ដឹងច្បាស់ពីគោលការណ៍ "សាលាជំនាន់ថ្មី" គ្រប់គ្នានឹងពេញចិត្តបំផុត

  • 2018-09-19 03:31:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលារៀន​ជំនាន់​ថ្មី​ គឺជា​កម្មវិធី​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​ខ្នាតធំរបស់​ក្រសួងអប់រំ។ គម្រោងនេះ រដ្ឋាភិបាលត្រូវចំណាយប្រាក់ជិតមួយលានដុល្លារដើម្បីចាប់ផ្តើមនេះ ផ្តោតសំខាន់ទៅលើទំនើបកម្មនៃការរៀន បង្រៀន គ្រឿងបរិក្ខារ។

អ្វីដែល​ប្លែកក្នុងកម្មវិធី​សាលា​ជំនាន់​ថ្មី​មាន​ភាព​ខុស​គ្នា​ពី​កម្មវិធី​ដែល​សាលា​ចំណេះដឹង​ទូទៅ​នានា​ ពោលគឺផ្តោត​លើ​មុខវិជ្ជា​សំខាន់ៗ​មួយ​ចំនួន​មាន​ដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (Science, Technology, Engineering and Mathematics) ហើយសិស្សដែល​អាចចូលរៀនសាលានេះបាន ចាំបាច់ត្រូវប្រឡងចូលជាមុន។​ ចំពោះការអនុវត្តក្នុងការសិក្សាជាប្រចាំថ្ងៃដូចជា ៖

-​ ការសិក្សា​មាន​ ២ ​ពេល​ក្នុង​ ១ ​ថ្ងៃ​ (៧ ​ម៉ោង​) ចាប់ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សៅរ៍

-​ សិស្ស​ក្នុង​ ១ ​ថ្នាក់​ត្រូវ​បាន​កំណត់​ចន្លោះ​ពី ៣០-៣៥ ​នាក់

-​ មាន​សម្ភារ​ឧបទេស​គ្រប់គ្រាន់​ក្នុង​ការ​រៀន និង​បង្រៀន

-​ មាន​កម្មវិធីសិក្សា​ភាសាបរទេស និង​កុំព្យូទ័រ​ជាដើម​។

ប៉ុន្តែជុំវិញការបង្កើតសាលាជំនាន់ថ្មីនេះឡើង ធ្វើឲ្យ​គ្របង្រៀនក្នុងសាលារដ្ឋ ពោលគឺលោកគ្រូអ្នកគ្រូនៅវិទ្យាល័យព្រះស៊ីសុវត្ថិមិនពេញចិត្ត ផ្ទុះការតវ៉ានៅថ្ងៃទី១៨ កញ្ញា ២០១៨ ឲ្យក្រសួងអប់រំដកសាលាជំនាន់ថ្មីចេញសាលារដ្ឋមួយនេះ។

ចុចអាន៖ ក្រសួងបំភ្លឺច្បាស់ៗ រឿងគេផ្អើលថា វិទ្យាល័យព្រះស៊ីសុវត្ថិដូរជាសាលាឯកជន និងបង់ថ្លៃ

ជាមួយគ្នានេះ ​លោក​ សម្យ កឹមសាន្ត ជានាយកគ្រប់គ្រងសាលាជំនាន់ថ្មី និងជានាយក​រងនៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ចេញមុខបង្ហាញពីគោលបំណងនៃការបង្កើត​សាលា​ជំនាន់​ថ្មីនេះឡើង ព្រោះហេតុផលសំខាន់ខាងក្រោមនេះ៖

លោក សម្យ កឹមសាន្ត

គំនិត​សម្រាប់​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​ត្រូវ​ផ្តួច​ផ្តើម​ឡើង​ដំបូង​ដោយ​អង្គការ KAPE ដែល​ជា​អង្គការ​ក្នុង​ស្រុក​ធំ​បំផុត​ដែល​ផ្តោត​សំខាន់​ទៅ​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា ហើយ​ក្រោយ​អង្គការ​នេះ​ត្រូវ​បាន​អនុម័ត និង​ត្រូវ​បាន​ឧបត្ថម្ភ​ថវិកា​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​។ កម្មវិធី​សាកល្បង​របស់​ពួកគេ​ដែល​ជា​គំនិត​ផ្តួច​ផ្តើម​សាលា Beacon ត្រូវ​បាន​ស្ថាបនា​ឡើង​នៅ​ឆ្នាំ​ ២០១៤ នៅ​ខេត្ត​កំពង់ចាម​ហើយ​នៅ​ពេល​ដែល​កម្មវិធី​មាន​ការ​ពង្រីក​ធំ​ទៅ​ៗ សាលា​នេះ​ក៏​ក្លាយ​ជា​សាលា​ជំនាន់​ថ្មី​ New Generation School (NGS) នេះ​ឯង​។

គោលបំណង​របស់ NGS គឺ​ការ​បង្កើត​សាលា​រដ្ឋ​ដែល​រក្សា​បាន​នូវ​ស្តង់ដារ​នៃ​ការ​អប់រំ​បាន​ខ្ពង់ខ្ពស់​បំផុត​តាមរយៈ​ការ​វិនិយោគ​ថវិកា​ច្រើន​។ NGS ​ផ្តោត​ទៅ​លើ​ការ​ពង្រឹង​តម្លាភាព និង​ទទួល​ខុសត្រូវ​ដោយ​ការ​ផ្លាស់​ប្តូរ​វិធី​គ្រប់គ្រង​សាលា​។ នេះ​គឺជា​ការ​ខុស​ប្លែក​ពី​វិធីសាស្ត្រ​ប្រពៃណី​របស់​រដ្ឋាភិបាល​ដែល​រមែង​តែងតែ​បែង​ចែក​មូលនិធិ​ស្មើៗ​គ្នា​ទាំង​អស់​។

ប្រសិន​បើ​មិន​មាន​ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​គ្រប់គ្រង​សាលារៀន​ទេ​នោះ សម្ភារ​បរិក្ខារ​ដូចជា​បន្ទប់​ពិសោធ​វិទ្យាសាស្ដ្រ​នឹង​មិន​ត្រូវ​បាន​ប្រើប្រាស់​ឲ្យ​អស់​ពី​សមត្ថភាព​ទេ​ពីព្រោះ​គ្រូបង្រៀន​រវល់​តែ​ស្វិតស្វាញ​ក្នុង​ការ​បង្រៀន​គួរ​យក​លុយ​ក្រៅ​ម៉ោង​វិញ និង​មាន​ភាព​លម្អៀង​ទៅ​លើ​សិស្ស​រៀន​គួរ​ជាង​សិស្ស​ដែល​មិន​មាន​លុយ​រៀន​គួរ​។

សាលា​ជំនាន់​ថ្មី​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ​ ដោយ​ការ​លុប​បំបាត់​ការ​អនុវត្ត​បែប​នេះ​ទាំង​ស្រុង​។ ​គ្រូបង្រៀន​ត្រូវ​បាន​ជ្រើសរើស​យ៉ាង​ល្អិតល្អន់ និង​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​ដូចជា​ការ​ផ្តល់​អាហារូបករណ៍​ដើម្បី​ពង្រឹង​គុណធម៌​ក្នុង​ការ​បង្រៀន និង​សុចរិតភាព​។ គេ​បាន​សង្កេត​ឃើញ​ថា​នៅ​ក្នុង​បរិយាកាស​ថ្មី​នេះ​គ្រូបង្រៀន​លែង​មាន​ការ​ប្រកួត​ប្រជែង​ជាមួយ​គ្នា​ដើម្បី​ទាក់ទាញ​អតិថិជន​ដែល​ជា​សិស្ស​នោះ​ទេ ​ហើយ​វា​ធ្វើឲ្យ​ការ​ពង្រឹង​គុណភាព​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។

"វាមានន័យចឹង មិនមែនគេមានបំណងលុបចោលសាលាព្រះស៊ីសុវត្ថិទេ។ មានន័យថា សាលាព្រះស៊ីសុវត្ថិ នៅតែជាសាលាព្រះស៊ីសុវត្ថិ ប៉ុន្តែគេគ្រាន់តែបញ្ចូលកម្មវិធីសិក្សាគឺមានការកែទម្រង់តាម NGS" ។ លោកនាយករងបន្ថែម។

គូស​បញ្ជាក់​បន្ថែម​​ថា​ សម្រាប់ឆ្នាំ​សិក្សា​ ២០១៧-២០១៨ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចាប់ផ្ដើម​អនុវត្ត​កម្មវិធី​នេះ​នៅ​សាលា​គោលដៅ​ចំនួន​ ៣ ដែល​រួមមាន វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ (​រាជធានីភ្នំពេញ​) សាលា​បឋមសិក្សា​អង្គរ​បាន​ (​ខេត្ត​កំពង់ចាម​) និង​សាលា​បឋម​សម្តេច​ព្រះរាជអគ្គមហេសី នរោត្តមមុនីនាថ សីហនុ (​ឧដុង្គខេត្ត​កំពង់ស្ពឺ​)​។

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី