មកស្គាល់ពីផ្នែកសំខាន់ៗ សម្រាប់ផ្គុំចេញជាម៉ាស៊ីនរថយន្តវិញម្ដងមើល

  • 2018-09-19 08:17:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនថាយានយន្ត គ្រឿងចក្រ និងឧបករណ៍ប្រើប្រាស់ជុំវិញផ្ទះនោះទេ សុទ្ធសឹងតែត្រូវការថាមពលដើម្បីដំណើរការ ហើយថាមពលនោះទៀតសោតគឺជាផលដែលចេញ ពីដំណើរការរបស់ម៉ាស៊ីន ដែលប្រើប្រាស់ឥន្ធនៈ ឬថាមពលអគ្គិសនីជាប្រភព។

ជាការពិតណាស់ រថយន្តអាចដំណើរការទៅមុខបាន គឺដោយសារតែចំហេះឥន្ធនៈនៅក្នុងម៉ាស៊ីនផ្ដល់ជាថាមពលដើម្បីបង្វិលពីស្ដុង នៅក្នុងស៊ីឡាំង ហើយថាមពលទាំងនោះនឹងត្រូវបញ្ជូនទៅផ្នែកផ្សេងទៀត ដើម្បីឲ្យវាអាចអូសកង់ឲ្យវិល ធ្វើឲ្យរថយន្តមានចលនាបាន។

បើនិយាយពីគ្រឿងបង្គុំទូទៅរបស់រថយន្តវិញ ក៏មានច្រើនដែរ ហើយថ្ងៃនេះ Sabay សូមនាំជូនផ្នែកទាំង ៧ ឲ្យប្រិយមិត្តទាំងអស់គ្នាស្វែងយល់បានដូចខាងក្រោម៖

១. ក្បាលប៊ូស៊ី (Spark Plug)

ក្បាលប៊ូស៊ីជាអ្នកបង្កើតផ្កាភ្លើងនៅក្នុងស៊ីឡាំងម៉ាស៊ីនរថយន្ត ដែលបង្កើតជាចំហេះរវាងឥន្ធនៈ និងខ្យល់បាន ហើយចំហេះនេះ គឺដូចជាការផ្ទុះនៅក្នុងម៉ាស៊ីន សម្រាប់ផលិតថាមពលអ៊ីចឹង។ យ៉ាងណាមិញ ផ្កាភ្លើងត្រូវអុជឲ្យចំពេលវេលាត្រឹមត្រូវ ស៊ីគ្នានឹងចលនារបស់ពីស្តុង ទើបម៉ាស៊ីនរថយន្តអាចដំណើរការបាន។

២. ស៊ូប៉ាប់ (Valve)

ស៊ូប៉ាប់ មានមុខងារសម្រាប់បិទ បើក (ស៊ូប៉ាប់ចេញ និងស៊ូប៉ាប់ចូល) គម្របស៊ីឡាំង នៅក្នុងពេលសមស្របមួយ គឺដើម្បីឲ្យខ្យល់ និងឥន្ធនៈបន្ត​ហូរចូលក្នុងស៊ីឡាំង (ស៊ូប៉ាប់ចូល) ហើយឲ្យផ្សែងក្រោយចំហេះចេញពីម៉ាស៊ីន (ស៊ូប៉ាប់ចេញ)។ ស៊ូប៉ាប់ទាំង ២ ប្រភេទនេះ នឹងត្រូវបិទនៅពេលចាប់ផ្ដើមមានចំហេះនៅក្នុងម៉ាស៊ីនដើម្បីឲ្យថាមពលបន្ទុះនោះស្ថិតក្នុងស៊ីឡាំង។

៣. ពីស្ដុង (Piston)

ពីស្តុងជាដុំបន្ទះដែក ដែលធ្វើចលនាពីផ្នែកម្ខាង ទៅផ្នែកម្ខាងទៀត (ឡើងលើចុះក្រោម ឬពីឆ្វេងទៅស្ដាំ) នៅក្នុងស៊ីឡាំង។

៤. កងពីស្ដុង (Piston Ring)

កងពីស្ដុង គឺជាជ័រទប់ដែលរុំជុំវិញ ក្បាលពីស្ដុង ហើយវាជាអ្នកកកិតផ្ទាល់រវាងផ្នែកខាងក្រៅរបស់ក្បាលពីស្ដុង និងផ្នែកខាងក្នុងរបស់ស៊ីឡាំង។ កងពីស្ដុងមានមុខងារ ២ សំខាន់គឺ៖ វាការពារកុំឲ្យ ល្បាយខ្យល់-ឥន្ធនៈ និងផ្សែងចំហេះ ចេញពីក្នុងតួស៊ីឡាំងទៅក្នុងធុងប្រេងបាត នៅវគ្គបណ្ណែន និងបន្ទុះនៅក្នុងម៉ាស៊ីន។

វាការពារកុំឲ្យ ប្រេងបាតនៅក្នុងធុងលេចចូលទៅក្នុងតួស៊ីឡាំង នៅវគ្គបន្ទុះ ព្រោះវាអាចបណ្ដាលឲ្យឆាបឆេះម៉ាស៊ីនបាន។

៥. ដែករវៃ (Connecting Rod)

ដែករវៃភ្ជាប់ពីស្ដុងទៅកាន់ វីឡឺប្រឹកាំង (crankshaft) ដើម្បីឲ្យពីស្ដុងអាចធ្វើចលនា សម្រាប់តាមការរង្វិលរបស់ វីឡឺប្រឹកាំងបាន។ វាមានមុខភ្ជាប់នៅសងខាង ដោយមួយសម្រាប់ភ្ជាប់ទៅនឹងពីស្ដុង ហើយមួយទៀតសម្រាប់ភ្ជាប់ទៅនឹងវីឡឺប្រឹកាំង ហើយចុងសងខាងសុទ្ធតែអាចបង្វិលបានទាំងអស់។

៦. វីឡឺប្រឹកាំង (Crankshaft)

វីឡឺប្រឹកាំង គឺជារបារដែកមួយ ដែលភ្ជាប់ទៅនឹងពីស្ដុងដោយដែករវៃ ហើយវាវិលចុះឡើង ដើម្បីបង្វិលពីស្ដុងនៅក្នុងម៉ាស៊ីន។

៧. ធុងប្រេងបាត (Sump)

ធុងប្រេងបាត មានទីតាំងនៅជុំវិញវីឡឺប្រឹកាំង។ វាមាននាទីសម្រាប់ផ្ទុកប្រេង ដែលចេញពីបាតរបស់ម៉ាស៊ីន (ប្រេងបាត)។

ចុចអាន៖

ប្រភព៖ auto.howstuffworks.com   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទថ្មី