ពហុ​កីឡដ្ឋាន​ត្រៀម​ស៊ីហ្គេម អាច​ជម្លៀស​មនុស្ស​ ៦ម៉ឺន​នាក់​ ត្រឹម​៧នាទី​ប៉ុណ្ណោះ​

  • 2018-09-16 00:19:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពហុកីឡដ្ឋាន​ជាតិ​​មរតក​តេជោ​ដែល​ត្រៀម​រៀប​ចំ​ការ​ប្រកួត​កីឡាស៊ីហ្គេម​ឆ្នាំ​២០២៣​អាច​ផ្ទុក​មនុស្ស​​បាន​ដល់​​៦ម៉ឺន​នាក់​ឯ​ណោះ​ ប៉ុន្តែ​​ប្រសិន​បើ​មាន​ករណី​ចាំបាច់​ណា​មួយ​នោះ​ ពហុកីឡដ្ឋាន​នេះ​មាន​លក្ខណៈ​ពិសេស​អាច​ជម្លៀស​អ្នក​ចូលរួម​ទាំង​នោះ​ត្រឹម​រយៈ​ខ្លី​៧​នាទី​ប៉ុណ្ណោះ។​

ទិដ្ឋភាពម្សិលមិញ

ឯកឧត្ដម​ ថោង​ ខុន​ ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ លោក​ពិត​ជា​ចិត្ត​រីករាយ​​នៅ​ពេល​ឃើញក្រុមហ៊ុន​ទទួល​ខុសត្រូវ​សាងសង់ពហុ​កីឡដ្ឋាន​មរតក​តេជោ​នេះ​ បាន​ធ្វើ​ដោយ​ការ​ផ្ចិតផ្ចង់​ និង​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់។​ ចំពោះ​ការ​សាងសង់​នេះ​ទៀត​សោត​ គឺ​ប្រើប្រាស់​អ្នក​ជំនាញ​ដល់​ទៅ៦​រូប​ ចុះ​មក​តាម​ដាន​ និង​ពិនិត្យ​ផ្ទាល់​តែ​ម្ដង។​

ទិដ្ឋភាពម្សិលមិញ

​ប្រធាន​ស្ថាប័ន​កីឡា​កំពូល​ខាង​លើ​នេះ​បន្ថែម​ថា​ ការ​សាងសង់​ក្នុង​រយៈពេល​៨ខែ​កន្លង​ទៅ​​នេះ​ គឺ​ធ្វើ​បាន​ប្រហែល​២០%​ មក​ហើយ។​ ការ​សាងសង់​នេះ​នឹង​ត្រូវ​បញ្ចប់​ទៅ​តាម​ផែនការ​រយៈ​៤០​ខែ​ទើប​​រួចរាល់។​ កីឡដ្ឋាន​នេះ​មាន​លក្ខណៈ​ពិសេស​ និង​ប្រើ​ដោយ​បច្ចេកទេស​ទំនើប​តែ​ម្ដង​ទាំង​ការ​សាងសង់​ និង​សម្ភារៈ។​ មិន​ត្រឹម​តែ​ជា​កន្លែង​លេង​កីឡា​នោះ​ទេ​ មាន​ទាំង​បន្ទប់​សណ្ឋាគារ​ និង​ផ្សារ​ទំនើប​ ហើយ​អ្វី​ដែល​រឹតតែ​ពិសេស​ទៀត​នោះ​គឺ​មនុស្ស​រាប់​ម៉ឺន​នាក់​ អាច​ជម្លៀស​ចេញ​ពី​កន្លែង​នេះ​ រយៈពេល​៧នាទី​ ដូច្នេះ​វា​ទំនើប​ និង​អស្ចារ្យ​ណាស់។​

ទិដ្ឋភាពម្សិលមិញ

កម្មវិធី​ចុះ​ត្រួត​ពិនិត្យ​ការ​សាងសង់​ពហុ​កីឡដ្ឋាន​​ជាតិ​មរតក​តេជោ​របស់​ឯកឧត្ដម​ ថោង​ ខុន​ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ ទី១៥​ ខែ​កញ្ញា​ ឆ្នាំ​២០១៨។​ ការ​ចុះ​ត្រួតពិនិត្យ​នេះ​ក៏​មាន​​ចូលរួម​ពី​តំណាង​ខាង​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ តំណាង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ព្រម​ទាំង​​​​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី