ប៊ូតាន់ត្រូវបានគេប្រសិទ្ធិនាមថាជាដែនដីដ៏មានសុភមង្គលបំផុតលើលោក
- 2018-10-20 08:33:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៊ូតាន់ត្រូវបានគេប្រសិទ្ធិនាមថាជាដែនដីដ៏មានសុភមង្គលបំផុតលើលោក
ចន្លោះមិនឃើញ
ប្រទេសប៊ូតាន់ត្រូវបានគេហៅថាជាទីកន្លែងដែលមានសុភមង្គលបំផុតនៅលើផែនដីបន្ទាប់ពីស្តេចរបស់ប្រទេសនេះបាននិយាយនៅដើមទសវត្ស ១៩៧០ ថាប្រទេសរបស់ទ្រង់នឹងអភិវឌ្ឍតែក្នុងលក្ខខ័ណ្ឌដែលធ្វើឱ្យប្រជាជនសប្បាយរីករាយប៉ុណ្ណោះ។
ប៊ូតាន់គឺជាប្រទេសតូចមួយមានផ្ទៃដី ៣៨ ៣៩៤ គម2 (តូចជាងកម្ពុជាដល់ទៅជិត៥ដង) នៅចន្លោះប្រទេសមហាយក្ស២គឺចិន និង ឥណ្ឌា កៀបដូចសាំងវិច ដោយប្រជាជនជាង ២,៧ ប៊ីលាន នាក់ (២ ៧០០ លាន) របស់ប្រទេសដែលមានប្រជាជនច្រើនបំផុតលើលោកទាំង២នេះ។ វាជាដែនដីពណ៌បៃតង ហើយ ៧២% នៃផ្ទៃដីសរុបគ្របដណ្ដប់ទៅដោយព្រៃឈើ។
ប្រទេសអាស៊ីខាងត្បូងមួយនេះ កាត់ផ្ដាច់ពីពិភពខាងក្រៅរហូតដល់សតវត្សទី២០។ រាជាណាចក្រនេះទើបមានផ្លូវថ្នល់នៅឆ្នាំ ១៩៦១ ហើយនិង មានទូរទស្សន៍នៅក្នុងឆ្នាំ ១៩៩៩។ នេះបើតាម ABC News។
អ្នកសារព័ត៌មានជើងចាស់របស់ ABC News របស់អាមេរិក លោក Bob Woodruff បានរៀបរាប់កាលពីដើមឆ្នាំនេះថា លោកបានទៅទស្សនាប្រទេសជាង ១២០ នៅជុំវិញពិភពលោក ហើយ ប៊ូតាន់គឺជាប្រទេសដ៏ស្រស់ស្អាតបំផុតដែលលោកមិនធ្លាប់បានឃើញពីមុន។ វិហារព្រះពុទ្ធសាសនាជាច្រើនដ៏ធំស្កឹមស្កៃហ៊ុមព័ទ្ធទៅដោយកូនភ្នំបៃតង និង ទន្លេ។ គ្មានឡើយភ្លើងចរាចរណ៍នៅទូទាំងប្រទេស ហើយមានឡានតិចបំផុត សូម្បីតែនៅក្នុងរាជធានី ធីមភូ (Thimphu)។
ភ្ញៀវទេសចរមិនត្រូវបានអនុញ្ញាតឲ្យដើរក្នុងក្រុង ឬ តាមភ្នំដោយគ្មានមគ្គុទ្ទេសក៍ទេសចរដើរតាមឡើយ។ ប៉ុន្តែ ប៊ូតាន់ ខុសពីកូរ៉េខាងជើងត្រង់របបផ្ដាច់ការព្យុងយ៉ាង ត្រូវមានសន្តិសុខដើរតាមអ្នកទេសចរព្រោះហេតុផលនយោបាយ ប៉ុន្តែរាជាណាចក្រប៊ូតាន់ តម្រូវឲ្យមានមគ្គុទ្ទេសក៍ដើរតាមអ្នកទេសចរគ្រប់ពេលវេលា និង គ្រប់ទីកន្លែង ព្រោះដែនដីមួយនេះមិនចង់ឲ្យមនុស្សមកពីពិភពខាងក្រៅបំផ្លាញវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ពួកគេ ហើយរចនាបថស្ថាបត្យកម្មត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងបំផុត។
ប្រជាជនក្នុងស្រុកត្រូវតម្រូវឲ្យស្លៀកសំលៀកបំពាក់បែបប្រពៃណីជារៀងរាល់ថ្ងៃ ព្រោះប៊ូតាន់ជាកូនប្រទេសតូចដែលមានប្រជាជនប្រមាណតែជាង ៨១ ម៉ឺន នាក់ប៉ុណ្ណោះ ដែលមិនពិបាកក្នុងការបង្កើតច្បាប់ និង ការគ្រប់គ្រងប្រជាជនក្នុងស្រុកឡើយ៕