អ្នក​គ្រប់គ្រង​តារា​សញ្ជាតិ​អៀកឡង់៖ មាន​បុគ្គល​សំខាន់​៣​រូប​ជា​អ្នក​ត្រួសត្រាយ​វិស័យ​តន្ត្រី​នៅ​កម្ពុជា

  • 2018-10-24 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​រស់​នៅ​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​៤​ឆ្នាំ​កន្លះ និង​ចាប់​ផ្ដើម​អាជីព​ជា​អ្នក​គ្រប់គ្រង​តារា​អស់​រយៈ​ពេល​ជាង​៣​ឆ្នាំ​កន្លះ លោក Brendan Gallagher បាន​លើក​ឡើង​ថា​​វិស័យ​តន្ត្រី​នៅ​កម្ពុជា​បច្ចុប្បន្ន​រីក​ចម្រើន​មក​ដល់​ចំណុច​នេះ​ដោយ​សារ​បុគ្គល​សំខាន់ៗ​៣​រូប​ជា​អ្នក​ត្រួស​ត្រាយ​ផ្លូវ។

លោក Brendan Gallagher

បុគ្គល​ទី១​​គឺ​លោក​ សុខ​ វិសាល ដែល​ជា​អ្នក​បង្កើត​ផលិតកម្ម Klapyahandz ព្រោះ​លោក​គឺ​ជា​មនុស្ស​ដំបូង​បំផុត​ដែល​ខិត​ខំ​ប្រឹង​ប្រែង​ផលិត​បទ​ចម្រៀង​តែង​និពន្ធ​ដោយ​ខ្លួន​ឯង (Original Song) តាំង​ពី​អំឡុង​ពេល​៥​ទៅ​១០​ឆ្នាំ​មុន​ម្ល៉េះ។ បុគ្គល​ម្នាក់​ទៀត​គឺ តារា​ចម្រៀង​ មាស​ សុខ​សោភា ដោយ​សារ​តែ​នាង​គឺ​ជា​តារា​ចម្រៀង​ប៉ុប​ដំបូង​ដែល​ ខិត​ខំ​ផលិត​ចម្រៀង​ស្ទីល​ថ្មីៗ ព្រម​ទាំង​ចូលរួម​ជួយ​ការងារ​សង្គម​ជា​ច្រើន​ដំបូង​ ហើយ​ចំណុច​សំខាន់​បំផុត​នោះ​គឺ​​តារា​រូប​នេះ​ មាន​សំឡេង​ពីរោះ​ខ្លាំង​មាន​ទឹក​ដម​គួរ​ឲ្យ​ទាក់​ទាញ។ ចំណែក​ឯ​បុគ្គល​ទី​៣​វិញ​គឺ លោក ជី សីលា ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន​ Sabay Digital ដោយ​សារ​តែ​លោក​គឺ​ជា​អ្នក​ដែល​មាន​ចក្ខុវិស័យ​​​​ក្នុង​ការ​ធ្វើ​កិច្ចការ​ទាំង​អស់​នេះ។ លោក​បាន​បណ្ដាក់​ទុន​លើការ​ផលិត​ភាព​យន្ត​ខ្នាត​ធំ​ឲ្យ​មាន​គុណភាព រឿង​ភាគ​ និង​ព្រម​ទាំង​រោង​កុន​ទៀត​ផង។

ថ្លែង​មក​កាន់​ Sabay អ្នក​គ្រប់​គ្រង​ផលិត​កម្ម​ 208 Entertainment ដែល​មាន​តារា​ល្បីៗ​ដូចជា 12Me, Nikki Nikki សាំង​ សុខ​សេរី ជាដើមនោះបាន​និយាយ​ថា ការ​ងារ​ជា​អ្នក​គ្រប់​គ្រង​តារា​នេះ​គឺ​វា​សឹង​តែ​ជា​ការ​ចៃដន្យ​ទៅ​ហើយ។ Brendan ដែល​មាន​ដើម​កំណើត​ពី​ប្រទេស​អៀកឡង់​ ចក្រភព​អង់គ្លេស​ បញ្ជាក់​ថា​លោក​បាន​រស់​នៅ​ប្រទេស​សិង្ហបុរី មុន​នឹង​សម្រេច​ចិត្ត​មក​រស់​នៅ​ប្រទេស​កម្ពុជា។ មូលហេតុដែល​​ធ្វើ​ឲ្យ​លោក​ជួប​តារា​ចម្រៀង Nikki Nikki ដំបូង​ៗ​នោះ ​គឺ​ដោយ​តែ​លោក​បាន​ធ្វើ​ជា​ជំនួយ​ការ​របស់​អ្នក​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​ដែល​កំពុង​តែ​ធ្វើ​ការ​ឲ្យ​តារា​ចម្រៀង​រូប​នេះ ហើយ​ក្រោយ​មក​ក៏​ក្លាយ​ជា​អ្នក​គាំទ្រ​ប្រចាំ​របស់​នាង​តែ​ម្ដង។

ជុំវិញ​ការ​ប្រកប​អាជីព​ក្នុង​វិស័យ​សិល្បៈ Brendan បាន​និយាយ​ថា ក្នុង​នាម​ជា​ជន​បរទេស​មួយ​រូប​ដែល​ធ្វើ​ការ​នៅ​ប្រទេស​កម្ពុជា​ លោក​តែង​តែ​បន្ទាប​ខ្លួន​ជានិច្ច​ និង​ខិត​ខំ​សិក្សា​ស្វែង​យល់​ពី​ប្រទេស​នេះ​ ជាជាង​ធ្វើ​ដូច​​ជនជាតិ​បរទេស​ខ្លះ​ដែល​បាន​មក​ធ្វើ​ការ​នៅ​ទី​នេះ ហើយ​គិត​ថា​ខ្លួន​ល្អ​ជាង​​អ្នក​នៅ​ក្នុង​ស្រុក​។ ជាក់​ស្ដែង​ចំពោះ​វិស័យ​តន្ត្រី​នេះ​វិញ អ្នក​គ្រប់គ្រង​តារា​រូប​នេះ​បញ្ជាក់​ថា​មាន​តែ​ប្រជាជន​ក្នុង​ស្រុក​នោះ​ទេ ដែល​ជា​អ្នក​ដឹង​ច្បាស់​ពី​អ្វី​ដែល​ពួក​គេ​ចង់​បាន និង​អ្វី​ដែល​ត្រូវ​កែប្រែ​អភិវឌ្ឍន៍​ទៅ​ថ្ងៃ​អនាគត។

ក្នុងជំនួប​ជាមួយ​ Sabay ដដែល​ Brendan ក៏​បាន​ផ្ដល់​ដំបូន្មាន​ទៅ​កាន់​អ្នក​សិល្បៈ​ជំនាន់​ក្រោយ ដែល​ចង់​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​វិស័យ​នេះ ​គឺត្រូវ​តែ​មាន​ភាព​ស្មោះ​ត្រង់​នឹង​ខ្លួន​ឯង ហើយ​ដឹង​ច្បាស់​ពី​គោល​ដៅនិង​អ្វី​ដែល​ខ្លួន​ចង់​បាន។ សំខាន់​បំផុត​គឺ​ ត្រូវ​តែ​មាន​ភាព​ប្រុង​ប្រយ័ត្ន​ជានិច្ច​ក្នុង​ពេល​ចុះ​កុង​ត្រា​ជាមួយ​ផលិត​កម្ម​ណា​មួយ​ គឺ​ចាំ​បាច់​ត្រូវ​តែ​សាក​សួរ​យោបល់​ពី​មនុស្ស​ដែល​ជឿ​ទុក​ចិត្ត​ ព្រោះ​រយៈ​ពេល​កុង​ត្រា២​ទៅ​៥​ឆ្នាំ​គឺ​ពិត​ជា​ពេល​វេលា​យ៉ាង​វែង​សម្រាប់​តារា​ម្នាក់ៗ។

បើ​ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​សម្ភាសន៍​ទាំង​ស្រុង៖​​​

អត្ថបទ៖ ធារ៉ូ