សហព័ន្ធកីឡាគុនដាវកម្ពុជា៖ យុទ្ធសាស្ត្រថ្មីសហព័ន្ធពង្រីកផ្សព្វផ្សាយដល់គ្រូអប់រំកាយតាមរយៈវគ្គបណ្ដុះបណ្ដាល
- 2025-01-10 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡាគុនដាវកម្ពុជា៖ យុទ្ធសាស្ត្រថ្មីសហព័ន្ធពង្រីកផ្សព្វផ្សាយដល់គ្រូអប់រំកាយតាមរយៈវគ្គបណ្ដុះបណ្ដាល
ចន្លោះមិនឃើញ
តំណាងសហព័ន្ធកីឡាគុនដាវកម្ពុជា ថាជាយុទ្ធសាស្ត្រថ្មីគឺពង្រីកផ្សព្វផ្សាយដល់គ្រូផ្នែកអប់រំកាយតាមរយៈវគ្គបណ្ដុះបណ្ដាលគ្រូកម្រិត១ ដើម្បីបង្កើនធនធានគ្រូឲ្យមានកាន់តែច្រើន។
លោក សុខ អាង អគ្គលេខាធិការសហព័ន្ធកីឡាគុនដាវបានឲ្យដឹងថា នេះជាយុទ្ធសាស្ត្រថ្មីមួយសម្រាប់សហព័ន្ធដោយបានជ្រើសរើសយកអ្នកមជ្ឈដ្ឋានខាងក្រៅដែលមិនពាក់ព័ន្ធ និងវិស័យកីឡាមួយនេះយកមកបណ្ដុះបណ្ដាល។
ពោលអ្នកមកចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូកម្រិត ១ ដែលសហព័ន្ធទើបបញ្ចប់ទៅនេះគឺសុទ្ធតែជាគ្រូអប់រំកាយ ព្រោះចង់បង្កើនចំនួនគ្រូបង្គោលឲ្យមានកាន់តែច្រើន និងជាការស្វែងរកនូវអ្នកមានទេពកោសល្យ មាននិស្ស័យជាមួយកីឡានេះផងដែរ។ តាមរយៈការវគ្គបណ្ដុះបណ្ដាលនេះសហព័ន្ធបានបង្ហាត់បង្រៀនពីមូលដ្ឋានដំបូងនៃកីឡាគុនដាវនេះតែម្ដង។ ក្នុងនោះមានទាំងរបៀប នៃការប្រកួត ឲ្យស្គាល់ពីសម្ភារហ្វឹកហាត់ និងបច្ចេកទេសបង្ហាត់បង្រៀនដល់សិស្សថែមទៀត។ បន្ទាប់ពីបញ្ចប់វគ្គសិក្សាគ្រូបង្វឹកកម្រិត ១ នេះហើយសិក្ខាកាមនឹងផ្ដល់ឱកាសឲ្យជ្រើសរើសសិស្សថ្នាលដើម្បីបង្ហាត់បង្រៀន ស្របពេលនោះដែរប្រសិនបើអ្នកដែលបង្រៀនបានល្អ មានទេពកោសល្យដែលអាចឈានទៅមុខទៀតសហព័ន្ធនឹងអញ្ជើញមកចូលរួមវគ្គបណ្ដុះបណ្ដាលកម្រិត ២-៣-៤បន្តបន្ទាប់ទៀត។
រំលឹកដែរថា សហព័ន្ធកីឡាគុនដាវកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិត ១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ ៨ ខែមករា ឆ្នាំ២០២៥(វគ្គបណ្ដុះបណ្ដាលសម្រាប់ឆ្នាំ២០២៤)។ វគ្គបណ្ដុះបណ្ដាលនេះដែរមានការអញ្ជើញចូលរួមពីគ្រូឧទ្ទេសជនជាតិជប៉ុន គឺលោក akashi Kuwahata៕