ភាគី​កម្ពុជាស្នើ​ឲ្យ​ភាគីកូរ៉េជួយ​ពន្លឿន​ការ​បង្កើត​វិទ្យាស្ថានបច្ចេកទេស​មួយ​នៅ​កម្ពុជា​

  • 2018-09-19 07:00:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងសាធារណការ និង​ដឹកជញ្ជូន​ ស្នើ​ឲ្យ​វិទ្យា​ស្ថាន​បច្ចេកវិទ្យា​មួយ​របស់​ប្រ​ទេស​កូរ៉េ​ខាង​ត្បូង​ពន្លឿន​ការ​ស្ថាបនាវិទ្យា​ស្ថាបច្ចេកវិទ្យា​សំណង់​កម្ពុជា​-កូរ៉េ ដើម្បី​​ការ​ធានា​ឲ្យ​បាន​នូវ​ស្ដង់​ដារ​គុណ​ភាព​នៃ​សំណង់​ផ្លូវ​ថ្នល់​​នៅ​កម្ពុជា​។

(រូបភាព៖ក្រ​សួង​សាធារណការ)

កាល​ពី​ម្សិល​មិញ​ឯកឧត្តម ស៊ុន ចាន់​ថុល រដ្ឋមន្ត្រីក្រ​សួង​សាធារណការ​ បាន​ធ្វើទស្សនកិច្ច​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​សំណង់កូរ៉េ នៅទីក្រុង​សេអ៊ូល ប្រ​ទេស​កូរ៉េ។ នេះ​បើ​តាម​ការ​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រ​សួង​។

​ក្នុង​ដំណើរទស្សនកិច្ច​នេះ​ភាគី​ វិទ្យាស្ថាន​បច្ចេកវិទ្យា​សំណង់កូរ៉េ​បាន​បង្ហាញ​ភាគី​កម្ពុជា​នូវ​សេចក្តី​ព្រាង​ផែនការ​គាំទ្រ​ការ​បង្កើត​វិទ្យាស្ថាន​បច្ចេក​វិទ្យាសំណង់​កម្ពុជា-កូរ៉េ។ បើ​តាម​ប្រ​ភព​ខាលើ​ឯកឧត្តម ស៊ុន ចាន់​ថុល ជំរុញ​ឲ្យ​វិទ្យាស្ថាន​មច្ចេកវិទ្យាសំណង​កូរ៉េនេះ ពន្លឿន​ការ​បង្កើត​វិទ្យាស្ថាន​បច្ចេក​វិទ្យាសំណង់​កម្ពុជា-កូរ៉េ​នេះ ឲ្យបាន​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាង​មុខ ឬ ខ្លីជាង​នេះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ឯកឧត្តម លើក​ឡើងថា៖ « កម្ពុជា​ចាំ​បាច់​ត្រូវ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្តង់​ដារ​នៃ​ការ​ស្ថាបនា​ ផ្លូវថ្នល់ ​ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ​និង​រក្សាគុណភាព​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ឱ្យ​មាន​ភាព ​រឹងមាំ​ និង​ប្រើ​ប្រាស់​ជាប់​បាន​យូរ...​ជាពិសេស បច្ចេក​វិទ្យា​ជួស​ជុល​ផ្លូវ​ថ្នល់​មាន​សារៈ​សំខាន់​ណាស់ ​ដោយ​សារ​តំបន់​ភាគ​ខាងត្បូង​នៃ​ប្រទេសដូចជា​ ខេត្តកំពត ខេត្តកែប ក្រុងព្រះសីហនុ និង​ខេត្តកោះកុង មានភ្លៀង​ធ្លាក់​ជោគ​ជាំនៅ​រដូវ​វស្សា​»។

គួរ​បញ្ជាក់ថាវិទ្យាស្ថាន​មច្ចេកវិទ្យាសំណង​កូរ៉េគឺជាវិទ្យាស្ថានរបស់រដ្ឋាភិបាលកូរ៉េ មាន​ជំនាញ​ឯក​ទេស​ខាង​ការស្រាវជ្រាវ និងវិស្វកម្មសំណង់។ ​វិទ្យាស្ថាននេះ​ មានបុគ្គលិកជំនាញថ្នាក់បណ្ឌិតជាង ៩០០នាក់​ដែល​មាន​ជំនាញ​ផ្សេងៗ​គ្នាទាក់ទងនឹងការសាងសង់៕

អត្ថបទ៖ ទូច សុខា