App ទូរសព្ទ​ថត​ផ្លូវ​សំបុក​មាន់ ផ្ញើរ​ទៅ​ក្រសួង​ចាត់​ការ​ភ្លាមៗ ជិត​ចេញ​រូបរាង​ហើយ!

  • 2018-11-01 06:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លើក​ឡើង​ថា​ក្រសួង​សាធារណការ បាន​បង្កើត​កម្មវិធី​ទូរសព្ទ(Application) ដើម្បី​ឲ្យ​ពលរដ្ឋ​ថត​ផ្លូវ​សំបុក​មាន់ បញ្ជូន​មក​ក្រសួង ដើម្បី​ក្រសួង​ចាត់​វិធានការ ជួសជុល​ជា​បន្ទាន់ ហើយ​ក្រសួង​សង្ឃឹម​ថា App នេះ​នឹង​ដាក់​ឲ្យ​ដំណើរការ​នា​ខែ​ធ្នូ​ឆ្នាំ ២០១៨ ខាង​មុខ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​លើកឡើង​ពី App នេះ ​ក្នុង​ពិធី​ដាក់​ឲ្យ​ដំណើរការ នូវ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល បើកបរ​រថយន្ត​ធុនធ្ងន់ នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៨​។

លោក​រដ្ឋមន្ត្រី​​​មានប្រសាសន៍​ថា App នេះ មាន​សារសំខាន់​ណាស់ នៅ​ពេល​ពលរដ្ឋ​ថត​បញ្ជូន​មក​ភ្លាម កម្មវិធី​នៅ​ក្នុង App នឹង​ដឹង​ទីតាំង​ពិត​ប្រាកដ តើ​មាន​សំបុក​មាន់​នៅ​កន្លែង​ណា? ម៉ោង​ណា​គាត់​ថត​ផ្លូវ​សំបុក​មាន់​មក​ក្រសួង? ដូច្នេះ​ក្រសួង​បាន​ព័ត៌មាន​ទាំង​នេះ រួច​បញ្ជូន​ទៅ​តាម​មន្ទីរ​សាធារណការខេត្ត ក្រុង ដើម្បី​ឲ្យ​ពួកគាត់​ចុះ​ទៅ​ពិនិត្យនៅ​កន្លែង​ផ្ទាល់ និង​ជួសជុល​ផ្លូវ​សំបុក​មាន់​ភ្លាមៗ​។

ផ្លូវសំបុកមាន់ នៅផ្លូវជាតិលេខ៣ (រូបថតខែកក្កដា ឆ្នាំ​២០១៨) /រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

លោក ស៊ុន ចាន់ថុល ថ្លែង​បន្ថែម​ថា នៅ​ក្នុង​ App នឹង​មាន​រូបថត​ប្រធាន​មន្ទីរសាធារណការ គ្រប់​ខេត្ត-ក្រុង ដើម្បី​ឲ្យ​ពលរដ្ឋ​ស្គាល់​មុខ។ ដូច្នេះ​ខេត្ត​ណា​មាន​សំបុក​មាន់​ប៉ុន្មាន ពលរដ្ឋ​ដឹង​ឭ​ទាំងអស់​គ្នា​តាម​រយៈ​ App ។ លោក​បន្ត​ថា ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត ក្រុង គឺ​លាក់​មុខ​លែង​បាន​ហើយ៕

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ លាភ.