ឡាន Lexus អត់​កញ្ចក់​ចំហៀង​ ចេញ​តម្លៃ​លក់​នៅ​ជប៉ុន​ហើយ

  • 2018-10-26 07:15:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​កន្លង​ទៅ Lexus បាន​បង្ហាញ​ព័ត៌មាន​ទាក់ទង​នឹង​ប្រព័ន្ធ​កាមេរ៉ា​មើល​​ចំហៀង​បែប​ឌីជីថល​ បំពាក់​លើ​រថយន្ត​ម៉ូដែល ES លក់​នៅ​លើ​ទីផ្សារ​ប្រទេស​ជប៉ុន។ ​ប្រព័ន្ធ​​នេះ​នឹង​ចូល​មក​ជំនួស​​កញ្ចក់​មើល​ចំហៀង​ ដោយ​មាន​មុខងារ​ពិសេសៗ​ជា​ច្រើន។

​​​ប្រព័ន្ធ​កាមេរ៉ា​មើល​​ចំហៀង​លើ​រថយន្ត​ Lexus ES ​ម៉ូដែល​ឆ្នាំ ២០១៩ ​អាច​​បង្ហាញ​​រូបភាព​ដល់​អ្នក​បើកបរ​បាន​ តាម​រយៈ​អេក្រង់​ចំនួន​ពីរ​​ទំហំ​ ៥ អ៊ីញ​ដែល​ស្ថិត​នៅ​ផ្នែក​ចំហៀង​ទាំង​សង​ខាង។

Lexus និយាយ​ថា​​កាមេរ៉ា​មើល​ចំហៀង​នេះ​អាច​ធន់​នឹង​ទឹក​ភ្លៀង, អាច​បង្ហាញ​រូបភាព​ច្បាស់​មិន​ថា​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា, អាច​មើល​ឃើញ​ធំ​ទូលាយ​លើស​ពី​កញ្ចក់​ធម្មតា។ ចំពោះ​ប្រព័ន្ធ​កាមេរ៉ា​នេះ​មាន​លើ​ Lexus ES ប្រភេទ Version L ជា​ប្រភេទ Full Option មាន​តម្លៃ​ថ្លៃ​ជាង​គេ។

​​​​​​លើ​ទីផ្សារ​ប្រទេស​ជប៉ុន​រថយន្ត​ Lexus ES ស៊េរី​ថ្មី​មាន​​តែ​ជម្រើស​ម៉ាស៊ីន​ Hybrid មួយ​ប៉ុណ្ណោះ​​ ដែល​ផ្សំ​ឡើង​ដោយ​​ម៉ាស៊ីន​សាំង​​​ ២,៥ លីត្រ ៤ ស៊ីឡាំង អម​នឹង​ម៉ូទ័រ​អគ្គិសនី​​មាន​កម្លាំង​សរុប​ ២០៥ សេះ។ តាម​ការ​សាក​ល្បង​របស់​ Lexus រថយន្ត​ ES 300h នេះ​អាច​បើកបរ​ចម្ងាយ​ ២៣,៤ គ.ម សម្រាប់​ប្រេង​សាំង​ ១ លីត្រ។

តម្លៃ​របស់​ Lexus ES ស៊េរី​ថ្មី​នៅ​ជប៉ុន​មាន​ចាប់​ពី​ប្រមាណ​ ៥១ ៦៨៦ ដុល្លារ​សម្រាប់​ប្រភេទ​ធម្មតា, តម្លៃ ៥៦ ០៦៩ ដុល្លារ​សម្រាប់​ប្រភេទ F Sport និង​តម្លៃ ៦២ ២១៩ ដុល្លារ​សម្រាប់​ប្រភេទ Version L៕

ចុចអាន៖

ប្រភព៖ paultan   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី