើយ”៕