Suzuki និង Mitsubishi សម្រេច​ឈប់​លក់​ឡាន​ម៉ាស៊ូត​​នៅ​អឺរ៉ុប

  • 2018-10-19 07:14:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Suzuki និង Mitsubishi គឺ​ជា​ក្រុមហ៊ុន​រថយន្ត​ចុង​ក្រោយ​ដែល​​សម្រេច​ចិត្ត​ឈប់​លក់​​រថយន្ត​ប្រើ​ម៉ាស៊ីន​ម៉ាស៊ូត​​ក្នុង​តំបន់​អឺរ៉ុប។ Nissan និង Toyota ជា​ក្រុមហ៊ុន​ជប៉ុន​ដំបូង​គេ​ដែល​បាន​ប្រកាស​ពី​ការ​ឈប់​លក់​រថយន្ត​ម៉ាស៊ូត​នៅ​អឺរ៉ុប។

ការ​​បញ្ឈប់​នេះ​ក៏​ដោយ​សារ​ប្រជាប្រិយភាព​រថយន្ត​ម៉ាស៊ូត​មាន​ការ​ធ្លាក់​ចុះ រួម​ជា​មួយ​ការ​រឹត​បន្តឹង​​​ច្បាប់​លើ​ការ​សាយភាយ​ឧស្ម័ន​ពុល​នៅ​អឺរ៉ុប។ បច្ចុប្បន្ន​នេះ Mazda គឺ​ជា​ក្រុមហ៊ុន​រថយន្ត​ជប៉ុន​តែ​មួយ​គត់​ដែល​នៅ​បន្ត​លក់​រថយន្ត​ម៉ាស៊ូត​នៅ​អឺរ៉ុប។

​យ៉ាងណាក្ដី​សម្រាប់​ Suzuki ​នៅ​តែ​បន្ត​ផលិត​រថយន្ត​ម៉ាស៊ូត​សម្រាប់​លក់​លើ​ទីផ្សារ​ដទៃ​ទៀត ដូច​ជា​នៅ​ប្រទេស​ឥណ្ឌា​ជា​ដើម។ រថយន្ត​ម៉ាស៊ូត​មាន​ចំណែក​ទីផ្សារ​ ៣០% ​ក្នុង​ចំណោម​រថយន្ត​ដែល​ Suzuki លក់​បាន​នៅ​ឥណ្ឌា​កាល​ពី​ឆ្នាំ​មុន។ ចំណែក​នៅ​អឺរ៉ុប​វិញ​រថយន្ត​ម៉ាស៊ូត​របស់​ Suzuki កាន់​កាប់​ចំណែក​ ១០% ប៉ុណ្ណោះ​ក្នុង​ចំណោម​រថយន្ត​ Suzuki លក់​បាន​សរុប។

ចំពោះ Mitsubishi វិញ​នៅ​តែ​បន្ត​ផលិត​រថយន្ត​ម៉ាស៊ូត​លក់​លើ​ទីផ្សារ​ដទៃ ជា​ពិសេស​​ប្រភេទ​រថយន្ត​ភីកអាប់។ គួរ​ដឹង​ថា​ក្នុង​ចំណោម​រថយន្ត​ដែល Mitsubishi លក់​បាន​សរុប​កាល​ពី​ឆ្នាំ​មុន មាន​ ៣០% ជា​រថយន្ត​ម៉ាស៊ីន​ម៉ាស៊ូត៕

ចុចអាន៖

ប្រភព៖ Motor1   ប្រែ​សម្រួល៖ សុខហេង