បើ​ជា​អ្នក​ប្រើ iPhone កាន់​ឆ្នាំ ចុះ​ស្គាល់​មុខងារ​ប្រចាំ​ត្រកូល​ទាំង ១៥ នេះ​ច្បាស់​នៅ?

  • 2018-10-04 13:14:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ដាក់​បង្ហាញ iPhone ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ២០០៧ គិត​មក​ទល់​ពេល​នេះ​ចូល ១២ ជំនាន់​ហើយ ប៉ុន្តែ​ក៏​ជឿ​ថា​មាន​អ្នក​គាំទ្រ​ស្មោះស្ម័គ្រ​មួយ​ចំនួន ខ្លះ​ប្រាកដ​ជា​ធ្លាប់​សាកល្បង​ជាមួយ iPhone សឹង​គ្រប់​ម៉ូឌែល។ ជុំវិញ​ការ​ប្រើប្រាស់​និង​ចំណេះដឹង​ប៉ុន្មាន​ឆ្នាំ​មក​នេះ តើ​មុខងារ​ទាំង ១៥ ខាង​ក្រោម​អ្នក​អាច​ស្គាល់​ច្បាស់​បាន​ចំនួន​ប៉ុន្មាន?

១.iCloud:

ជា​សេវាកម្ម​ផ្ញើ​ទិន្នន័យ​លើ​អ៊ីនធឺណិត​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Apple រួម​បញ្ចូល​ទាំង​ iCloud Drive, iCloud Keychain, iCloud Backup និង​ដំណើរការ​លើ​គេហទំព័រ iCloud.com។ ដើម្បី​ទទួល​បាន​ទំហំ​ផ្ទុក​កាន់​តែ​ធំ អ្នក​ប្រើប្រាស់​ទាមទារ​ឲ្យ​ចំណាយ​ថវិកា​បង់​ប្រចាំ​ខែ​ឬ​ឆ្នាំ​កាន់​តែ​ខ្ពស់។

២.Siri:

ជា​ជំនួយ​ការ​ឆ្លាតវៃ​ប្រើប្រាស់​សំឡេង ដោយ​ម៉ូឌែល​ខ្លះ​ត្រឹម​ចុច​និង​សង្កត់​លើ​ប៊ូតុង Home ឲ្យ​ជាប់​ដើម្បី​ចូល​ទៅ​ប្រើ Siri តាម​រយៈ​ការ​ចោទ​សួរ​នូវ​សំណួរ​ខ្លី​និង​ការ​បញ្ជា​ឧបករណ៍​ឆ្លាតវៃ​ក្នុង​ផ្ទះ​ជា​ដើម។ ដំណើរការ Siri ចូល​ទៅ Settings ស្វែង​រក Siri and Search។

៣.Apple Pay:

ជា​ប្រព័ន្ធ​ទូទាត់​ទំនិញ​ដំណើរការ​លើ​កម្មវិធី Wallet ដោយ​ជា​ទូទៅ​ត្រឹម​បើក​កម្មវិធី ចុច​លើ​ការ​បន្ថែម Credit ឬ Debit Card និង​ធ្វើ​តាម​ការ​ណែនាំ ហើយ​អនុញ្ញាត​ឲ្យ​គាំទ្រ​នៅ​លើ Mac ថែម​ទៀត​ផង។

៤.Personal Hotspot:

អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ការ​ចែក​រំលែក​អ៊ីនធឺណិត ទៅ​កាន់​ឧបករណ៍​ដទៃ​តាម​រយៈ Wi-Fi, Bluetooth ឬ USB ដោយ​ចូល​ទៅ Settings > Personal Hotspot និង​បំពេញ​ព័ត៌មាន​តាម​ការ​ណែនាំ។

៥.Touch ID/Face ID:

មុខងារ​ស្កេន​ខ្ចៅ​ដៃ​មាន​លើ iPhone 5s នា​ឆ្នាំ ២០១៣ មុន​ប្រលូក​ចូល Face ID លើ iPhone X សេរ៊ី​ឆ្នាំ ២០១៧។ មុខងារ​ទាំង​ពីរ​ផ្តល់​សុវត្ថិភាព​បាន​យ៉ាង​ល្អ​ដូច​គ្នា ហើយ​មាន​បង្កប់​ឲ្យ​ប្រើប្រាស់​ក្នុង​ Settings > Touch ID/Face ID and Passcode។

៦.Control Center:

ត្រឹម​អូស​ផ្នែក​ខាង​ក្រោម​មក​លើ នោះ​អ្នក​នឹង​ឃើញ​មាន​ផ្ទាំង​ Shortcut មុខងារ​ចាំ​បាច់​ជា​ច្រើន ដូច​ជា​ការ​បើក Wi-Fi អ៊ីនធឺណិត ការ​ដំឡើង​ពន្លឺ និង​មុខងារ​ច្រើន​ទៀត​អ្នក​អាច​កែច្នៃ​បាន​ក្នុង​ Settings។

៧.AirPlay:

ជា​មុខងារ​ផ្សាយ​ផ្ទាល់​វីដេអូ​ឬ​សំឡេង​ទៅ​កាន់​ឧបករណ៍​ដទៃ រួម​បញ្ចូល​ទាំង Apple TV និង HomePod ឬ​ទៅ​លើ​កុំព្យូទ័រ​តាម​រយៈ AirSever។

៨.AirDrop:

ជា​បច្ចេកវិទ្យា​ផ្ទេរ​ទិន្នន័យ​ឥត​ខ្សែ ដោយ​អាច​ផ្ទេរ​ចេញ​រូបភាព វីដេអូ ឯកសារ​មួយ​ចំនួន​ពី​ឧបករណ៍​មួយ​ទៅ​កាន់​ឧបករណ៍​មួយ​ផ្សេង​ទៀត។ អាច​បើក​ឃើញ​ក្នុង​ផ្ទៃ Control Center បង្កប់​ក្នុង​ប្រអប់ Airplane Mode ទាមទារ​ឲ្យ​សង្កត់​ជាប់​ឬ​ប្រើ 3D Touch។

៩.FaceTime:

ជា​មុខងារ​ VoIP ការ​និយាយ​ជា​សំឡេង​ឬ​វីដេអូ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ទៅ​កាន់​ iDevice ដូច​គ្នា ដែល​មាន​កម្មវិធី FaceTime។

១០.iMessage:

ប្រសិន​អ្នក​កំពុង​ផ្ញើ​សារ​ជាមួយ​នរណា​ម្នាក់ ហើយ​ប្រអប់​សារ​លោត​ជា​ពណ៌​ខៀវ នោះ​អ្នក​កំពុង​ប្រើប្រាស់ iMessage ដោយ​មាន​ន័យ​ថា​អ្នក​ម្ខាង​ទៀត​មាន​ប្រើប្រាស់ iPhone ដូច​អ្នក​ដែរ។

១១.CarPlay:

សម្រាប់​កំណត់​មុខងារ​ជំនួយ​លើ​រថយន្ត ដោយ​ការ​ដំណើរការ​អាច​ភ្ជាប់​បាន​តាម​រយៈ​ខ្សែ USB ឬ Bluetooth សម្រាប់​បើក​មើល Apple Map, ឆ្លើយឆ្លង Siri ឬ​ចាក់​តន្រ្តី​ជា​ដើម។

១២.Animoji:

ទើប​លេច​ចេញ​លើ​ជំនាន់ iPhone X ដោយ Animoji ជា Emoji ដែល​ចាប់​យក​សកម្មភាព​និង​ទឹក​មុខ​របស់​អ្នក មក​បង្កើត​ជា​ទម្រង់​រូបភាព​រស់​រវើក​មួយ តាម​រយៈ​កាមេរ៉ា True Depth។

១៣.Night Shift:

ល្អ​សម្រាប់​ការ​ប្រើ​នៅ​ទីតាំង​ងងឹត ដោយ​អ្នក​ក៏​អាច​កំណត់​ថេរវេលា​ឲ្យ Night Shift បើក​ដំណើរការ​បាន តាម​រយៈ Settings > Display & Brightness ហើយ​ធ្វើ​ការ Turn On/Off ឬ​កំណត់​ក្នុង Control Center ផ្ទាល់។

១៤.Do Not Disturb:

ជា​មុខងារ​បិទ​មិន​ឲ្យ​មាន​ការ​ Call ចូល​រំខាន​ពេល​ស្ថិត​ក្នុង​កាលៈទេសៈ​សំខាន់​ណា​មួយ ដូច​ជា​ក្នុង​អង្គ​ប្រជុំ​ឬ​ក្នុង​រោង​ភាពយន្ត ដោយ​មិន​ឲ្យ​បន្លឺ​សំឡេង តែ​អ្នក​អាច​ដឹង​បាន​​​តើ​នរណា​ជា​អ្នក Call មក។

១៥.Reading List:

នៅ​លើ Safari អាច​បើក​ឲ្យ​អ្នក​រក្សា​ទុក​អត្ថបទ​ឬ​អាសយដ្ឋាន​ណា​មួយ​សម្រាប់​អាន​ពេល​ក្រោយ ដោយ​ក្នុង Safari ចុច​លើ​ប៊ូតុង Share និង​រើស​យក Reading List នោះ​អ្នក​អាច​បើក​មើល​បាន​ដោយ​មិន​ចាំ​បាច់​មាន​អ៊ីនធឺណិត​ក្នុង​បន្ទាប់។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ makeuseof   ប្រែ​សម្រួល៖ កៅ រក្សា