ខឹងមិត្តប្រុសមិនឲ្យញ៉ាំទុរេនក្នុងបន្ទប់ ទាញទូរសព្ទប្តឹងប៉ូលិសថាគេចាប់រំលោភ

  • 2018-09-25 07:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ជនជាតិ​ចិន វ័យ​២៩ឆ្នាំ​ម្នាក់ មាន​ឈ្មោះ​ថា Zhang មក​ពី​ខេត្ត Zhejiang ប្រទេស​ចិន បាន​ធ្វើ​រឿង​ដ៏​គួរ​ឲ្យ​ហួស​ចិត្ត​មួយ នៅ​ពេល​ដែល​មិត្ត​ប្រុស​ឈ្មោះ Luo មិន​អនុញ្ញាត​ឲ្យ​នាង​ញ៉ាំ​ទុរេន នៅ​ក្នុង​បន្ទប់​សណ្ឋាគារ ដោយ​បាន​ទូរសព្ទ​ទៅ​ប្ដឹង​ប៉ូលិស​ថា នាង​ត្រូវ​គេ​ចាប់​រំលោភ។

យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា គូ​ស្នេហ៍​ទាំង​ពីរ​បាន​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​មួយ។ បន្ទាប់​មក នាង Zhang ឃ្លាន ក៏​យក​ទុរេន​ដែល​នាង​ដាក់​មក​តាម​ដើម្បី​ញ៉ាំ។ ផ្ទុយទៅវិញ មិត្ត​ប្រុស​របស់​នាង​បាន​និយាយ​បែប​លេង​សើច​ថា មិន​ឲ្យ​នាង​ញ៉ាំ​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ឡើយ ហើយ​ឲ្យ​យក​ទៅ​ញ៉ាំ​នៅ​ផ្ទះ​នាង​វិញ។

ក្រោយ​ឮ​សម្ដី​បែប​នេះ នាង Zhang បាន​ខឹង​យ៉ាង​ខ្លាំង ហើយ​ក៏​យក​ទុរេន​គប់ និង​ទាត់​ធាក់​លើ​លោក Luo ទៀត​ផង។ ដោយសារតែ​ចង់​ឃាត់​នាង លោក Luo បាន​ទះ​មុខ​នាង​បន្តិច ប៉ុន្តែ​ធ្វើ​ឲ្យ​នាង​ខឹង​រឹតតែ​ខ្លាំង រហូត​ទាញ​ទូរសព្ទ​ប្ដឹង​ប៉ូលិស​ថា នាង​ត្រូវ​គេ​ចាប់​រំលោភ។

មិនយូរប៉ុន្មាន ប៉ូលិស​ក៏​បាន​មក​ដល់ ប៉ុន្តែ​មាន​ការ​ភ្ញាក់ផ្អើល ដោយសារតែ​រក​មិន​ឃើញ​សញ្ញា​នៃ​ការ​ចាប់​រំលោភ ឬ​ការ​រង​របួស​អ្វី​ឡើយ។ យ៉ាងណាមិញ បន្ទាប់​ពី​ទទួល​បាន​ការ​ឆ្លើយ​សារភាព​ផ្ទាល់​ពី​នាង Zhang ប៉ូលិស​ក៏​សម្រេចចិត្ត​ចោទប្រកាន់​នាង​ពី​បទ​រំខាន​ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ ហើយ​ឃុំ​ខ្លួន​នាង​រយៈពេល ៥ថ្ងៃ​តែម្តង៕

ចុច​អាន៖

ប្រភព៖ worldofbuzz   ប្រែ​សម្រួល៖ សេង ឡុង