កសិករខ្មែរ​បង្កាត់​ពូជស្រូវថ្មីបាន​ដោយ​ខ្លួនឯង​ ដាក់ឈ្មោះតាមត្រីមួយ​ប្រ​ភេទ​

  • 2018-09-27 02:49:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កសិករ​ខ្មែរ​នៅ​ខេត្ត​ស្ទឹង​ត្រែង​បាន​បង្កាត់​ពូជស្រូវ​ម្យ៉ាង​មាន​ឈ្មោះ​ថា​ «ត្រីរៀល» ដែលមាន​រយៈពេល​ដាំ​តិចជាង​បីខែ អាច​ប្រ​មូល​ផល​បាន និង​ថា​ងាយស្រួល​ដាំ បាន​ផល​ច្រើនទៀត​ផង។

(ស្រូវ​ត្រីរៀលទុំ​មុន​ស្រូវផ្សេងទៀត/រូបភាព៖ ឯ. ខៀវ កាញារីទ្ធ)

នៅ​លើទំព័រហ្វេស​ប៊ុក​រដ្ឋមន្ត្រី​ក្រ​សួង​ព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ នៅ​ព្រឹក​នេះ​បាន​ដក​ស្រង់​ព័ត៌មានពី​ប្រ​ធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ស្ទឹង​ត្រែង ដោយ​មាន​សរសេរថាកសិករ​​នៅ​ឃុំ​ភ្លុក ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង​បានរកឃើញ​ពូជស្រូវ​ថ្មី​មួយ និងបាន​ដាក់​ឈ្មោះថា​ «ស្រូវ​ត្រីរៀល»។

​ លោក ថងឌី​ អាត ដែល​ជាកសិករ​បង្កាត់ពូជ​ស្រូវត្រីរៀល​​បញ្ជាក់ថា​លោក​ដាក់​ឈ្មោះ​ដូច្នេះ​​ដោយ​សារ​ពេល​ស្រូវ​​នេះ​ទុំ​មាន​ពណ៌​ភ្លឺ​ផ្លេក​ដូច​ត្រី​រៀល ទើប​លោក​សម្រេច​ដាក់​ឈ្មោះតាម​ឈ្មោះ​ត្រី​រៀល។ នេះ​បើ​តាម​ប្រ​ភពដដែល។​

បើ​តាម​ប្រភពខាង​លើ លោក​ ថងឌី អាត​បន្ត​ថាដំបូង​ឡើយ​លោក​បាន​ដាំ​ស្រូវ​រំដួល​លាយ​លំ​ជាមួយ​ស្រូវ​ផ្សេងទៀត​នៅ​ក្នុង​ស្រែ ហើយ​ក៏​ឃើញ​មាន​ស្រូវ​ប្រ​ភេទ​នេះ​លេច​ឡើង លោក​ក៏បាន​ប្រមូល​ទុក​។ ពូជនេះ លោក​បាន​ប្រមូ​ល​ទុក​មិន​តិច​ជាង​បីឆ្នាំ​មក​ហើយទេ និង​ថា​ពូជស្រូវនេះងាយ​ដាំដុះ មិន​រើស​ដី ចំណាយ​ពេល​ខ្លី និង​បានផល​ច្រើន។

​បើ​តាម​ប្រ​ភព​ខាង​លើពូជស្រូវនេះ​ចំណាយ​ពេល​ដាំដុះ​តែ​៧៥​ថ្ងៃប៉ុណ្ណោះ នឹង​អាច​ប្រមូល​ផល​បាន ហើយ​ថា​បច្ចុប្បន្ន​ក្នុង​ឃុំ​ភ្លុក​នេះ​មាន​កសិករ​២០​គ្រួសារ​ហើយ​បាន​ដាំដុះ​ពូជស្រូវ​នេះ។ ជាមួយ​គ្នានេះ​ដែរអាជ្ញាធរ​មូលដ្ឋាន​ក៏បាន​រាយការណ៍​ដល់​មន្ត្រីជំនាញ​ដើម្បីជួយ​ផ្តល់បច្ចេកទេស​បន្ថែម​ដល់​កសិករ​ផង​ដែរ៕

អត្ថបទ៖ ទូច សុខា