លក់​ស្មាតហ្វូន​មិន​សូវ​ដាច់​ទេ តែ​កុំមើល​​ប្រាក់​ចំណេញ Apple ស៊ី​ដាច់​គេ​ភឹង​ក្នុង​ត្រីមាស​ទី ២

  • 2018-09-20 11:50:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី Appleមិន​អាច​ជាប់​ឈ្មោះ​ជា​ក្រុមហ៊ុន​លក់​ចេញ​ស្មាតហ្វូន​ដាច់​បំផុត​ក្នុង​លោក ប៉ុន្តែ​ផ្អែក​តាម​ទិន្នន័យ​ស្រាវជ្រាវ​ចុង​ក្រោយ​ចេញ​ពី Counterpoint Research រក​ឃើញ​ថា​ចំណែក​នៃ​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​យក្ស​អាមេរិក​មួយ​នេះ​ឈរ​នៅ​លំដាប់​កំពូល ចន្លោះ​បី​ខែ​ចុង​ក្រោយ​ពី​ខែ​មេសា​ដល់​មិថុនា។

ប្រភព​សង្កត់​ធ្ងន់ Appleទទួល​បាន ៦២ ភាគរយ​ នៃ​ប្រាក់​ចំណេញ​សរុប​ក្នុង​ត្រីមាស​ទី ២ ខណៈ SAMSUNG ធ្លាក់​ចុះ​បី​ឆ្នាំ​ជាប់​គ្នា​មក​សល់ ​១៧ ភាគរយ ពោល​គឺ​អាច​និយាយ​ថា Apple ចំណេញ​លើស SAMSUNG ដល់​ទៅ ៣ ដង។ ទៅ​មើល​ក្រុមហ៊ុន​ប្រទេស​ចិន Huawei មាន​ចំណែក ៨ ភាគរយ តាម​ពី​ក្រោយ​ដោយ​គូ​ប្រជែង​ក្តៅ​គគុក Oppo មាន ៥ ភាគរយ Vivo មាន ៤ ភាគរយ និង Xiaomi មាន ៣ ភាគរយ។ ជា​លើក​ទី​មួយ​ដែល​ប្រាក់​ចំណេញ​ក្រុមហ៊ុន​យក្ស​ចិន​បូក​បញ្ចូល​គ្នា​កើន​បាន​ជាង ២ ពាន់​លាន​ដុល្លារ។

តាម​ការ​គណនា​ក្នុង​ចំណែក​ ៦២ ភាគរយ​នោះ​ Apple នឹង​នាំ​ប្រាក់​ចំណេញ​ចូល​ក្រុមហ៊ុន​បាន​ប្រមាណ ៦ ពាន់​លាន​ដុល្លារ​ អំឡុង​ត្រីមាស​ទី ២ នៃ​ចំណូល​សរុប​ ៣០ ពាន់​លាន​ដុល្លារ។ Counterpoint បញ្ជាក់​ថា​ការ​ដែល SAMSUNG ចាប់​ចុះ​អន់​ថយ​ក្នុង​ត្រីមាស​នេះ ក៏​ដោយ​សារ​តួ​លេខ​លក់​ចេញ​ត្រកូល Galaxy S9 ធ្លាក់​ដល់​ទៅ ២៤ ភាគរយ​ធៀប​នឹង S8 ឆ្នាំ ២០១៧។

បើ​និយាយ​ពី​ស្មាតហ្វូន​ធុន​កណ្តាល​ថ្លៃ​ចន្លោះ​ពី ៤០០ ទៅ ៦០០ ដុល្លារ​ក្នុង​ត្រីមាស​ដដែល Oppo និង Apple ជា​អ្នក​ឆ្មក់​តំណែង​កំពូល​បាន​យ៉ាង​ល្អ ស្រប​ពេល Samsung មាន​ត្រឹម ១៦ ភាគរយ​ Huawei មាន ១៤ ភាគរយ Xiaomi មាន ៦ ភាគរយ និង OnePlus មាន ៥ ភាគរយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា