ជួប​ផ្ទាល់​ទើប​ដឹង​ថា Frost Zk សុខ​ចិត្ត​ចោលតំណែងធំ មក​បើក​ម៉ូតូ​ផ្សងព្រេង​ដើម្បី​សេរីភាព

  • 2018-11-02 06:34:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នេះ Sabay នឹង​បើក​កកាយ​ជីវប្រវត្តិ​របស់​អ្នក​ធ្វើ Vlog ជិះ​ម៉ូតូ​ដំបូង​គេ​របស់​កម្ពុជា​លោក Frost Zk ដែល​កំពុង​ទទួល​បាន​​ភាព​ល្បីល្បាញ ក្នុង​បណ្ដាញ​សង្គម YouTube។ មុន​ឈាន​ដល់​សាច់​រឿង​លំអិត អំពី​កម្រិត​វប្បធម៌ ប្រវត្តិ​ការងារ អាជីព​ជិះ​ម៉ូតូ និង​រឿង​ផ្សេងៗ​ទៀត​នោះ យើង​​សូម​ទម្លាយ​ថា ហេតុ​អ្វី​បាន​ជា​បុរស​​សំបូរ​ដោយ​ពុកចង្កា និង​ពុក​មាត់ ដាក់​​រហស្សនាម​ខ្លួន​ឯង​ថា Frost Zk ។

តាម​ពិត​ទៅ Frost ជា​ឈ្មោះ​ហៅ​ក្រៅ ដែលលោក​​ដាក់ពេល​លេង​ E-Sport កាល​ពី​នៅ​ក្មេង​ ហើយ​ក៏​ជាប់​នេះ​រហូត​បច្ចុប្បន្ន ចំណែក​ Zk មក​ពី​ ហ្សាកូ (Zako) ជាឈ្មោះ​​ពិត​ក្នុង​បញ្ជីជាតិ ដែល​ជីតា​របស់​លោក​ដាក់​ឱ្យ​។ ​​​

តើ​លោក ហ្សាកូ មាន​កម្រិត​វប្បធម៌​កម្រិត​ណា?

បើ​តាម​​រយៈបទសម្ភាសន៍​ជាមួយ​ Sabay កាល​ពី​ថ្មីៗ​នេះ អ្នក​កើត​នៅ​ទីក្រុង​ភ្នំពេញ បាន​បញ្ចប់​​ការ​សិក្សា​​​នៅ​​វិទ្យាល័យ​ទួល​ទំពូង។ ក្រោយ​​បញ្ចប់​បាក់ឌុប លោក​បាន​បន្ត​​ថ្នាក់​ឧត្ដម​​សិក្សា​​ នៅ​សាកលវិទ្យាល័យ​បៀល​ប្រាយ ជំនាញ "ព័ត៌មានវិទ្យា ឬ IT" ក្នុង​​អំឡុង​ឆ្នាំ ២០០៨​។

ឈប់រៀន ដើរធ្វើការ​ឱ្យ​​គេ

យ៉ាងណា​ជិវិត​ជា​និស្សិត​ជំនាញ​ IT មិន​មាន​រយៈ​ពេល​វែង​ឡើយ ក្រោយ​ធុញទ្រាន់​ ហើយ​លោក​បាន​បញ្ចប់​វា​គ្មាន​ស្រណោះ​ត្រឹម​ឆ្នាំទី៣ និង​​​ដើរ​ធ្វើការ​តាម​បណ្ដា​ក្រុមហ៊ុន​នានា។

ទោះបីជា​យ៉ាងណា ដ្បិត​​ឈប់​ត្រឹម​ឆ្នាំ​ទី៣ ប៉ុន្តែ​​លោក​​ក៏​មាន​សញ្ញាប័ត្រ​ភាសាអង់គ្លេស​​ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ ​បញ្ញា​សាស្ត្រ (រៀនបង់​លុយ) និង​​សញ្ញាប័ត្រ​​អាហារូបករណ៍​ភាសា​អង់គ្លេស ពី​វិទ្យាស្ថាន​អន្តរជាតិ​អាម៉េរិកាំង (AII) ផង​ដែរ។ ក្នុង​វិទ្យាស្ថាន AII លោក​ជា​សិស្សអង់គ្លេស​​ពូកែ​ម្នាក់ ពោល​គឺ​បាន​លេខ១ ប្រចាំ​ថ្នាក់​សឹង​តែ​រាល់​ខែ និង​បាន​ចំណាត់​ថ្នាក់​លេខ​២ ពេល​ប្រឡង​សិស្ស​ពូកែ​ប្រចាំ​សាលា។

អំណោយ​ផល​លើ​ភាសាអង់គ្លេស ​ការ​បញ្ចេញ​សំឡេង​​របស់​លោក​ ប្រៀប​ដូច​នឹង​ជន​បរទេសដែរ។ មាន​មនុស្ស​ជាច្រើន បាន​សួរ​ថា តើ​លោក​​ជា​​កូន​កាត់​បរទេស ឬអាណិកជន​​? Vlogger ល្បី​ឈ្មោះ​ Frost Zk បាន​ប្រាប់​ថា នេះ​ក៏​ដោយ​សារ​តែ​ លោក​មាន​​​មិត្តភ័ក្ដិ​ជា​ជនបរទេស​ច្រើន ដូច្នេះ​​ការ​បញ្ចេញ​សំឡេង​របស់​លោក ក៏រត់​​ទោ​តាម​ហ្នឹង​​ដែរ។

​ធ្វើជាអ្នក​រៀបចំ​កម្មវិធី (Event Organizer) នៅ​​ក្រុមហ៊ុន​បារី​ធំ​ជាង​គេ​មួយ​នៅ​ស្រុក​ខ្មែរ

ការងារធំ​ជា​ដុំ​កំភួន​របស់​លោក គឺ​ធ្វើ​ជា​អ្នក​រៀបចំ​កម្មវិធីក្រុមហ៊ុន​បារី​ធំ​ជាង​គេមួយ​​នៅ​ស្រុក​ខ្មែរ ប៉ុន្តែ​លោក​មិន​បាន​ចាំ​ថា​ឆ្នាំ​ណា​ឡើយ។ មាន​ប្រាក់​ខែគ្រប់គ្រាន់ តំណែង​ធំ ប៉ុន្តែ​ហាក់​គ្មាន​សេរីភាព ដែល​នេះ​ជា​ធម្មតា​អ្នកណា​ក៏​ជួប​ប្រទះ ក្នុង​នាម​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន។ ក្រោម​ហេតុផល​នេះ ហ្សាកូ បាន​សម្រេច​ចិត្ត​ឈប់​ធ្វើ​ការ​ជាអ្នក​រៀបចំ​កម្មវិធី​តែ​ម្ដង។ ពេល​នេោះ​លោក​បាន​ចាប់​ផ្ដើម ធ្វើ Vlog បាន​ប្រហែល​៣​ឆ្នាំ​ដែរ ប៉ុន្តែ​មិន​ទាន់​ដើរដូច​បច្ចុប្បន្នទេ។

ចាប់​ផ្ដើម​មាន​ Main Sponsor លើក​ដំបូង

ក្រោយ​ឈប់​ពី​ការងារលោក​បាន​បង្ហោះសារ​មួយ​លើ​ផេក​របស់​ខ្លួន ដើម្បី​ស្វែង​រក​អ្នកឧបត្ថម្ភនៅ​ពី​ក្រោយ និង​គាំទ្រគម្រោង​ធ្វើ Volg ជិះ​ម៉ូតូផ្សងព្រេង​​របស់​លោក។ សំណាង​ល្អស្រាប់​តែ​មាន​ឯកឧត្ដម​ម្នាក់ ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ប្រេងរំអិល បាន​ឧបត្ថមនិង​ក្លាយ​ជា​ Main Sponsor រហូត​ដល់​បច្ចុប្បន្ន ហើយ​លោក​បាន​ក្លាយ​ខ្លួន​ជា Vlogger ជិះ​ម៉ូតូ​ផ្សងព្រេង​ដំបូង​ពេញ​ម៉ោង (Full Time) ចាប់ពីពេល​នោះ (​ឆ្នាំ​២០១៣) រហូត​មក​។

បន្តបន្ទាប់​មក​ទៀត ក៏​មាន​អ្នក​ជួយ​ជា​សម្ភារ និង​ទឹកសុទ្ធ​ជា​ហូរហែ ពេល​លោក​ជិះម៉ូតូផ្សងព្រេង​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក។

ចំពោះ​ប្រាក់ Sponsor វិញ​ តើ​លោក​យក​ពី​គេ​ប៉ុន្មាន?

ហ្សាកូ ពន្យល​ថា៖ "មាន​អ្នក​ខ្លះ​គាត់​យល់​ច្រឡំ ខ្ញុំអត់​យក​ធ្វើ​អ្នក​មាន​អីទេ គ្រាន់​តែ​យក​លុយ​មួយរួច​ខ្លួន ទៅ​ឡាវ ឬ​វៀតណាមប៉ុណ្ណឹង និង​​លុយ​មួយ​រួច ដើម្បី​ត្រឡប់​មក​ផ្ទះ​វិញ​ប៉ុណ្ណោះ"។

តើ Frost Zk រក​លុយ​ពី​ YouTube បាន​ប៉ុន្មាន​ក្នុង​មួយ​ខែ?

បុរស​ដែល​មាន​លោកឪពុក​ជា​មន្ត្រី​រាជការ និង​ម្ដាយ​ជា​អ្នក​ជំនួញ​ បាន​ទម្លាយ​ថា៖ "អ្នកខ្លះគាត់ច្រឡំ និយាយ​ឱ្យ​អស់ ស្មោះ​​ពី​ចិត្ត បើ​អ្នក​ធ្វើ YouTube ស្មោះត្រង់​ដូច​លោក រកលុយមិន​បាន​ពី YouTube ទេ ហើយ​ពេល​ខ្លះ​សឹង​តែ​គ្មាន​លុយ​បង់​ថ្លៃ​អ៊ីធឺណិត"។

កូនប្រុសច្បង់ក្នុង​ចំណោម​បងប្អូន​ប្រុស​២នាក់​ ប្រាប់​ថា ក្នុង​មួយ​ខែ​បុរសវ័យ ៣០ ឆ្នាំ ​អាចរក​បាន​ពី​បណ្ដាញ​មួយនេះច្រើន​បំផុត ១០០ ដុល្លារ។ ពេល​ខ្លះ​លោក​ចំណាយ​លុយ ផ្ទាល់​ខ្លួន​ដើម្បី ធ្វើ​ YouTube ក៏​មាន។ លោកមិន​រំពឹង​លើ​ការ​រក​លុយ​ តាម​វិធីនេះ​ឡើយ។

ក្រៅ​ពីនេះ​ ប្រភព​ថវិកា​ផ្សេងទៀត ដែល​លោក​យក​ផ្គត់ផ្គង់ជីវភាព​ប្រចាំថ្ងៃ​ គឺ​បាន​មក​ពី​ការ​ធ្វើ​​គម្រោង​ឱ្យ​ Brand ផលិត​ផល​របស់​ក្រុមហ៊ុន​ផ្សេងៗ។

ធ្វើយ៉ាងម៉េចដើម្បី​ក្លាយ​ខ្លួនជា Vlogger, Vlogger Full Time និង YouTuber?

បើ​តាម​សម្ដី​របស់​លោក Zk ដើម្បី​ក្លាយ​ខ្លួន​ជា Vlogger និង YouTuber មួយ​រូប អ្នកនោះឯង​ត្រូវ​មាន​អន្តសញ្ញាណ​របស់​ខ្លួន។ ត្រូវ​ដឹង​ថា​ខ្លួន​ឯង​ជា​អ្នកណា អត្តចរិត​របស់​ខ្លួន​ឯង​បែប​ណា? ជា​អ្នកណា? កុំក្លែង Fake ឱ្យសោះ!

"​១០នាទី​ វាមាន​តម្លៃ​ណាស់ ​ដែល​គេ​មើល​យើង ដូច្នេះ​ទាល់​តែ​យើង​មាន​អត្តសញ្ញាណ​អ្វី​មួយ មាន​ចំណុច​ពិសេស​ឬ ចំណេះ​ដឹង​អ្វី​មួយ​ដល់​គេ"។

បើ​ចង់​ធ្វើ Vlogger ពេញ​ម៉ោង (Full Time) ត្រូវ​មាន​ Skill អ្វី​មួយ​ ការងារ​អ្វី​មួយ ដើម្បី​រក​​ប្រាក់​មក​​ផ្គត់ផ្គង់​ជីវភាព​ខ្លួន​ឯង​បាន ព្រោះ​បើ​អត់​លុយ យូរ​ទៅ​ក៏​គង់​តែ​ណាយ​ដូច​គ្នា និង​បាក់​ទឹក​ចិត្តលែង​ធ្វើ។

អ្វី​ជា​ឧបសគ្គ ពេល​ធ្វើ Vlog ជិះ​ម៉ូតូ​ផ្សងព្រេង?

ដោយ​សារ​​ជា​មនុស្ស​ក្លាហាន ដំណើរ​ផ្សងព្រេង​មិន​ជា​បញ្ហាសម្រាប់​លោក​ទេ​ ប៉ុន្តែ​ លុយ​កាក់ ជា​ឧបសគ្គ​ធំ​​​បំផុត​របស់​លោក។ បើ​គ្មាន​ប្រាក់​គ្រប់​គ្រាន់ ដំណើរ​ផ្សងព្រេង​របស់​លោក ក៏​មិន​អាច​ដំណើរ​ការ​បាន​រលូន។

មួយ​វីញ​ទៀត គឺ​ខ្លួន​លោក​ផ្ទាល់។ លោក​ជា​មនុស្ស​មាន​តណ្ហា ឃ្លាន​ចំណាយ​ផ្លូវ ពេល​ជិះ​កាន់​តែ​ច្រើន ចម្ងាយ​ផ្លូវ​របស់​លោក​កាន់​តែ​ច្រើន។ លោក​សន្យា​ថា នឹង​យក​ទង់ជាតិ​ខ្មែរ បង្ហាញ​លើ​ទឹកដី​បរទេស ឱ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​បាន។

ម៉ូតូ​ប្រភេទណា ទើប​អាច​ធ្វើ​ដំណើរ​កម្សាន្ត​បែប​នេះ​បាន?

មនុស្ស​មួយ​ចំនួន​តែង​ថា ពេល​ជិះ​ម៉ូតូ​ខ្លាច​​ខូច​ម៉ូតូ តាម​ផ្លូវ​អី​ជា​ដើម? ចុះ​បង​យល់​យ៉ាងណា? លោក​ថា បើ​មាន​ការ​រៀប​ចំ​ត្រឹមត្រូវ នោះ​មិន​មាន​បញ្ហា​ទេ។

​​តើ​ដំណើរ​កម្សាន្ត​របស់​លោក Frost Zk បាន​ផ្ដល់​បវ្រយោជន៍​អ្វី​ខ្លះ​ដល់​ខ្លួន​លោក និង​សង្គម?

លោកបេសកកម្ម​មួយ​ឈ្មោះ​ថា "ម៉ូតូ និង​ធម្មជាតិ"។ គម្រោង​នេះ លោក​ចង់​ឱ្យ​​ក្មេងៗ​ជំនាន់​ក្រោយ​ យល់ដឹង​​​ស្រលាញ់ បរិស្ថាននិង​​ធម្មជាតិ។ ក្នង​វីដេអូប្លុក​របស់​លោក តែង​តែ​បង្កប់​សារ​អប់រំ អំពី​ការជួយ​ថែរក្សាសម្បត្តិធម្មជាតិ ​និង​បរិស្ថាន។ Frost Zk ចូល​ចិត្ត​ដើរ​លេង​កន្លែង​ធម្មជាតិ ព្រោះ​ធម្មជាតិ​បាន​បង្កើត​មនុស្ស ឱ្យ​មាន​អ្វីៗ​គ្រប់​យ៉ាង មិន​មែន​​មនុស្ស​មនុស្ស​​បង្កើត​ធម្មជាតិ​ឡើយ។

តើ​​ក្រុម​គ្រួសារ​យល់​យ៉ាងណា ពេល​លោក​ឈប់​ធ្វើ​ការ​ ហើយ​មក​ធ្វើ​ប្លុក​វិញ?

Frost Zk ដែល​បាន​ដុះ​ខាត់​ខ្លួន​ឯង កុំ​ឱ្យ​ស្រលាញ់​លុយ​ជា​ធំ និង​ជា​មនុស្ស​ចូល​ចិត្ត​រាប់​អាន​មនុស្ស គិត​តែ​លើ​មិត្តភាព បង្ហើប​ថា ក្រុម​គ្រួសារ​​ក៏​មាន​ការ​ឆ្ងល់​ដែរ ហេតុ​អ្វី​លោក​មាន​តំណែង​ធំ​ប៉ុណ្ណាប៉ុណ្ណី បែរ​ជា​ឈប់​ធ្វើ​ការ ប៉ុន្តែ​ក្រោយ​មកក្រុមគ្រួសារ​របស់​លោក ​ក៏​យល់​ជម្រៅចិត្ត​​ថា​លោក​ចង់​បាន​អ្វីឱ្យពិតប្រាកដ។

គួរ​បញ្ជាក់​ថាខែ​ក្រោយនេះ ក្រុម​ម៉ូតូ​របស់​លោក ហ្សាកូ (មាន​ម៉ូតូតូចៗម៉ាស៊ីន ១២៥សេសេ ដូចជា អាសង់អីជាដើម) នឹង​ចេញ​ដំណើរ​​ទៅ​លេង​ប្រទេស​ឡាវ៕

អានអត្ថបទផ្សេងទៀត

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី