ប្រទេសតូចមែនពិត តែប៊ូតង់ ផ្ដល់មេរៀនពិសេសមួយឲ្យពិភពលោកភ្លឺភ្នែក
- 2018-10-15 03:01:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសតូចមែនពិត តែប៊ូតង់ ផ្ដល់មេរៀនពិសេសមួយឲ្យពិភពលោកភ្លឺភ្នែក
ចន្លោះមិនឃើញ
ស្ថិតនៅភាគខាងកើតភ្នំហិម៉ាឡៃ ប្រទេសដ៏តូចមួយត្រូវបានគេស្គាល់ថាជាប្រទេសដែលស្អាតបំផុតមួយក្នុងពិភពលោកដែលមិនមានការបំពុល។
ខណៈពេលដែលប្រទេសជាច្រើន កំពុងជួបបញ្ហាឧស្ម័នកាបូនិច ព្រះរាជាណាចក្រប៊ូតង់បែរជាមិនមានឧស្ម័នពុលទៅវិញ។ តាមការសិក្សាឲ្យដឹងថា ប្រទេសដែលមានប្រជាជនជាង ៧៥ម៉ឺននាក់មួយនេះ បានបំបាត់ឧស្ម័នកាបូនិច៣ដងច្រើនជាងអ្វីដែលពួកគេបានបញ្ចេញទៅក្នុងបរិយាកាស។ សមត្ថភាពពិសេសរបស់ប៊ូតង់ក្នុងការបន្សុទ្ធខ្យល់ គឺដោយសារព្រៃធម្មជាតិរបស់ពួកគេ និងការរស់នៅដោយគ្មានការអភិវឌ្ឍរបស់ប្រជាជន។ ប្រជាជនក្នុងប្រទេសនេះ ភាគច្រើនប្រកបរបរកសិកម្មដែលជាហេតុធ្វើឲ្យពួកគេ បញ្ចេញឧស្ម័នកាបូនិចតិចជាង ២,៥លានតោនក្នុងមួយឆ្នាំៗ។
លើសពីនេះទៀត ប្រទេសប៊ូតង់បានចេញច្បាប់មួយដើម្បីការពារព្រៃឈើក្នុងប្រទេសរបស់ខ្លួនដោយចែងថា ៦០%នៃផ្ទៃដីទាំងអស់ក្នុងប្រទេស ត្រូវតែគ្របដណ្ដប់ដោយព្រៃឈើគ្រប់ពេលទាំងអស់។ ក្រៅពីនេះ ក៏មានច្បាប់មួយទៀតកាលពីឆ្នាំ ១៩៩៩ ហាមប្រាមមិនឲ្យមានការកាប់ឈើយកទៅលក់ក្រៅប្រទេសទាំងស្រុងតែម្ដង។
នេះបង្ហាញឲ្យឃើញថា ត្បិតតែប៊ូតង់ជាប្រទេសដ៏តូចមួយស្ថិតនៅលើភ្នំក៏ពិតមែន ប៉ុន្តែប្រទេសនេះបានផ្ដល់មេរៀនមួយយ៉ាងសំខាន់ដល់ប្រទេសដទៃទៀតក្នុងពិភពលោកក្នុងការប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ តាមរយៈការការពារព្រៃឈើដែលជាធនធានធម្មជាតិដ៏មានសារសំខាន់ក្នុងប្រទេស៕