កុំចេះតែ​ហ៊ាន ថៃ​​ដេញ សេរីវណ្ណថង ស្ទើរ​ដក​ឃ្លា​មិន​រួច​ ទីបំផុតដេកទឹកទី៤​

  • 2018-10-21 07:05:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​ក្មេង​ ឈិត​ សេរីវណ្ណថង​ ទទួល​បាន​៣​ពិន្ទុ​ពី​ការ​ប្រកួត​​ដណ្តើម​​ខ​ពាន​រង្វាន់​នៅ​សង្វៀន​ CNC បន្ទាប់​ពី​ផ្តួល​ជើង​ខ្លាំង​ថៃ​ឲ្យ​ដេក​ក្រោក​លែង​រួច​ក្នុង​ទឹក​ទី៤​ នា​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៨​នេះ។

ឈិត សេរីវណ្ណថង (ក្រហម)

កីឡាករ​ថៃ Phit Bunmi​ បាន​ចាប់​ផ្តើម​ដើរ​សម្រុក​ចូល​ឥត​ស្រាកស្រាន​ឡើយ​តាំង​ពី​ដើម​ទឹក​ដែល​ស្ទើរ​តែ​ធ្វើ​ឲ្យ​ជើង​ខ្លាំង​វ័យ​ក្មេង​គុន​ខ្មែរ​ ឈិត សេរីវណ្ណថង​ ស្ទើរ​ដក​ឃ្លា​មិន​រួច។ ប៉ុន្តែ​បើ​និយាយ​ពី​ចេញ​អាវុធ​វិញ​ កីឡាករ​ម្ចាស់​ផ្ទះ​កម្ពុជា​វាយ​ចេញ​បាន​ល្អ​ណាស់​​តាម​រយៈ​ការ​ប្រើ​កែង កណ្តាប់​ដៃ​ និង​ទាត់​ជើង​ក្រោម​ជា​រឿយ​ៗ​ហើយ​ចំ​គោល​ដៅ​ល្អ​ៗ​ទៀត​ផង។ ​ទោះ​ជា​ទទួល​រង​កណ្តាប់​ដៃ កែង និង​ទាត់​យ៉ាង​ណា​ពី​ សេរីវណ្ណថង ក៏​កីឡាករ​ថៃ Bunmi មិន​ឈប់​​បង្អាក់​ក្នុង​ដើរ​ចូល​ដែរ។ និយាយ​ពី​អាវុធ​វិញ​ រូប​គេ​ចេញ​​មិន​សូវ​ចំគោល​ដៅ​ឡើយ​ ជា​ពិសេស​ការ​ប្រើ​ជង្គង់ និង​កែង​ ដោយ​សារ​​អ្នក​លេង​គុន​ខ្មែរ​ការពារ​បាន​ល្អ។

ការ​ដើរ​ចូល​របស់​គេ​ត្រូវ​បាន​បញ្ឈប់​នៅ​ទឹក​ទី​៤​ បន្ទាប់​ពី​ សេរីវណ្ណថង​ ទាត់​ត្រូវ​ជើង​ក្រោម​ច្រើន​​ពោល​គឺ​តាំង​ពី​ទឹក​ទី​១​រហូត​មក។ តាម​ពិត​ទៅ​ កីឡាករ​ថៃ​ម្នាក់​នេះ​​ជា​ជើង​ខ្លាំង​មាន​បទពិសោធ​ច្រើន​ម្នាក់​ដែល​ធ្លាប់​ផ្ដួល​ ឡុង​ ជិន​ ឲ្យ​សន្លប់​​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​​មុន​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​នេះ​ដែរ។ ឈិត សេរីវណ្ណថង​ទទួល​បាន​​៦​ពិន្ទុ​ហើយ​ បន្ទាប់​ពី​ឈ្នះ​២​ប្រកួត​ ខណៈ​ Bunmi មាន​៤​ពិន្ទុ​ពី​ការ​ឈ្នះ​១​ និង​ចាញ់​១៕

ទស្សនា​វីដេអូ​ប្រកួត

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី