វិលទៅរកអាជីពកាលពីអតីតកាលដូចគ្នាមែន ប៉ុន្តែ អេនឌី ខុសពី ស៊ិន ឧត្តមផល្លា ដាច់ប៉ិត
- 2018-10-11 03:09:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិលទៅរកអាជីពកាលពីអតីតកាលដូចគ្នាមែន ប៉ុន្តែ អេនឌី ខុសពី ស៊ិន ឧត្តមផល្លា ដាច់ប៉ិត
ចន្លោះមិនឃើញ
ស្ងាត់ពីការធ្វើបទ Original Song ខ្លួនឯង លោក អេនឌី បានវិលទៅរកអាជីពចាស់កាលពីជិត១០ឆ្នាំមុនជាតារាចម្រៀងនាពេលរាត្រី ជាមួយរៀមច្បង ស៊ិន ឧត្តមផល្លា ប៉ុន្តែអ្នកទាំងពីរមានស្ថានភាពខុសគ្នាដាច់ប៉ិតតែម្ដង។
ស៊ិន ឧត្តមផល្លា ប្រាប់ថា នាងវិលទៅធ្វើជាអ្នកចម្រៀងតាមភោជនីយដ្ឋានវិញ ក្រោយបោះបង់ប្រមាណ ២០ឆ្នាំនោះ គឺដោយសារថា វាជាឱកាសប៉ុណ្ណោះ ខណៈនាងមិនមានបញ្ហាជីវភាពរហូតត្រូវទៅចេញរកលុយទាំងយប់អាធ្រាត្រដូច្នេះឡើយ។ ជាក់ស្ដែង នាងក៏មិនបានត្រៀមខ្លួនទៅរកអាជីពនេះវិញដែរ ប៉ុន្តែនៅសុខៗ ក៏ត្រូវថៅកែកោះហៅ ក៏សម្រេចចិត្តទៅតែម្ដង។
វិលមក អេនឌី វិញ ឲ្យដឹងថា លោកក៏ត្រូវថៅកែកោះហៅដូចគ្នា ប៉ុន្តែខុសត្រង់ថា តារាចម្រៀងស្រីខាងលើ មិនមានបញ្ហាជីវភាពឡើយ ប៉ុន្តែលោកមានការប្រឈមផ្នែកជីវភាពនារយៈចុងក្រោយ។ “និយាយឲ្យចំទៅ គឺដើម្បីជីវភាពបង...មួយរយៈនេះ ពិបាករកលុយណាស់...ជ្រុលនៅផ្ទះគេងមិនលក់ដដែល ទៅធ្វើការទៅ ក្រែងបានលុយខ្លះ!” អេនឌី ថ្លែង។
ម្ចាស់បទ "ទីបំផុតទើបដឹងថាគេកុហក" ត្អូញត្អែរថា ការងារសិល្បៈរបស់លោកមួយរយៈចុងក្រោយនេះ គឺថយចុះច្រើន ងាកទៅមុខជំនួញលក់ខោអាវនៅផ្សារផេនសល់មុខសណ្ឋាគារកាបូឌីយ៉ាណា ក៏កាន់តែស្ងប់ស្ងាត់ទៀត។ ដូច្នេះហើយ ទើបលោកបង្ខំចិត្តត្រូវទៅច្រៀងនៅភោជនីយដ្ឋានបន្ថែម ដើម្បីបានប្រភពចំណូលថ្មី មកទប់ទល់ជីវភាព។
អេនឌី និង ស៊ិន ឧត្តមផល្លា គឺជាតារាចម្រៀងនៅភោជនីយដ្ឋាន "ពិភពរាត្រី" ជាមួយគ្នា ប៉ុន្តែតារាប្រុស បានចូលទៅកាន់អាជីពនេះ១ខែមុន ឯអ្នកមេម៉ាយរូបស្រស់ខាងលើ ទើបចូលខ្លួនទៅតាមក្រោយថ្មីៗនេះប៉ុណ្ណោះ។ ទាំង អេនឌី និងផល្លា សុទ្ធជាអតីតតារាចម្រៀងតាមភោជនីយដ្ឋាន និងរង្គសាលដូចគ្នា។
ពីអតីតកាល ស៊ិន ឧត្តមផល្លា ធ្លាប់ច្រៀងនៅឈូកទិព្វ បុប្ផាទិព្វ លី ឡាយ និងប៉ាស៊ីហ្វិកឃីស ជាដើម។ ដោយឡែក អេនឌី ធ្លាប់ជាអតីតតារាចម្រៀងប្រចាំភោជនីយដ្ឋាន តាតា ត្រើយម្ខាង និងក្លឹបយូធូ ជាដើម។ វិលមកកាន់អាជីពចាស់ជាថ្មី អេនឌី ប្រាប់ថា លោកច្រៀងប្រចាំនៅភោជនីយដ្ឋានខាងលើជាមួយតារាចម្រៀងផ្សេងទៀត រៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨:០០ ដល់ម៉ោង ១២:៣០ រំលងអាធ្រាត្រ៕