សម្ពោធហើយ! ពិព័រណ៍ទេសចរណ៍កម្ពុជាធំបំផុតប្រចាំឆ្នាំ អ្នកនិយមដើរកម្សាន្តមិនគួរខាន
- 2018-10-11 09:24:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ពោធហើយ! ពិព័រណ៍ទេសចរណ៍កម្ពុជាធំបំផុតប្រចាំឆ្នាំ អ្នកនិយមដើរកម្សាន្តមិនគួរខាន
ចន្លោះមិនឃើញ
បន្ទាប់ពីផ្សព្វផ្សាយទូទាំងប្រទេសអស់រយៈពេលប្រមាណ ៨ខែ ទីបំផុតពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ លើកទី២ (Cambodia Travel Mart) ២០១៨ បានសម្ពោធបើកជាផ្លូវការហើយ កាលពីព្រឹកមិញនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្យ ក្រោយអធិបតីភាពឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា។
ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍កម្ពុជាដ៏ធំសម្បើមនេះត្រូវបានរៀបចំនៅភ្នំពេញជាលើកដំបូង មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១១តុលា ជាថ្ងៃបើកសម្ពោធផ្លូវការ ហើយនៅថ្ងៃ ទី១២ និង ១៣ នឹងបើកទូលាយឲ្យសាធារណៈជនដែលចាប់អារម្មណ៍លើវិស័យទេសចរណ៍ទាំងអស់អាចចូលរួមបានដោយសេរី ចាប់ពីម៉ោង ៩ព្រឹករហូតដល់ម៉ោង ៩យប់។
ក្នុងពិធីកាត់ខ្សែបូសម្ពោធបើកពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ២០១៨ (CTM 2018) កាលពីព្រឹកមិញនេះ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការបន្តអនុវត្តផ្សារភ្ជាប់ឧស្សាហកម្មទេសចរណ៍កម្ពុជា ទៅនឹងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដែលផ្ដោតខ្លាំងទៅលើឌីជីថលូបនីយកម្ម ដើម្បីចាប់យកការអភិវឌ្ឍជាវិជ្ជមាន កាត់បន្ថយកង្វល់ និងធានាឲ្យបាន «បច្ចេកវិទ្យាទំនើបសម្រាប់វិស័យទេសចរណ៍ ឬ ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពវៃឆ្លាត» ដោយវិស័យទេសចរណ៍នៅកម្ពុជារក្សាបាននូវកំណើនជារៀងរាល់ឆ្នាំ។
សម្រាប់ឆ្នាំនេះ CTM 2018 ទទួលបានក្រុមហ៊ុនចូលរួមតាំងពិព័រណ៍ចំនួន ៥០០ក្រុមហ៊ុន មានស្តង់សរុបចំនួន ១៧៣ស្តង់ មកពី៨០ប្រទេស ដោយក្នុងនោះមានស្ថាប័នទេសចរណ៍ជាតិមកពីតំបន់អាស៊ាន អាស៊ាន+៣ និងតំបន់អាស៊ីប៉ាស៊ីហ្វិក សណ្ឋាគារ ទីភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ និងសហគមន៍ទេសចរណ៍។ នេះបើយោងតាមការឲ្យដឹងពី ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាថ្លែងឲ្យដឹងក្នុងឱកាសសម្ពោធនោះ។
«មានការរៀបចំកម្មវិធីទស្សនកិច្ច Pre Tour និង Post Tour ទៅកាន់តំបន់គោលដៅទាក់ទាញទេសចរណ៍នានា ដូចជា តំបន់វប្បធម៌ប្រវត្តិសាស្រ្ដ តំបន់ឆ្នេរ តំបន់អេកូ រាជធានីភ្នំពេញ និងតំបន់ជុំវិញ ដើម្បីឲ្យភ្ញៀវអន្តរជាតិបានសិក្សាស្វែងយល់អំពីភាពជាក់ស្ដែង នៃការវិវឌ្ឍរីកចម្រើននូវផលិតផល និងសេវាទេសចរណ៍ក្នុងតំបន់ទាំងនេះ»។ ឧត្តមបញ្ជាក់បន្ថែម ។
ពិព័រណ៍ទេសចរណ៍កម្ពុជា បានប្រារព្ធធ្វើម្ដងរួចមកហើយកាលពីខែតុលា ឆ្នាំ២០១៧ នៅខេត្តសៀមរាប (CTM 2017) ដោយទទួលបានជោគជ័យយ៉ាងធំធេង ហើយលើកទី២ ឆ្នាំ ២០១៨នេះ ក៏កាន់តែទទួលបានជោគជ័យដ៏ធំបន្ថែមទៀត ដោយស្ដង់ដែលចូលរួមបានកើនឡើងរហូតដល់ ៥៥.៩%៕