ច័ន្ទរាជ្យ ស្ថាបនិក​ក្លឹប​ CTT សម្លឹង​ឃើញ​ក្បាច់គុនខ្មែរនឹងភ្លឺស្វាង​

  • 2018-11-02 23:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ហ៊ុន ច័ន្ទរាជ្យ បាន​វិល​ត្រឡប់​មក​ទឹក​ដី​កំណើត​វិញ​កាល​​ឆ្នាំ​២០១១ ដោយ​មាន​គោល​បំណង​ធំ​មួយ​គឺ​បង្កើត​ចលនា​ក្បាច់​គុន​ចម្រុះ​នៅ​​កម្ពុជា។ ៧​ឆ្នាំ​កន្លង​​ទៅ​នេះ​លោក​​ បាន​ខិត​ខំ​ប្រឹង​ប្រែង​ការ​កសាង​ទម្រង់​មួយ​ដែល​ជួយ​កីឡាករ​ខ្មែរ​ថ្មី​ៗ​ជា​ច្រើន​ឲ្យ​ចាប់​ផ្តើម​រះ​ឡើង​។

លោក ហ៊ុន ច័ន្ទរាជ

ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​​ក្លឹប​​កីឡា​ Cambodian Top Team និង​ជា​អគ្គលេខាធិការ​នៃ​សហព័ន្ធ​សិល្បៈ​យុទ្ធ​គុន​ចម្រុះ​ដែល​ទើប​​​បង្កើត​ជា​ផ្លូវ​ការ​កាល​ពី​ពេល​​ថ្មី​ៗ​នេះ​​ លោក​បាន​ផ្សា​ភ្ជាប់​ខ្លួន​ទៅ​ក្នុង​វិស័យ​ក្បាច់​គុន​ខ្មែរ​ដែល​ជា​មូលដ្ឋាន​ពោរ​ពេញ​ដោយ​អ្នក​មាន​សមត្ថភាព​ និង​ទេពសល្យ។កូន​សិស្ស​ជា​ច្រើន​​ដែល​ហ្វឹក​ហាត់​នៅ​ក្នុង​ក្លឹប​របស់​​លោក​​​ភាគ​ច្រើន​មាន​កិច្ច​សន្យា​ជា​មួយ​ស្ថាប័ន​ប្រដាល់​ពិភព​លោក​ ONE​ Championship។ ពួក​គេ​​ទទួល​បាន​ឱកាស​ឡើង​​ប្រកួត​លើ​សង្វៀន​ជុំ​វិញ​ពិភពលោក​ហើយ​បាន​យក​ជ័យជម្នះ​យ៉ាង​ក្រាស់​ក្រែល​មក​ឲ្យ​កម្ពុជា​វិញ​ធ្វើ​​ឲ្យ​​ពិភពលោក​អារម្មណ៍​​លើ​កម្ពុជា។

គ្រូ​ MMA រូប​នេះ​រំលឹក​ថា ៖«ពេល​ខ្ញុំ​មក​ទី​នេះ​ដំបូង​ ពួក​គេ​មិន​ស្គាល់​ថា​ ប្រដាល់​គុន​ចម្រុះ​ MMA​ ជា​អ្វី​នោះ​ទេ។ ពិត​ជា​ពិបាក​ណាស់​ពេល​ព្យាយាម​ប្រាប់​ពួក​គេ​ថា​ ក្បាច់​គុន​ចម្រុះ​គឺ​ជា​កីឡា​ ហើយ​វា​មិន​ដូច​ការ​វ៉ៃ​តប់​គ្នា​តាម​ដង​ផ្លូវ​នោះ​ទេ»។

«យើង​ខំ​ពន្យល់​ពួក​គេ​ និង​បាន​បង្រៀន​ពួកគេ​ពី​គុន​ចម្រុះ​ MMA​ ថា​ តាម​ពិត​វា​មាន​សុវត្ថិភាព​ជាង​កីឡា​ប្រដាល់​ធម្មតា​ ឬ​ការ​ប្រដាល់​គុន​ខ្មែរ​របស់​យើង​ទៅ​ទៀត។ និយាយ​ទៅ​ទម្រាំ​​ពួក​គាត់​យល់​ត្រូវ​ចំណាយ​ពេល​យូរ​ដែរ»។

បច្ចុប្បន្ន​ ច័ន្ទរាជ​ មើល​ឃើញ​អនាគត​ដ៏​ត្រចះត្រចង់​មួយ​សម្រាប់​កីឡាករ​នៅ​ក្នុង​តំបន់​ ហើយ​គិត​ថា​ពេល​វេលា​ដ៏​អស្ចារ្យ​បំផុត​នោះ​គឺ​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ។ លោក​ថា ៖ «អ្នក​ប្រដាល់​ជំនាន់​ក្រោយ​ ប្រហែល​ជា​គ្រាន់​បើ​ជាង​កីឡាករ​សព្វ​ថ្ងៃ​ ទោះ​ឥឡូវ​ពួក​គេ​នៅ​ក្មេង​។ ខ្ញុំ​ហៅ​ពួក​គេ​ថា​ កូន​ពូជ​អ្នក​ប្រដាល់​គុន​ចម្រុះ​។ នេះ​ហើយ​ជា​ហេតុ​ផល​ដែល​យើង​វិនិយោគ​ពេល​វេលា​ និង​លុយ​កាក់​នៅ​ពេល​បច្ចុប្បន្ន​ដើម្បី​កូន​ចៅ​ជំនាន់​ក្រោយ»។

កីឡាករ​ក្មេង​ៗ​ជំនាន់​ក្រោយ​មាន​ទេពកោសល្យ​ និង​លក្ខណៈ​សម្បត្តិ​ដែល​លោក​ ច័ន្ទរាជ​ ជឿ​ជាក់​ថា​ នឹង​ធ្វើ​ឲ្យ​ពួក​គេ​អាច​ឈាន​ជើង​ចូល​សង្វៀន​​អន្តជាតិ​ធំ​ៗ​បាន ប៉ុន្តែ​លោក​​ក៏​ចង់​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រាកដ​ថា​ លោក​​បើក​ផ្លូវ​សម្រាប់​គ្រប់​កីឡាករ​​ទទួល​បាន​ឱកាស។ ធ្វើ​​ជា​អ្នក​ដឹក​នាំ​ក្លឹប​ CTT​ សំខាន់​បំផុត​នោះ​គឺ​ត្រូវ​បើក​ចំហ​ផ្លូវ​ក៏​ដូច​ជា​ឱកាស​ផ្សេង​ៗ​ទៀត​ដល់​កីឡាករ​​ឲ្យ​បាន​គ្រប់​គ្នា។

លោក ហ៊ុន ច័ន្ទរាជ និងកូន​សិស្ស

លោក​ចែក​រំលែក​ពី​ប្រវត្តិ​សិស្ស​របស់​ខ្លួន​ថា ៖«ក្មេង​ៗ​ទាំង​នេះ​ចេញ​មក​ពី​គ្រួសារ​ក្រីក្រ​ ពួក​គេ​ស្រេក​ឃ្លាន​ណាស់ ពួក​គេ​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​ជួយ​ខ្លួន​ឯង​ និង​ក្រុម​គ្រួសារ។ ​ពួក​គេ​ចង់​​ឲ្យ​មាន​ជីវិត​ប្រសើរ​ជាង​នេះ។ យើង​ឲ្យ​ពួក​គេ​ចូល​សាលា​រៀន​ ផ្តល់​​ឱកាស​ និង​ជម្រើស​ផ្សេង​ៗ​នៅ​ក្នុង​ជីវិត។

ប្រសិន​បើ​ពេល​ពួក​គេ​ធំឡើង​មិន​ចង់​ធ្វើ​ជា​អ្នក​ប្រដាល់​ MMA​ ក៏​មិន​អី​ដែរ។ ការ​រៀន​សូត្រ​គឺ​ជា​ជម្រើស​ទី​១​របស់​ពួក​គេ។ ធ្វើ​ជា​អ្នក​ប្រដាល់​អាជីព​ ឬ ប្រដាល់​គុន​ចម្រុះ​ MMA​ គឺ​គ្រាន់​តែ​ក្នុង​ករណី​គាត់​រៀន​មិន​ចូល»។

អតីត​អ្នក​រស់​នៅ​ក្រុង​ញូវ​យ៉ក​ សហរដ្ឋអាមេរិក​រូប​នេះ​បាន​ចំណាយ​ពេល​វេលា​ក្នុង​ជីវិត​របស់​ខ្លួន​ដើម្បី​កសាង​គ្រួសារ​អ្នក​ប្រយុទ្ធ​ខ្មែរ​មួយ​ក្រុម ហើយ​ដែល​កំពុង​ត្រៀម​ខ្លួន​បង្ហាញ​សមត្ថភាព​លើ​ឆាក​ប្រដាល់​ក្បាច់​គុន។ បច្ចុប្បន្ន​នេះ​គាត់​បាន​ធ្វើ​ដំណើរ​ឆ្ងាយ​ៗ​ទៅ​ក្រៅ​ប្រទេស​ជា​មួយ​កីឡាករ​ប្រចាំ​ ONE Championship​ របស់​លោក ហើយ​ធ្វើ​ការ​ប្រកួត​ប្រជែង​លើ​សង្វៀន​ដ៏​ធំ​ៗ​ជា​ច្រើន​ដូច​ជា​ ONE: Kingdom of HEROES​ នៅ​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ​ជា​ដើម។

នា​ថ្ងៃ​សុក្រ​ ទី​៩ ខែ​វិច្ឆិកា​ ឆាប់​ៗ​នេះ​លោក​នឹង​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ទៀត​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​គេ​ស្គាល់​ថា​អ្វី​ជា​ព្រលឹង​ខ្មែរ។ មាស ម៉ើ​ ដែល​មាន​ប្រវត្តិ​ឈ្នះ​៥​ដង​ និង​ចាញ់​២​ដង​នឹង​ឈាន​ជើង​ចូល​សង្វៀន​ប្រដាល់​ក្នុង​ទ្រុង​នៅ​ប្រទេស​សិង្ហបុរី​ជា​មួយ​ Anthony​ Engelenដែល​ធ្លាប់​ឈ្នះ​៦​ដង​ ចាញ់​៤​ដង​ក្នុង​កម្មវិធី​ ONE: HEART OF THE LION។

មាស ម៉ើ (ឆ្វេង) និង ផាត សូដា (ស្តាំ)

លោក ច័ន្ទរាជ្យ សង្ឃឹម​ថា មិន​យូរ​មិន​ឆាប់​លទ្ធផល​ដែល​លោក​រំពឹង​ទុក​ពី​វិស័យ​កីឡា​ប្រដាល់​គុន​ចម្រុះ​នឹង​បាន​សម្រេច​ ហើយ​លោក​នឹង​រំភើប​ត្រេក​អរ​ជា​អនេក។ «កម្ពុជា​ពិត​ជា​អាច​ឡើង​​លើ​ឆាក​ពិភព​លោក​បាន។ ខ្ញុំ​ទស្សន៍ទាយ​ថា យើង​នឹង​លេច​ធ្លោ​ខ្លាំង​ក្នុង​រយៈ​ពេល​​១០​ឆ្នាំ​ខាង​មុខ​ទៀត»៕

លោក ហ៊ុន ច័ន្ទរាជ (កណ្តាល) ថៃ រិទ្ធី (ឆ្វេង) និង ផាត សូដា (ស្តាំ)

អត្ថបទ៖ ជាន ចាន់រ៉ា