សហព័ន្ធ​រាំ​ ក្លាយ​ជា​កីឡា​ថ្មី​មួយ​ទៀត​អាច​រក​មេដាយ​ជូន​កម្ពុជា​នៅ​ស៊ីហ្គេម​

  • 2018-09-18 03:25:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ឈ្នះ​មេដាយ​៥គ្រឿង​ ពី​ទីក្រុង​ហុងកុង​ ប្រទេស​ចិន​ រួច​មក​ ប្រភេទ​កីឡារាំ​ក្លាយ​ជា​ប្រភេទ​កីឡា​ដែល​សក្ដានុពល​មួយ​ទៀត​ហើយ​ ដែល​មាន​លទ្ធភាព​ប្រកួតប្រជែង​នៅ​ក្នុង​ ស៊ីហ្គេម​ ដើម្បី​ជួយ​ស្វែង​រក​មេដាយ​ជូន​កម្ពុជា។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ តាម​រយៈ​ការ​ជ័យជម្នះ​ក្នុង​កម្មវិធី​ ADSF Asian Dance Sport Championship​ អាច​មើល​ឃើញ​ថា​កីឡាករ​ កីឡា​ការិនី​របស់​សហព័ន្ធ​ខាង​លើ​នេះ​ មាន​ឱកាស​ឈ្នះ​មេដាយ​បន្ត​ទៀត​នៅ​ស៊ីហ្គេម​ លើក​ទី៣០​ នៅ​ឯ​ប្រទេស​ហ្វីលីពីន​ផង​ដែរ​ ជា​មួយ​សហព័ន្ធ​មាន​សក្ដានុពល​ផ្សេងៗ​ទៀត។​

មេដាយ​ចំនួន​ ៥គ្រឿង​នេះ​ នឹង​ជួយ​ជំរុញ​ទឹក​ចិត្ត​ដល់​ពួក​គេ​បន្ថែម​ទៀត​ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់​តែ​ខ្លាំង​ក្នុង​ការ​ប្រកួត​ប្រជែង​លើ​ឆាក​អន្តរជាតិ។​

លោក​ជំទាវ​ ញ៉ែម​ មរកត​ ប្រធាន​សហព័ន្ធ​រាំ​ ក៏​បាន​ឲ្យ​ដឹង​នា​យប់​មិញ​នេះ​ដែរ​ថា​ នេះ​ជា​ជោគជ័យ​មួយ​របស់​សហព័ន្ធ​ ព្រោះ​ទើប​តែ​បញ្ជូន​អត្តពលិក​ទៅ​លើក​ទី១​ ហើយ​អាច​ឈ្នះ​មេដាយ​ជូន​ជាតិ​តែ​ម្ដង។​ មុន​ការ​ចេញ​ទៅ​ ក្នុង​នាម​សហព័ន្ធ​ហ៊ាន​រំពឹង​ថា​និង​បាន​មេដាយ​បែប​នេះ​ទេ​ បាន​ត្រឹម​ទទួល​បទ​ពិសោធ​ទៅ​បាន​ហើយ​ ព្រោះ​ជា​លើក​ដំបូង​សម្រាប់​ការ​ចូលរួម​ក្នុង​ឆាក​អន្តរជាតិ។​

រំលឹក​ដែរ​ថា​ ក្រុម​អត្តពលិក​កីឡា​រាំ​បាន​វិល​មក​ដល់​កម្ពុជា​វិញ​ហើយ​នា​យប់​មិញ​នេះ​ បន្ទាប់​ពី​ចំណាយ​ពេល​ជិត​១០​ថ្ងៃ​ ដើម្បី​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ ADSF Asian Dance Sport Championship ឆ្នាំ​2018 ​ និង​កម្មវិធី​ Asian Hong Kong Open 2018។​ ក្នុង​នោះ​កម្ពុជា​ឈ្នះ​មេដាយ​៥គ្រឿង​ មាស១ ​ប្រាក់១​ និង​សំរឺទ្ធ៣៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី