ដំណោះ​ស្រាយ​ថ្មី​ ដើម្បី​បង្កើន​ទម្លាប់​ក្មេង​ឲ្យ​ចូល​ចិត្ត​អាន​សៀវភៅ​ គាំទ្រ​ដោយ​ Starbucks កម្ពុជា​

  • 2018-09-21 02:51:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នរណា​ក៏​ទទួល​ស្គាល់​ដែរ​ថា​សៀវភៅ​រឿង​និទាន​តែង​តែ​បន្សល់​ទុក​នូវ​ការ​ចងចាំ​ដិតដាម​មួយ​នៅ​ក្នុង​បេះដូង​កុមារ​គ្រប់​ៗរូប ។ វា​ធ្វើ​ឲ្យ​​កុមារ​ចេះ​ស្រមើ​ស្រមៃ​ ចេះ​យល់​ដឹង​ពី​ក្តី​ស្រលាញ់​ ក្តី​សង្ឃឹម​ ភាព​ក្លាហាន​ និង​អ្វីៗ​លើស​ពី​នេះ​ទៀត។

ដូចនេះ​​ ដើម្បី​ជំរុញ​អោយ​វិស័យ​មួយ​ផ្នែក​នេះ​កាន់​តែ​ប្រសើរ​ឡើង​ក្នុង​ប្រទេស​កម្ពុជា​ រួម​ទាំង​បង្កើត​ទម្លាប់​អាន​សៀវភៅ​ដល់​កុមារ​តូច​ៗ​ផង​នោះ​ Starbucks Cambodia បាន​សហការ​ជាមួយ​​ អង្គការ​មូលនិធិ​អាស៊ី​កម្ពុជា​ (The Asia Foundation Cambodia) គាំទ្រ​គម្រោង​ “Let’s Read!” ដោយ​រៀបចំ​កម្មវិធី​បង្កើត​សៀវភៅ​រឿង​និទាន​​ នៅ​សាខា​ Starbucks មួយ​ក្នុង​រាជធានី​ភ្នំពេញ។

"តាម​ពិត​ទៅ គម្រោង Let's Read! ដំណើរ​ការ​តាំង​ពី ២០១៦ មក​ម្ល៉េះ​នៅ​កម្ពុជា។ គោល​បំណង​ធំ ដើម្បី​បង្កើត​ឲ្យ​មាន​ធនធាន​អ្នក​អាន និង​បង្កើន​ទម្លាប់​អាន​ឲ្យ​កាន់​តែ​ច្រើន​សម្រាប់​កុមារ​នៅ​កម្ពុជា។ ឆ្នាំ​មុន Starbucks Cambodia បាន​ចូល​រួម​ជួយ​បោះពុម្ព​បន្ថែម​នូវ​សៀវភៅ​ដែល​មាន​ស្រាប់​ចំនួន​ ៥០០ ក្បាល ដើម្បី​ចែក​ជូន​ក្មេងៗ។ ហើយ​ថ្ងៃ​នេះ យើង​បាន​រៀប​ចំ​កិច្ច​ពិភាក្សា​​បង្កើត​​​សៀវភៅ​ថ្មី​វិញ​ម្ដងជា​ភាសា​ជាតិ​"។ នេះ​បើ​តាម​ការ​​រៀបរាប់​ពី​កញ្ញា អ៊ុក អេលីតា មន្ត្រី​កម្មវិធី​ប្រចាំ​អង្គការ​មូលនិធិ​អាស៊ី​កម្ពុជា។

កញ្ញា អ៊ុក អេលីតា

ក្រុម​ការងារ​បាន​បញ្ជាក់​ថា សៀវភៅ​ដំបូង​ដែល​ត្រៀម​ចេញ​ផ្សាយ​នេះ និយាយ​ពី​​ប្រវត្តិ​នៃ​របក​គំហើញ​កាហ្វេ​​ ដែល​នឹង​រៀបរៀង​ឡើង​ពី​អ្នក​និពន្ធ វិចិត្រករ និង​ការី​និពន្ធ​អាជីព​ដែល​មាន​ជំនាញ​ស្រាប់ រួម​ជា​មួយ​​ការ​បើក​​ឱកាស​ឲ្យ Starbucks Partners (អ្នក​ជំនាញ​ឆុង​កាហ្វេ) ចំនួន ៨ នាក់ ​ពី​សាខា​ខុសៗ​គ្នា មក​បញ្ចេញ​ពី​មតិ​យោបល់​ផ្សេងៗ​ជុំ​វិញ​ប្រធាន​បទ ដើម្បី​ផលិត​ឆ្អឹង​រឿង។

លោក ប៉ោ លីម នាយក​គ្រប់គ្រង​ទូទៅ​របស់ Starbucks Cambodia ថ្លែង​ថា៖ "យើង​ពិត​ជា​រីករាយ​នឹង​លទ្ធផល​ដែល​ទទួល​បាន​កាល​ពី​ឆ្នាំ​កន្លង​ទៅ ហើយ​រឹត​តែ​​សប្បាយ​ចិត្ត​​ក្នុង​ការ​​ជំរុញ​ឲ្យ​មាន​គម្រោង “Let’s Read!” ​​នេះ​​​បន្ត​​​ដំណើរ​នៅ​ពេល​ខាង​មុខ​​ទៀត​ដោយ​សារ​កិច្ច​​សហការ​មួយ​នេះ​ ត្បិត​យើង​ចង់​លើក​ស្ទួយ​ឲ្យ​វប្បធម៌​អាន​នៅ​កម្ពុជា​កាន់​តែ​រីក​លូត​លាស់​ឡើង"។

លោក ប៉ោ លីម

តំណាង​​ឲ្យ​អ្នក​ឆុង​កាហ្វេ​ទាំង​អស់​ប្រចាំ Starbucks Cambodia លោក ភិន វីរៈរដ្ឋា និយាយ​ថា នេះ​ជា​លើក​ទី​១ សម្រាប់​លោក​ក្នុង​ការ​សរសេរ​រឿង​ជា​លក្ខណៈ​ផ្លូវការ។ "ខ្ញុំ​សប្បាយ​ចិត្ត ព្រោះ​តាម​គម្រោង​នេះ ខ្ញុំ​អាច​បង្ហាញ​ពី​ក្រុមហ៊ុន​ខ្ញុំ​ផ្ទាល់ និង​មាន​ឱកាស​បង្ហាញ​ស្នាដៃ​ថ្មីៗ​ជា​មួយStarbucks Partners ផ្សេង​ទៀត។ ខ្ញុំ​យល់​ថា សៀវភៅ​នេះ​អាច​ទាក់ទាញ​ក្មេងៗ ព្រោះ​របក​គំហើញ​របស់​​កាហ្វេ វា​គួរឲ្យ​ចាប់​អារម្មណ៍​ស្រាប់ ហើយ​ខ្ញុំ​ជឿ​ជាក់​លើ Asia Foundation ដែល​ពួក​គាត់​​ធ្លាប់​មាន​បទ​ពិសោធ​ជោគ​ជ័យ​ច្រើន​លើ​គម្រោង​ស្រដៀង​គ្នា​នេះ"។

សាធារណជន​ទាំង​អស់​ក៏​អាច​ក្លាយ​ជា​ចំណែក​មួយ​ក្នុង​គម្រោង​នេះ​បាន​ដែរ តាម​រយៈ​ការ​ទិញ​សៀវ​ភៅ​នៅ​តាម​​​ហាង​​ណា​មួយ​ក្នុង​ចំណោម​ហាង​ទាំង ១៤ សាខា​របស់​ Starbucks Cambodia ដែល​នឹង​លេច​រូបរាង​នៅ​ចុង​ឆ្នាំ​នេះ។

Let’s Read! គឺ​ជា​គំនិត​ផ្ដួចផ្ដើម​របស់​អង្គការ​មូលនិធិ​អាស៊ី​ធ្វើ​ឡើង​ដើម្បី​បង្កើន​ចំនួន​សៀវភៅ​កុមារ​ជា​ភាសា​តាម​តំបន់ ដោយ​អនុញ្ញាត​ឲ្យ​ពួក​គេ​អាច​ប្រើ​ប្រាស់​បាន​គ្រប់​ពេល​វេលា និង​គ្រប់​ទីកន្លែង។ គម្រោង​នេះ​ក៏​មាន​បណ្ណាល័យ​ឌីជីថល​ដែល​ផ្ទុក​សៀវភៅ​មាន​គុណភាព​ខ្ពស់​សម្រាប់​កុមារ ជិត ២០០ ក្បាល​ជា​ភាសា​ខ្មែរ ច្រើន​ក្បាល​ទៀត​ជា​ភាសា​អង់គ្លេស និង​ភាសា​ក្នុង​តំបន់​អាស៊ី។ អ្នក​អាច​ចូល​អាន និង​ដោនឡូត​​ដោយ​សេរី​ពី​វិបសាយ www.letstreadasia.org ឬ​ដោនឡូត​កម្មវិធី​ Let’s Read! សម្រាប់ Android លើ Play Store

អត្ថបទ៖ សុខណា