Buffon បង្ហើប​ថា​អាច​លេង​ដល់​អាយុ ៥០ ឆ្នាំ

  • 2018-10-09 13:48:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី Gianluigi Buffon ក្នុង​ថ្ងៃ​នេះ បាន​បង្ហាញ​ពី​ភាព​មិន​ច្បាស់​លាស់​អំពី​ពេល​វេលា​ដែល​ខ្លួន​នឹង​ចូល​និវត្តន៍ តែ​បង្ហើប​ថា​អាច​លេង​ដល់​អាយុ ៥០ ឆ្នាំ ឲ្យ​តែ​បន្ត​មាន​ឱកាស។

កីឡាករ Buffon បាន​ប្រាប់​ទស្សនាវដ្ដី L'Equipe Sport & Style Magazine ថា នៅ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ខ្លួន​ចាប់​ផ្ដើម​យល់​ថា វា​គឺ​ជា "កំហុស” បើ​សិន​ជា​បន្ត​កំណត់​នូវ​អ្វី​ដែល​ខ្លួន​អាច​ធ្វើ​បាន​។ បន្ទាប់​មក អ្នក​ចាំ​ទី​អ៊ីតាលី បាន​លើក​ឡើង​ថា តាំង​ពី​ចូល​អាយុ ៣០ ឆ្នាំ​មក មាន​ពេល​ជា​ច្រើន​លើក ដែល​ខ្លួន​បាន​ដាក់​កំណត់​អាយុ​ចូល​និវត្តន៍​ ប៉ុន្តែ​ដោយ​ស្ថាន​ភាព​សម​ប្រកប ខ្លួន​ក៏​បន្ត​លេង​ដល់​បច្ចុប្បន្ន ទោះ​ជា​មាន​វ័យ​ដល់​ទៅ ៤០ ឆ្នាំ​ទៅ​ហើយ​ក្ដី។

អ្នក​ចាំ​ទី បាន​បន្ត៖ "ខ្សែ​ជីវិត​បាន​ធ្វើ​ឲ្យ​ខ្ញុំ​អាច​បន្ត​លេង​បាន​ដូច​សព្វ​ថ្ងៃ។ ដូច្នេះ ខ្ញុំ​មិន​ដឹង​ទេ ហើយ​ក៏​មិន​ចង់​ដឹង​ដែរ​ថា នឹង​មាន​អី​កើត​ឡើង​នៅ​ថ្ងៃ​ខាង​មុខ។ ខ្ញុំ​អាច​ចូល​និវត្តន៍​នៅ​ ៦ ខែ ឬ ១ ឆ្នាំ ឬ ១០ ឆ្នាំ​ទៀត"។

ទោះ​ជា​យ៉ាង​ណា Buffon ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​ថា នៅ​ក្នុង​ដំណើរ​ជីវិត រឿង​ខ្លះ​ត្រូវ​តែ​កើត​ឡើង​ដោយ​ចៀស​មិន​ផុត។

សូម​បញ្ជាក់​ផង​ដែរ​ថា Buffon បាន​ចាប់​ផ្ដើម​លេង​ឈុត​ធំ​ឲ្យ​ក្លឹប Parma នៅ​ឆ្នាំ ១៩៩៥ ហើយ​លេង​នៅ​ទី​នោះ​រហូត​ដល់​ឆ្នាំ ២០០១ មុន​មក​ចូល​រួម​ជាមួយ Juventus។ កីឡាករ​បាន​បន្ត​លេង​ឲ្យ​ក្លឹប​យក្ស​អ៊ីតាលី​រហូត​ដល់​ពាក់​កណ្ដាល​ឆ្នាំ ២០១៨។ ក្នុង​អំឡុង​ពេល​ជាង ១៧ ឆ្នាំ​នៅ Juventus អ្នក​ចាំ​ទី Buffon គឺ​ជា​វីរបុរស​របស់​ក្លឹប។ កីឡាករ​លេង​បាន ៦៥៦ ប្រកួត និង​ជួយ​ឲ្យ​ក្លឹប​ឈ្នះ​ពាន​ធំៗ​ជា​ច្រើន។

កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៨ Buffon បាន​មក​ចូល​រួម​ជាមួយ​ក្លឹប PSG។ ទោះ​ជា​យ៉ាង​ណា កន្លង​ទៅ​ថ្មីៗ​នេះ អ្នក​ចាត់​ការ​ក្លឹប លោក Thomas Tuchel ធ្លាប់​បាន​លើក​ឡើង​ថា តំណែង​អ្នក​ចាំ​ទី​ដៃ​ទី ១ នៅ​ក្លឹប​អាច​មិន​ស្ថិត​ក្នុង​ដៃ​របស់ Buffon។

គិត​មក​ទល់​ពេល​នេះ Buffon លេង​បាន ៦ ប្រកួត​ហើយ​ឲ្យ​ក្លឹប​បារាំង៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី