ហេតុផល​ដែល Liverpool ហ៊ាន​ចាយ​ ៦៥ លាន​ដុល្លារ​ដើម្បី​​សង់​កន្លែង​ហ្វឹកហាត់​ដល់​យុវជន​ថ្នាល

  • 2018-09-22 09:24:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

ក្លឹប​ហង្សក្រហម​ ត្រូវ​បាន​លោក John Henry ដែល​ជា​សេដ្ឋី​អាមេរិក​បាន​ទិញ​យក​ក្លឹប​នេះ​​កាល​ពី​ឆ្នាំ ២០១០ ក្នុង​តម្លៃ ២៨០ លាន​ផោន (ប្រហែល ៣៦៦ លាន​ដុល្លារ)​ ហើយ​ធ្វើ​ឲ្យ​ក្លឹប​ ​នេះ​ល្បី​ខ្លាំង លែង​ឲ្យ​អ្នក​គាំទ្រ​ថា​ជា​ក្លឹប​ចាយ​រិះថាំ​ទៀត​ហើយ។ ជាក់ស្តែង​ ក្លឹប​កំពុង​ឡើង​កូដ​នេះ​ហ៊ាន​ជះ​លុយ​ប្រមាណ ១៧០ លាន​ផោន (២២២ លាន​ដុល្លារ) កាល​ពី​រដូវ​ក្តៅ​ដើម្បី​នាំ​យក​កីឡាករ​ល្អៗ​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ក្លឹប​ធំៗ។

ថ្មី​នេះ​ទៀត​សោត Liverpool បាន​ចាយ​ ៥០ លាន​ផោន (៦៥ លាន​ដុល្លារ) ដើម្បី​រៀបចំ​ទីលាន​ហ្វឹកហាត់​របស់​យុវជន​ថ្នាល​របស់​ខ្លួន​ ដោយ​ក្លឹប​នេះ​ជឿ​ថា៖

១ ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​​គ្រូ​បង្វឹក

នៅ​ពេល​ដែល យុវជន​របស់​ក្លឹប និង កីឡាករ​អាជីព​ក្នុង​ក្លឹប​មាន​​កម្រិត​ខុស​គ្នា​ខ្លាំង​ពេក ក៏​មិន​អាច​ទាក់​ក្រសែ​គ្រូ​បង្វឹក​បាន​ដែរ។ ប្រសិន​បើ​កីឡាករ​វ័យក្មេង​របស់ Liverpool មាន​ទេពកោសល្យ​ដែល​អាច​បណ្ដុះបណ្ដាល​បាន​នោះ​ក៏​ជា​ការ​ចំណេញ​របស់​ក្លឹប​ ដែល​គ្រូ​បង្វឹក​អាច​នឹង​មិន​សម្រេច​ចិត្ត​នាំ​កីឡាករ​ចូល​ តែ​ជំនួស​មក​វិញ​ដោយ​កីឡាករ​ថ្នាល​ចេញ​ពី​យុវជន។

២ កន្លែង​ហាត់​រួម​គ្នា

ទីលាន​ហ្វឹកហាត់​ស្តង់ដារ​នេះ​សម្រាប់​​ជា​កន្លែង​ដែល​អាច​ហ្វឹកហាត់​រួមគ្នា​រវាង​យុវជន​ថ្នាល និង កីឡាករ​អាជីព។ ទីលាន​ហ្វឹកហាត់​នៅ Kirkby របស់​ Liverpool នឹង​ក្លាយ​ទៅ​ជា​​ទីលាន​ដំបូង​គេ​ដែល​យុវជន និង កីឡាករ​អាជីព​អាច​ហ្វឹកហាត់​រួម​គ្នា។

៣ រចនា​សម្ព័ន្ធ​ដូចគ្នា​សម្រាប់​យុវជន និង ក្លឹប​ធំ

កីឡាករ​ទាំង​២​ក្រុម​មាន​ទីលាន​ហ្វឹកហាត់​ផ្សេង​គ្នា របៀប​ហ្វឹក​ហាត់​ផ្សេង​គ្នា។ ប៉ុន្តែ​​វា​នឹង​កាន់​តែ​ប្រសើរ​​នៅ​ពេល​ដែល​ពួកគេ​ស្ថិត​ក្នុង​ជំរំ​ជាមួយ​គ្នា។ វា​នឹង​បង្ក​ភាព​ងាយស្រួល​ដល់​គ្រូ​បង្វឹក​ក្នុង​ការ​បណ្ដុះ​បណ្ដាល​​ថ្នាល​យុវជន ឲ្យ​លេចធ្លោ​ជាង​យុវជន​ក្លឹប​ដទៃ។

៤ បង្កើត​កីឡាករ Trent Alexander-Arnold ទី​២ និង បន្តបន្ទាប់

ភាព​ជោគជ័យ​របស់ Trent Alexander-Arnold ដែល​រើស​ចេញ​ពី​ថ្នាល​យុវជន​ បាន​បង្ហាញ​ថា​ប្រសិន​បើ​អ្នក​ល្អ​គ្រប់គ្រាន់ ភាព​ក្មេង​ខ្ចី​មិន​មែន​ជា​បញ្ហា​ឡើយ។ ថ្មីៗ​នេះ​យុវជន​របស់​ Liverpool ដូច​ជា Curtis Jones និង Rafa Camacho ត្រូវ​បាន​ផ្តល់​ឱកាស​ឲ្យ​ដើរ​គន្លង​តាម Arnold៕


ប្រភព៖ Liverpool Echo   ប្រែ​សម្រួល៖ សុខ លាងហ៊ត